កម្ពុជា-វៀតណាម ឯកភាព​គ្នា​បង្កើន​កិច្ច​សហការ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​លើ​កិច្ច​សហការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន។
ដោយ សុខ សេរី
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស ខេង និង​ង្វៀន ស្វីន ភុក ៣០៥
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ស្ដាំ) និង​ជា​ឧបនាយក​រដ្ឋមន្ត្រី ជួប​ពិភាក្សា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស្វីន ភុក (Nguyen Xuan Phuc) (ឆ្វេង) នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឯកភាព​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស្វីនភុក (Nguyen Xuan Phuc) ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ជំងឺ​អេដស៍ និង​ពេស្យាចារ នៅ​វៀតណាម លើ​បញ្ហា​ជា​ច្រើន​ចំណុច ក្នុង​នោះ​មាន​ការ​បង្កើន​សមត្ថភាព​របស់​នគរបាល​កម្ពុជា និង​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នក​វិនិយោគិន​វៀតណាម នៅ​ប្រទេស​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយ៍​ទោ ប៉ោ ភ័ក្រ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហការ​ជាមួយ​គ្នា ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន និង​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន៖ «មន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​កាន់​វៀតណាម នៅ​ក្នុង​អំឡុង​ខែ​១២ នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព នៃ​ការ​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល​វៀតណាម សម្រាប់​ផែនការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៣»

នៅ​មុន​ការ​ជួប​ពិភាក្សា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​លោក ង្វៀន ស្វីន ភុក ដែរ នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ភាគី​ទាំង​វៀតណាម និង​កម្ពុជា បាន​យល់​ព្រម​ថា​នឹង​បង្កើន​ទំនាក់​ទំនង​ជាមួយ​គ្នា ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត៖ «ជាពិសេស​លើ​ការ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​ជាដើម។ សម្ដេច​ក៏​បាន​លើក​ទឹក​ចិត្ត និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ពិភាក្សា និង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន»

លោក ង្វៀន ស្វីន ភុក ជា​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ជំងឺ​អេដស៍ និង​ពេស្យាចារ នៅ​វៀតណាម នោះ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពេល​នេះ និង​បាន​ឯកភាព​បន្ត​ប្រឆាំង​គ្រឿង​ញៀន គឺ​នៅ​គ្រា​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា បាន​ចាប់​ខ្លួន​ស្ត្រី​ថៃ​ចំនួន​៦​នាក់ និង​រឹបអូស​បាន​គ្រឿង​ញៀន​កូកាអ៊ីន (Cocain) ហេរ៉ូអ៊ីន (Heroin) និង​មេតំហ្វេតាម៉ីន (Methamphetamin) សរុប​ចំនួន​ជាង​៣០​គីឡូក្រាម នៅ​ខែ​សីហា ឆ្នាំ​២០១២ នៅ​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាំ​ចូល​មក​ពី​ប្រទេស​អេក្វាទ័រ (Ecuador)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អាន បាន សុខ

ពី តាកែវ

ខាងក្រៅថាប្រឆាំងតែខាងក្នុងវិញគេនាំគ្នារិះរកមធ្យោបាយ
ដើម្បីបង្កើនការរកស៊ីគ្រឿងញាននេះទៅវិញ។

Aug 16, 2012 05:38 PM