ខ្មែរ​អ៊ិស្លាម​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​សុំ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ជួយ​រក​យុត្តិធម៌

2009-10-08

ខ្មែរ​អ៊ិស្លាម​ជា​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ប្រជុំ​គ្នាពីរ​ថ្ងៃ គឺ​ទី​៧​និង​៨ តុលា នៅ​ខេត្ត​កំពត សុំ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ជាតិ​និង​អន្តរជាតិ ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​គាត់​ដែល​នៅ​រស់ និង​អ្នក​ស្លាប់​ដោយ​អំពើ​ឧក្រិដ្ឋកម្ម ប្រកាន់​ពូជ​សាសន៍ និង​បំបាត់​សាសនា។

RFA/Ouk Savborey

០៧-តុលា-០៩: ខ្មែរ​អ៊ិស្លាម​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពត សុំ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ជួយ​រក​យុត្តិធម៌។

ក្រុម​ខ្មែរ​អ៊ិស្លាម​ជាង​១០០​នាក់ មក​ពី​ខេត្ត​ព្រះសីហនុ កោះកុង និង​ខេត្ត​កំពត ដែល​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី នៅ​ក្នុង​សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម សុំ​ឲ្យ​មេធាវី​ជាតិ​និង​អន្តរជាតិ ជួយ​ចោទ​សួរ​ឲ្យ​អស់​សេចក្តី​ទៅ​តុលាការ​ខ្មែរ​ក្រហម ដើម្បី​រក​យុត្តិធម៌​ដល់​ខ្មែរ​អ៊ិស្លាម​ដែល​បាន​រង​គ្រោះ​ពី​ឧក្រិដ្ឋកម្ម​បំផ្លាញ​ជាតិ​សាសន៍ និង​បំផ្លាញ​សាសនា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សំណួរ​ជា​ច្រើន​ពី​ក្រុម​ខ្មែរ​អ៊ិស្លាម បាន​សាក​សួរ​ទៅ​កាន់​លោក ឡោ ជុនធី មេធាវី​ជាតិ​និង​លោក អូលីវីយ័រ បាហ៊ូញន៍ (Olivier Bahougne) មេធាវី​អន្តរជាតិ បន្ទាប់​ពី​ក្រុម​មេធាវី​នោះ បាន​បង្ហាញ​ពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ នីតិវិធី តួនាទី​របស់​អង្គភាព​ផ្សេងៗ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ និង​ការ​កំណត់​អំពី​បទ​ឧក្រិដ្ឋ​តាម​ផ្លូវ​ច្បាប់​រួច​មក។

ខ្មែរ​អ៊ិស្លាម​មក​ពី​ខេត្ត​ព្រះស៊ីហនុ ឈ្មោះ បួង រីម សួរ​ថា ៖ «បំផ្លាញ​វិហារ​ខ្ញុំ វិហារ​ខ្ញុំ​សង់​ជិត​ហើយៗ វា​វ៉ៃ​បំផ្លាញ​យក​ដែក​ធ្វើ​ទ្វារ​ទឹក​អស់​រលីង អត់​នៅ​សល់​ទេ»

ស្ត្រី​ខ្មែរ​អ៊ិស្លាម​មក​ពី​ខេត្ត​កំពត ឈ្មោះ អែល យ៉ាំ បន្ត​ថា ៖ «ឧទាហរណ៍​ថា មេ​ខ្មែរ​ក្រហម​មាន​ចាប់​បួន​ប្រាំ​រូប ប៉ុន្តែ​ខ្លាច​មាន​សេស​សល់​កន្លែង​ណា​ទៀត តើ​មាន​ទៀត​ឬ​ក៏​អត់? ខ្ញុំ​សូម​ឆ្ងល់​ប៉ុណ្ណឹង»

បុរស​ខ្មែរ​អ៊ិសស្លាម​មក​ពី​ខេត្ត​កោះកុង ថ្លែង​ថា ៖ «ឆ្ងល់​ហេតុ​អី​មិន​កាត់​មេ​ដឹក​នាំ​មុន មក​កាត់ ឌុច ក្រោម​បញ្ជា​អ្នក​ទាំង​ប៉ុន្មាន​នាក់​នោះ​វិញ?»

ចំពោះ​សំណួរ​ទាំង​នេះ លោក​មេធាវី ឡោ ជុងធី និង​លោក​មេធាវី​អន្តរជាតិ អូលីវីយ័រ បាហ៊ូញន៍ បាន​ឆ្លើយ​តប​យ៉ាង​ដូច្នេះ ៖ «បន្ថែម​រឿង​កូន​របស់ ឌុច តាម​ច្បាប់ ផ្អែក​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ គឺ​កាត់​ទោស​តែ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ទេ អ៊ីចឹង​កូន​ចៅ​មិន​អាច​បន្ទោស​គាត់​បាន​ទេ។ រឿង​គាត់​ចូល​ធ្វើការ គាត់​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដូច​ជា​យើង​ដែរ។ វា​ជា​ការ​ពិបាក​ណាស់​នៅ​ក្នុង​ការ​រក​ឃើញ​មូលហេតុ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​សម្រាប់​មនុស្ស​ប៉ុន្មាន​នាក់​នេះ ព្រោះ​ថា វា​អាច​ចេញ​ឡើង​ពី​មនុស្ស​តែ​ម្នាក់​ក៏​អាច​ថា​បាន​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​គាត់​ប្រើ​សិទ្ធិ​របស់​គាត់​មួយ គឺ​ថា​មាន​សិទ្ធិ​មិន​និយាយ»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឡាត់ គី បាន​អះអាង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​សមាគម​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ក្រុម​ជន​រង​គ្រោះ​ខ្មែរ​អ៊ិស្លាម​ក្រោម​របប​ខ្មែរ​ក្រហម ជាមួយ​មេធាវី​ជាតិ​និង​អន្តរជាតិ។

ក្រុម​មេធាវី​ជាតិ​និង​អន្តរជាតិ បាន​ជំរុញ​ឲ្យ​ជន​រង​គ្រោះ និង​កូន​ចៅ​ជន​រង​គ្រោះ​គ្រប់​ជន​ជាតិ​ដែល​នៅ​រស់ ហើយ​មាន​បង​ប្អូន​រង​នូវ​អំពើ​ឧក្រិដ្ឋ​លើ​ទឹក​ដី​កម្ពុជា ក្នុង​របប​ខ្មែរ​ក្រហម នាំ​គ្នា​ផុលផុស​ដាក់​ពាក្ប​បណ្តឹង​ឲ្យ​បាន​ច្រើន នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២ ព្រោះ​ការ​កាត់​ក្តី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នេះ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា។

សូម​ជម្រាប​ថា ក្នុង​សំណុំ​រឿង​លេខ​០០២​នេះ មាន​ជន​ជាប់​ចោទ​៤​រូប គឺ​លោក នួន ជា, ខៀវ សំផន, អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​៦ មករា ឆ្នាំ​១៩៧៩៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ