ក្រសួងការពារជាតិកម្ពុជា គ្រោងដកកងទ័ពដោយឯកតោភាគីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២។ គម្រោងនេះធ្វើឡើងនៅស្របពេលគម្រប់ខួប១ឆ្នាំ ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញដីកាបង្គាប់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ឲ្យភាគីកម្ពុជា និងថៃ ដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ននោះ។
ចំណែកភាគីថៃ រហូតមកដល់ពេលនេះពុំទាន់មានសេចក្តីរាយការណ៍ ឬការបញ្ជាក់ណាមួយថា ភាគីថៃនឹងអនុវត្តតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ដូចភាគីកម្ពុជានោះទេ។
លោក ហោ ណាំហុង បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១៣ ខែកក្កដា នៅឯវិមានសន្តិភាពថា ការដកកងទ័ពនោះ គឺជាសញ្ញាមួយបញ្ជាក់ថា កម្ពុជាមានសុឆន្ទៈអនុវត្តតាមដីកាបង្គាប់របស់តុលាការអន្តរជាតិ៖ «ជំហរកម្ពុជា គឺកងទ័ពយើងអាចដកបានក្នុង២៤ម៉ោង»។
លោកបានបញ្ជាក់ទៀតថា ការពន្យារពេលនៃការដកកងទ័ពកន្លងមក គឺដោយសារតែភាគីថៃយកលេសគ្រប់បែបយ៉ាង។
ទាក់ទងនឹងសំណុំរឿងនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ការដកកងទ័ពខាងមុខនេះ គឺនាំឲ្យកម្ពុជាចំណេញនយោបាយជាច្រើនលើឆាកអន្តរជាតិ ប៉ុន្តែថៃមិនអាចធ្វើដូចកម្ពុជាបានទេ៖ «ព្រោះថៃមិនមានឆន្ទៈនឹងដកទេ ហើយបើតាមខ្ញុំមើល ថៃបន្តការមិនដកហ្នឹង រហូតហួសសាលក្រមជាស្ថាពររបស់តុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចអំពីការបកស្រាយសេចក្តីសម្រេចរបស់តុលាការឆ្នាំ១៩៦២»។
ទន្ទឹមគ្នានេះដែរ លោក ហោ ណាំហុង ក៏បានបដិសេធចំពោះការចោទរបស់ភាគីថៃ ដែលថាកម្ពុជាបានបាញ់យន្តហោះថៃ កាលពីថ្ងៃទី១១ ខែកក្កដា នៅខេត្តសៀមរាប។
ករណីនេះ លោកបានមានប្រសាសន៍បញ្ជាក់ថា លោកមិនជឿថាកងទ័ពកម្ពុជាបានបាញ់យន្តហោះយោធាថៃ ឆ្លងកាត់តំបន់ព្រំដែនកម្ពុជា-ថៃ នោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិក្នុងការការពារបូរណភាពទឹកដី បើសិនណាមានយន្តហោះណាមួយ ចូលមករំលោភដែនអាកាសរបស់ប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ថា ក្រសួងការពារជាតិកម្ពុជាកំពុងតែធ្វើការស៊ើបអង្កេតស៊ីជម្រៅមួយ ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនោះ ហើយនឹងបញ្ចប់ជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។