អ្នក​ស្រុក​នៅ​ស្វាយរៀង​បារម្ភ​ពី​គោ​ក្របី​ឈឺ

ប្រភព​ពី​មន្ត្រី​បសុពេទ្យ​នៅ​ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា គោ​ក្របី​អ្នក​ស្រុក​ជា​ច្រើន​រយ​ក្បាល​ក្នុង​ស្រុក​ចំនួន​៦ ក្នុង​ខេត្ត​ស្វាយរៀង កំពុង​តែ​ប្រឈម​មុខ​នឹង​ជំងឺ​អុតក្តាម និង​ជំងឺ​សា​ទឹក។
ដោយ គឹម ពៅ
2010.12.30
កសិករ កណ្ដាល ៣០៥ ៣-សីហា-២០១០: កសិករ​ភ្ជួរ​ស្រែ នៅ​ក្នុង​ស្រុក​អង្គស្នួល ខែត្រ​កណ្ដាល។ គោ​គឺ​ជា​មធ្យោបាយ​អូស​ទាញ​សម្រាប់​ប្រជា​កសិករ​ខ្មែរ​មួយ​ចំនួន​ធំ ដែល​ប្រកប​របរ​កសិកម្ម។
RFA/Vohar Cheath

អនុ​ប្រធាន​មន្ទីរ​បសុពេទ្យ​ខេត្ត​ស្វាយរៀង លោក ប៉ែន ចាន់ឌី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ថា យ៉ាង​ហោច​ណាស់​មាន​គោ​ក្របី​អ្នក​ស្រុក​ប្រហែល ៣០០​ក្បាល ទៅ ៥០០​ក្បាល​ក្នុង​មួយ​ឃុំៗ​បាន​ទទួល​រង​នូវ​ជំងឺ​នេះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​ដឹង​សរុប​ចំនួន​គោ​ក្របី​ដែល​បាន​ស្លាប់​នោះ​នៅ​ឡើយ។

លោក ប៉ែន ចាន់ឌី បាន​បន្ថែម​ទៀត​ថា ក្រុម​បសុពេទ្យ​កំពុង​ចុះ​យុទ្ធនាការ​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន និង​ផ្សព្វផ្សាយ​ការ​ការពារ និង​ថែ​រក្សា​សត្វ ៖ «ឥឡូវ​ខាង​ខ្ញុំ​កំពុង​ចុះ​យុទ្ធនាការ​ចែក​មេតាឡែន ហើយ​និង​វិធីសាស្ត្រ​សម្រាប់​ការពារ ហើយ​និង​ឲ្យ​ពួកគាត់​យក​ជាតិ​ចត់ ហើយ​និង​ជាតិ​ជូរ​លាប ដោយសារ​កសិករ​មួយ​ចំនួន​គាត់​មិន​ទាន់​ដឹង​យល់ ហើយ​មួយ​ទៀត គាត់​ច្រើន​ច្រក ហាម​មិន​ឲ្យ​គាត់​ច្រក​ទ ដូច​ជា​របស់​ក្តៅៗ ធ្វើ​ឲ្យ​សត្វ​ងាប់»

នៅ​ក្នុង​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក និង​ស្រុក​ស្វាយទាប មាន​គោ​ក្របី​ស្លាប់ និង​ឈឺ​ច្រើន​ជាង​គេ​ក្នុង​បណ្ដា​ស្រុក​ឯ​ទៀតៗ​នៃ​ខេត្ត​ស្វាយរៀង។

ស្ត្រី​កសិករ​ឈ្មោះ វិន សុណ្ណនី រស់​នៅ​ភូមិ​អង្គកប្បាស ឃុំ​គោកព្រីង ស្រុក​ស្វាយជ្រំ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​គោ​ក្របី​ស្លាប់​ចំនួន ២០​ក្បាល​យ៉ាង​តិច ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​កាត់​មុខ​ផ្ទះ​អ្នកស្រី​ជា​រៀង​រាល់​ថ្ងៃ ៖ «ខាង​ភូមិ​ខ្ញុំ​ងាប់​ដឹក​ចេញ​រាល់​ថ្ងៃ។ ខ្ញុំ​មិន​ដឹង​ចេញ​ប៉ុន្មាន​ក្បាល​ទេ ផ្ទះ​ខ្ញុំ​នៅ​មាត់​ផ្លូវ ខ្ញុំ​ឃើញ​ដឹក​រាល់​ថ្ងៃ តិច​ណាស់ ២០​ក្បាល គោ​ងាប់​ដឹក​តាម​ផ្លូវ រលួយ​មាត់​អ៊ីចឹង ដឹក​តាម​ផ្លូវ ជំងឺ​អុតក្ដាម។ គោ​ខ្ញុំ​មិន​ទាន់​ងាប់​ទេ តែ​គោ​បង​ស្រី​ខ្ញុំ​ល្ងាចមិញ​ងាប់​មួយ។ កសិករ​នៅ​ស្រុក​ស្រែ​បើ​គោ​ងាប់​ហើយ មាន​កម្លាំង​ឯ​ណា​ដើម្បី​អូស​ទាញ»

ស្ត្រី​កសិករ​ម្នាក់​ទៀត​ឈ្មោះ ឡុង ស៊ីនឿន នៅ​ក្នុង​ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ​ដដែល​បន្ថែម ៖ «ចង់​ឲ្យ​ក្រុម​ការងារ​ចុះ​ជួយ វា​កំពុង​តែ​ឈឺ​គ្រប់ៗ​គ្នា ម្នាក់​ភ័យ​រក​ព្រះ​អាយូស ហើយ​គោ​វា​នៅ​រស់​មែន ប៉ុន្តែ​វា​នៅ​តែ​ស្បែក ហើយ​ឆ្អឹង»

មក​ដល់​ពេល​នព ប្រភព​ពី​អ្នក​ភូមិ​អះអាង​ថា គេ​នៅ​មិន​ទាន់​ឃើញ​មាន​ក្រុម​បសុពេទ្យ​មក​ដល់​ភូមិ​របស់​ពួកគេ​នៅ​ឡើយ​ទេ នៅ​ក្នុង​ឃុំ​គោកព្រីង ឃុំ​កណ្ដាល និង​នៅ​ក្នុង​ឃុំ​អង្គតាសូ បើ​ទោះ​បី​ជា​មាន​ការ​អះអាង​អំពី​ការ​ចុះ​យុទ្ធនាការ​ចែក​ថ្នាំ​ដល់​អ្នក​ភូមិ​ក៏ដោយ។

មេ​ភូមិ​គោកព្រីង ថ្លែង​ថា ប្រជាជន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ព្រួយ​បារម្ភ​ខ្លាំង នៅ​គ្រា​ដែល​គោ​ក្របី​ដែល​ជា​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​បំផុត​ប្រចាំ​គ្រួសារ​កសិករ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ដូច្នេះ ដោយ​មិន​ទាន់​មាន​ជំនួយ ៖ «គាត់​កំពុង​តែ​ពិបាក​ចិត្ត សង្ឃឹម​គោ ហើយ​គោ​ខូចខាត​មួយ​ចំនួន​ទៅ​ហើយ»

ជំងឺ​សា​ទឹក និង​ជំងឺ​អុតក្ដាម គឺ​ជា​ជំងឺ​ឆ្លង​នៅ​លើ​សត្វ​គោ។ គោ​ក្របី​ដែល​មាន​ជំងឺ​នេះ មាន​អាការៈ​ដំបៅ​មាត់ ដំបៅ​ក្រចក មិន​ស៊ី​ស្មៅ មិន​ផឹក​ទឹក និង​ហៀរ​ទឹក​មាត់។ មន្ត្រី​បសុពេទ្យ​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ចិញ្ចឹម​គោ​លែង​ចោល និង​ថែ​រក្សា​អនាម័យ​គោ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ជៀសវាង​ជំងឺ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។