នៅក្នុងវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ប្រជាពលរដ្ឋប្រមាណ ៤រយនាក់ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសក្រុមហ៊ុនដោះស្រាយវិបត្តិដីធ្លីនេះជាបន្ទាន់។
ប្រជាពលរដ្ឋប្រមាណ ៥០នាក់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ក្នុងរឿងដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា លី យ៉ុងផាត់ បានជំរុញឲ្យគណបក្សនយោបាយ និងអាជ្ញាធរដែនដីចូលរួមដោះស្រាយវិបត្តិដីធ្លីដ៏រ៉ាំរ៉ៃមួយនេះឲ្យបានឆាប់រហ័ស។
ថ្លែងនៅក្នុងវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្ដីពីកំណែទម្រង់ដីធ្លីនៅថ្ងៃទី៣១ ឧសភា ក្នុងវត្តត្រពាំងព្នៅ លោក លី ឡៅ ពលរដ្ឋរស់នៅភូមិច្រកឫស្សី ថ្លែងថា ដោយសារតែការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ភ្នំពេញ សូហ្គ័រ មានពលរដ្ឋមួយចំនួនកំពុងជាប់បណ្ដឹងនៅតុលាការហើយបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅជារៀងរាល់ថ្ងៃ។
លោក លី ឡៅ៖ «ដីកាកោះហៅខ្ញុំ ថាខ្ញុំនៅលើអចលនវត្ថុរបស់គេ ថារំលោភលើដីធ្លីរបស់គេទៅវិញ។ ខ្ញុំភ្ញាក់ខ្លួនព្រើត ចុះរដ្ឋាភិបាលបានកាត់ដីឲ្យខ្ញុំ ២រយម៉ែត្រ ម៉េចបានទៅប្រែអញ្ចឹងវិញ? បើអញ្ចឹងទេ ខ្ញុំសំណូមពរដល់តំណាងរាស្ត្រជួយធ្វើអន្តរាគមន៍ឲ្យពួកខ្ញុំ ឲ្យបានរស់នៅមានសុភមង្គលតទៅទៀតផង។ សំណូមពរថា បញ្ចប់ការកោះហៅទៅតុលាការ ព្រោះអីខ្ញុំទៅតុលាការម្ដងៗ គឺលក់មេមាន់ក៏មាន លក់ស្រូវក៏មាន ដើម្បីជួលឡាន ជួលម៉ូតូជិះទៅគោរពតាមច្បាប់វិន័យ ខ្លាចអត់ទៅ គេថាវាសគេច»។
ពលរដ្ឋ ៤៣នាក់ កំពុងជាប់បណ្ដឹងនៅតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បទរំលោភអចលនវត្ថុរបស់អ្នកដទៃ បទញុះញង់ បទឃុំខ្លួនមនុស្សដោយខុសច្បាប់ និងបទបង្កអគ្គិភ័យ បន្ទាប់ពីពួកគេបាននាំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមិនឲ្យឈូសឆាយដី ហើយបិទផ្លូវក្រុមហ៊ុនផលិតស្ករអំពៅរបស់ លោក លី យ៉ុងផាត់ ឲ្យដោះដូរដីជូនពួកគាត់កាលពីឆ្នាំ២០១០។
នៅក្នុងវេទិកាដដែល ពលរដ្ឋថ្លែងថា ក្រុមហ៊ុនបានរំលោភយកដីធ្លីរបស់ពួកគាត់ដែលខំបង្កបង្កើនផលជាច្រើនឆ្នាំមកហើយ៖ «ខ្ញុំសុំក្រុមហ៊ុនឈប់យកដីទៀត ព្រោះប្រជាពលរដ្ឋខ្ញុំហូបបាយ ក្រុមហ៊ុនហូបអំពៅ ប្រជាពលរដ្ឋខ្ញុំមិនធ្វើដីទួលកើតទេ ខ្ញុំចង់បានតែដីស្រែទេ។ ទុកផ្លូវឲ្យប្រជាពលរដ្ឋផង។ លោកបក្សទាំងអស់នេះ លោកដែលជាប់ឆ្នោត គឺឪម៉ែខ្ញុំណា...បើមិនកើតទេ ខ្ញុំធ្វើវិញ។ គេយកតែដីព្រៃ សម្រាប់ខ្ញុំយកស្រែ ទើបយកឆ្នាំទៅមិញនេះ ហើយខ្ញុំទៅតវ៉ាបន្តិចបន្តួចទាញខ្នោះមក សុទ្ធតែអត់មានសិទ្ធិទេ។ ខ្ញុំឈឺចាប់ណាស់»។
អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា ភាគីក្រុមហ៊ុនពុំមានចេតនាក្នុងការដោះស្រាយបញ្ហាដីធ្លីនៅតំបន់អមលាំងនេះទេ។ លោកថា សូម្បីតែវេទិកានេះ ក៏ក្រុមហ៊ុនមិនបានចូលរួមដែរ។
លោក អ៊ូច ឡេង៖ «ភាគីក្រុមហ៊ុនគឃ្លើន មិនចូលរួមនៅក្នុងការដោះស្រាយ សូម្បីតែអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ក៏គាត់គ្មានសមត្ថភាពអញ្ជើញក្រុមហ៊ុនមកដោះស្រាយដែរ។ ការដោះស្រាយរបស់គាត់កន្លងមក តាមលក្ខណៈស៊ីសុះ លក្ខណៈសម្ងាត់ម្ដងមួយគ្រួសារៗ តែប៉ុណ្ណោះ។ ហើយអ្នកណាមិនព្រមសំណងបន្តិចបន្តួច អ្នកនោះនឹងត្រូវបានជាប់ពន្ធនាគារ ឬក៏ទទួលរងនូវការចោទប្រកាន់ ឬក៏បង្ខំឲ្យគាត់រស់នៅតាមជើងភ្នំពីស ដែលមិនមានអ្វីរៀបចំទាំងអស់។ សូមឲ្យនាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាលទាំងមូលពិចារណាអំពីក្រុមហ៊ុន លី យ៉ុងផាត់ ឬក៏ក្រុមហ៊ុនខិលខូចដទៃទៀត នៅក្នុងតំបន់អមលាំងនេះ»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកំពង់ស្ពឺ លោក ប៉ែន សំបូរ មានប្រសាសន៍ថា អាជ្ញាធរបានព្យាយាមដោះស្រាយបញ្ហាឈរនៅលើច្បាប់ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក ប៉ែន សំបូរ៖ «ក្នុង ស.ជ.ណ លេខ ១៧៤ ១៧៥ ត្រង់ចំណុចចុងក្រោយនេះ យើងកាត់ចេញនូវផ្ទៃដីដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ហើយធ្វើការសម្របសម្រួល ដោយមានក្រុមការងារ ដើម្បីចុះមកពិនិត្យរួមគ្នាដោះស្រាយនូវដីដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់នេះ»។
អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស លោក អ៊ូ ច័ន្ទឬទ្ធិ ថ្លែងថា ទំនាស់ដីធ្លីបច្ចុប្បន្នបានកើតឡើងជាប្រព័ន្ធ ដោយសារតែការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន មានអំពើពុករលួយ។
លោក អ៊ូ ច័ន្ទឬទ្ធិ៖ «បាទ! ខ្ញុំឃើញថា បច្ចុប្បន្ននេះការផ្ដល់ដីសម្បទាន ដែលរដ្ឋាភិបាលបានធ្វើនេះ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ អ្នកដែលបានប្រយោជន៍គឺមន្ត្រីខិលខូច ហើយនិងក្រុមហ៊ុននេះ។ ដោះស្រាយបញ្ហានេះ ផ្លាស់ប្ដូរអ្នកដឹកនាំបច្ចុប្បន្ននេះ ហើយដូរគោលនយោបាយផ្ដល់ដីសម្បទាន ហើយបំបាត់អំពើពុករលួយ»។
រដ្ឋាភិបាលកាលពីដើមឆ្នាំ២០១០ បានផ្ដល់ដីសម្បទានជាង ៨ពាន់ហិកតារ ទៅឲ្យក្រុមហ៊ុនភ្នំពេញ សូហ្គ័រ របស់លោក លី យ៉ុងផាត់ ដាំដើមអំពៅបង្កើតក្រុមហ៊ុនផលិតស្ករស។ ការផ្ដល់ដីសម្បទាននេះ បានធ្វើឲ្យប៉ះពាល់ដីពលរដ្ឋនៅឃុំអមលាំង ជិត ២ពាន់ហិកតារ ពាក់ព័ន្ធប្រជាពលរដ្ឋ ជាង ១ពាន់គ្រួសារ។
លោក នុត រំដួល សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អះអាងថា លោកនឹងដាក់លិខិតមួយទៅព្រឹទ្ធសភា ដើម្បីស្វែងរកដំណោះស្រាយករណីនេះ៖ «ពាក់ព័ន្ធពីលើមក មានការជួយគាំពារ ពីថ្នាក់ដឹកនាំខាងលើ ហើយបានជាសោះអង្គើយហ្នឹង បើថាថ្នាក់ជាតិគេផ្ដល់ព័ត៌មានមកថាឲ្យធ្វើអញ្ចេះធ្វើអញ្ចុះ ជួយដោះស្រាយឲ្យប្រជាពលរដ្ឋ ប្រគល់ដីស្រែឲ្យប្រជាពលរដ្ឋវិញ ឬក៏ឲ្យតម្លៃសមរម្យទៅឲ្យប្រជាពលរដ្ឋវិញ ចប់ហើយ។ ប៉ុន្តែរដ្ឋាភិបាលមិនយកចិត្តទុកដាក់ មិនអើពើ ទំនាក់ទំនងតែជាមួយក្រុមហ៊ុន ស៊ុមគ្រលុំគ្នារហូត។ អាហ្នឹងហើយដែលជាផលវិបាកមួយដែលប្រជាពលរដ្ឋអត់បានទទួលផលអីទាំងអស់»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា គេនឹងលើកយកសំណូមពររបស់ពលរដ្ឋនៅក្នុងវេទិកានេះ ដាក់ទៅស្ថាប័នពាក់ព័ន្ធ ដែលមាន រដ្ឋសភា ព្រឹទ្ធសភា និងទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។