ខាងភាគីកម្ពុជាបានចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងកសិកម្មជាដើម។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសកម្ពុជា លោក កែ គឹមយ៉ាន និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ បានអះអាងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា កំពុងតែបន្តពង្រឹងវិធានការ ដើម្បីបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងដែនចូលក្នុងប្រទេសកម្ពុជា តាមជើងគោក ជើងអាកាស និងជើងទឹកជាដើម។
វិធានការម៉ឺងម៉ាត់នេះ គឺនៅគ្រាដែលមន្ត្រីនគរបាល នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន៦នាក់ ភាគច្រើនជាស្ត្រីថៃ នៅខែសីហា ឆ្នាំ២០១២ និងរឹបអូសបានគ្រឿងញៀនសរុបចំនួនជាង៣០គីឡូក្រាម ក្នុងនោះមាន កូកាអ៊ីន (Cocain) ហេរ៉ូអ៊ីន (Heroin) និងមេតំហ្វេតាម៉ីន (Methamphamin) ដែលបាននាំចូលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅមុនការបង្ក្រាបនេះ នគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនម្នាក់ និងរឹបអូសបានម្សៅសារធាតុផ្សំគ្រឿងញៀន និងសម្ភារៈផលិតគ្រឿងញៀនសរុបចំនួនជាង៣០តោន ដឹកតាមកប៉ាល់ចូលមកកំពង់ផែខេត្តព្រះសីហនុ កន្លងទៅនេះ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លោក កែ គឹមយ៉ាន បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯវិមានសន្តិភាពថា ក្រុមឧក្រិដ្ឋជនកំពុងតែព្យាយាមប្រើប្រាស់ប្រទេសកម្ពុជា ជាកន្លែងឆ្លងកាត់គ្រឿងញៀន ផលិតគ្រឿងញៀន និងចែកចាយគ្រឿងញៀន ប៉ុន្តែ សមត្ថកិច្ចកំពុងតែបន្តបង្ក្រាបដោយជោគជ័យ។
លោក កែ គឹមយ៉ាន៖ «ថ្មីៗនេះ តាមផ្លូវអាកាស គ្រឿងញៀននេះមិនមែនយកពីជិតទេ ឆ្ងាយណាស់ មកពីប្រទេសអេក្វាទ័រ តាមរយៈជនជាតិថៃ។ យើងដឹងហើយ កាសែតចុះផ្សាយអស់ហើយថា មកពីប្រេស៊ីលអី។ ប៉ុន្តែបំណងមិនមែនមកលក់នៅស្រុកយើងទេ ឆ្លងទៅកន្លែងផ្សេងទៀត អាចទៅថៃ ឬទៅណា អាហ្នឹងយើងមិនដឹងទេ។ ប៉ុន្តែអាហ្នឹងចាប់បាននៅយើង ហាក់ដូចជាមានការកើន បើប្រៀបធៀបនឹងបណ្ដាឆ្នាំ។ កូកាអ៊ីន មិនចាប់បានមិនសូវមានផង ទើបឥឡូវមានច្រើន។ គេថាកាលណាចំណេញច្រើន គេកាន់តែធ្វើច្រើនហើយ។ ប្រទេសខ្លះ គេប្រហារជីវិតផង វានៅតែហ៊ានយកឆ្លងកាត់ នៅស្រុកយើងគ្រាន់តែជាប់គុកមួយជីវិតទេ។ អីចឹងហើយ វាអាចថាក៏នៅជាគោលដៅមួយហៅថា វាគ្រាន់ជាងគេព្យួរកវាដែរ»។
ទាក់ទងនឹងការបង្ក្រាបការរត់ពន្ធគ្រឿងញៀនថ្មីៗនេះ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ បានមានប្រសាសន៍ថា លោកសុំឲ្យអាជ្ញាធរប្រឆាំងគ្រឿងញៀនបន្តការបង្ក្រាបខ្លាំងក្លាបែបនេះ៖ «សង្ឃឹមថា ទៅមុខនឹងអាចមានការថយចុះ បើសិនជាមានការសហការគ្នាដូចសព្វថ្ងៃនេះ»។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លោក កែ គឹមយ៉ាន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ បានជួបពិភាក្សាពិស្ដារជាមួយមន្ត្រីតំណាងការិយាល័យអង្គការសហប្រជាជាតិ គ្រប់គ្រងគ្រឿងញៀន លោក ហ្គារី ល្វីស (Gary Lewis) ដើម្បីរិះរកវិធានការប្រសិទ្ធភាពនានាប្រឆាំងគ្រឿងញៀន។
លោកបានមានប្រសាសន៍ថា គ្រឿងញៀនភាគច្រើនហូរចូលប្រទេសកម្ពុជា ពីតំបន់ត្រីកោណមាស ពីភាគខាងជើង នៃប្រទេសកម្ពុជា ពីប្រទេសឡាវ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងតែបង្កើនការត្រួតពិនិត្យសារធាតុផ្សំនានា ដែលអាចផលិតជាគ្រឿងញៀនបានចូលមកប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។