ខ្លឹមសារក្នុងលិខិតបានហៅករណីនេះថា ជាការរើសអើងសមត្ថភាពស្ត្រីក្នុងការបំពេញការងារជាអ្នកដឹកនាំមួយរូបនៅថ្នាក់មូលដ្ឋាន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង អន្តរាគមន៍អោយមានការស៊ើបអង្កេតករណីដកតំណែងមេភូមិថ្មគោល អ្នកស្រី សឺន សាវឿន បន្ទាប់ពីបានរកឃើញថា អាចជាករណីរើសអើងការងារស្ត្រី។
លិខិតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីថ្ងៃទី៧ ខែវិច្ឆិកា អោយដឹងថា ការដកតំណែងអ្នកស្រីមេភូមិ សឺន សាវឿន បានកើតឡើងនៅក្រោយពេលដែលអ្នកស្រីបានបដិសេធក្នុងការជួយបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានរបស់ពួកគេ ដែលនៅក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិថ្មគោល។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ថា ប្រសិនបើរកឃើញថាអ្នកស្រី សឺន សាវឿន ដែលជាមេភូមិមកពីគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តកំហុសនោះ ការដកតំណែងគាត់ គឺជាការត្រឹមត្រូវ។ ប៉ុន្តែ បើពុំដូច្នោះទេ វាគឺជាការបំពានសិទ្ធិសេរីភាពក្នុងការងាររបស់គាត់ និងធ្វើអោយប៉ះពាល់ដល់ការបង្កើនចំនួនស្ត្រីក្នុងវិស័យនយោបាយ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ នៅរសៀលថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា។
ចៅសង្កាត់ចោមចៅ លោក សុទ្ធ សាធ មានប្រសាសន៍ថា ពុំមានការដកតំណែងអ្នកស្រី សឺន សាវឿន នោះឡើយ គឺគ្រាន់តែផ្លាស់ប្ដូរអោយអ្នកស្រីបានសិក្សាបន្ថែម និងត្រូវទៅបំពេញកិច្ចការផ្សេងទៀត។ លោក សុទ្ធ សាធ បន្តថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានសិទ្ធិដាក់សំណើបែបនេះ លោកពុំអធិប្បាយទេ។ ប៉ុន្តែ ទាក់ទិននឹងការងាររបស់មេភូមិ គឺជាសេចក្ដីសម្រេចផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់។
លិខិតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា អ្នកស្រី សឺន សាវឿន ត្រូវដកតំណែងជាមេភូមិថ្មគោល កាលពីថ្ងៃទី១៥ ខែតុលា។ មូលហេតុចម្បង គឺអាចទាក់ទិននឹងការបដិសេធក្នុងការបណ្ដេញពលរដ្ឋចេញពីតំបន់ដែលរដ្ឋាភិបាលបានប្រកាសជាតំបន់ទ្រនាប់សន្តិសុខសុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។