អ្នកកាសែត៣នាក់ដែលតុលាការខែត្រកំពង់ចាមបានចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២៣ មិថុនា ដោយចោទពីបទជំរិតទារប្រាក់នោះត្រូវបានដើមចោទឲ្យដឹងថាបានដកពាក្យបណ្ដឹងចេញវិញហើយ តែតុលាការនៅតែបន្តការអនុវត្តតាមនីតិវិធីដដែល។
បុរសវ័យ៣២ឆ្នាំ កំពុងអានកាសែតនៅតូបលក់កាសែតមួយកន្លែងក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី ៧ ឧសភា ២០០៧។
អ្នកស្រី ថោ ស៊ីចាន់ អាយុ៥៧ឆ្នាំ ដែលបានប្ដឹងអ្នកកាសែត៣នាក់នោះឲ្យគេចាប់ដាក់គុកដោយទាមទារសំណងជំងឺចិត្តមួយគុណនឹងបួននៃតម្លៃជំរិតនោះ បានឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ មិថុនា ថាអ្នកស្រីបានដកពាក្យបណ្ដឹងវិញហើយ ដោយអ្នកស្រីអះអាងថាគ្មានប្រាក់ដើរក្ដី ហើយម៉្យាងអ្នកស្រីចង់ឲ្យអ្នកកាសែតទាំងនោះជួយរកស្ត្រីដែលបាត់ខ្លួននោះមកវិញផង។
អ្នកស្រី ថោ ស៊ីចាន់ បានឲ្យដឹងថា ៖ «ប្រាកដថាមិនប្ដឹងតទៅទៀត ព្រោះខ្ញុំគ្មានលុយដើរគិតកាត់ក្ដីហ្នឹងទេ។ ខ្ញុំដកពាក្យបណ្ដឹង គ្រាន់តែថា ចង់ឲ្យគាត់គ្រាន់តែជួយរក... ចឹក ផងចុះ»។
សូមជម្រាបថា អ្នកស្រី ថោ ស៊ីចាន់ ត្រូវបានអ្នកកាសែតទាំង៣នាក់នោះតាមជំរិតទារប្រាក់ចំនួន៦០០ដុល្លារជាថ្នូរទៅនឹងការមិនចុះផ្សាយរឿងអាស្រូវដែលចោទថា អ្នកស្រីបាននាំកូនអ្នកដទៃទៅជួញដូរនៅភ្នំពេញ។
ប៉ុន្តែទោះបីជាមានការដកហូតពាក្យបណ្ដឹងរបស់អ្នកស្រី ថោ ស៊ីចាន់ ហើយក៏ដោយ ក៏ព្រះរាជអាជ្ញាអមតុលាការខែត្រកំពង់ចាម គឺលោក ឃួន វុទ្ធី នៅតែអះអាងថានីតិវិធីនៅតែបន្ត ៖ «យើងកំពុងអង្កេត»។
លោក ជុំ កាណាល់ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា លោករួមទាំងគ្រួសារអ្នកកាសែតនោះបានធ្វើអន្តរាគមន៍សុំឲ្យមានការដោះលែងនៅក្រៅឃុំហើយ ប៉ុន្តែមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយទេ ហេតុនេះហើយលោក ជុំ កាណាល់ បានសុំឲ្យអ្នកសារព័ត៌មានដទៃទៀតធ្វើយ៉ាងណាគោរពនូវក្រមសីលធម៌របស់អ្នកសារព័ត៌មានដើម្បីចៀសវាងផុតពីគុកច្រវាក់។
លោក ជុំ កាណាល់ បានមានប្រសាសន៍ថា ៖ «អំពាវនាវដល់អ្នកសារព័ត៌មានដែរ សូមធ្វើយ៉ាងណាក៏ដោយគឺគោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហើយគោរពច្បាប់សារព័ត៌មាន កុំធ្វើអ្វីឲ្យប្រព្រឹត្តខុសលើតួនាទីរបស់ខ្លួនបណ្ដាលឲ្យមានបញ្ហាដូចអ្នកកាសែតប៉ុន្មានរូបជាប់គុកកន្លងមកនេះ»។
ការអំពាវនាវនេះបានកើតមានឡើងបន្ទាប់ពីអ្នកកាសែត៨នាក់ហើយដែលត្រូវបានគេចាប់ដាក់ពន្ធនាគារ គឺ៣នាក់នៅខែត្រកំពង់ចាមដែលជាប់ចោទពីបទជំរិតទារប្រាក់ ហើយអ្នកកាសែត៤នាក់ទៀតត្រូវបានគេចាប់ដាក់គុកនៅខែត្របាត់ដំបងពីបទប្លន់ តាំងពីខែឧសភាមកម៉្លេះ ឯអ្នកកាសែតម្នាក់ទៀតដែលទើបចាប់ខ្លួនកាលពីពេលថ្មីៗនេះ ដោយចោទពីបទសរសេរបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្ត្រី ហើយរាល់ការចាប់ខ្លួនទាំងនោះលោកសុទ្ធតែបានធ្វើអន្តរាគមន៍សុំឲ្យមានការដោះលែងនៅក្រៅឃុំ តែពុំទាន់មានករណីណាមួយយល់ព្រមនៅឡើយទេ៕
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន
អ្នកកាសែតខ្មែរមួយរូបទទួលពានរង្វាន់អន្តរជាតិ
ស៊ូរិយ៉ា ស៊ូប៊េឌី៖ សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាកំពុងធ្លាក់ចុះ
អាជ្ញាធរខែត្រឧត្ដរមានជ័យផ្អាកកម្មវិធីវិទ្យុនៃបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
អ្នកកាសែតប្រយ័ត្នប្រយែងក្នុងការសរសេរព័ត៌មានទាក់ទងនឹងមន្ត្រីជាន់ខ្ពស់