មេ​ដឹកនាំ​ជនជាតិ​ចាម​នៅ​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ប្រទេស​ថៃ

មេ​ដឹកនាំ​ជន​ជាតិ​ចាម​នៅ​កម្ពុជា បាន​បកស្រាយ​នូវ​ការ​សង្ស័យ​អំពី​ការ​រស់នៅ​របស់​ជន​ជាតិ​ចាម​នៅ​កម្ពុជា ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី នោះ​ថា ពួក​គេ​គ្មាន​បំណង​អាក្រក់​ណា​មួយ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ឬ​បង្ក​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​ថៃ នោះ​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2012-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​អះអាង​នេះ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ប្រទេស​ថៃ ថា ជន​ជាតិ​ចាម​ចូល​ទៅ​ប្រទេស​ថៃ អាច​បង្ក​អសន្តិសុខ និង​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​ឥស្លាម​ភាគ​ខាង​ត្បូង​ថៃ។

មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ សីហា ថា ជន​ជាតិ​ចាម​នៅ​កម្ពុជា បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ នោះ ពួក​គេ​ទៅ​រក​ការងារ​ធ្វើ ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទេ ពុំ​មែន​ពួក​គេ​មាន​គោល​បំណង​អាក្រក់​ណា​មួយ​នោះ​ឡើយ។

ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​ថា ជន​ជាតិ​ចាម​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នោះ ជា​ការ​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​ទី​បី គឺ​ម៉ាឡេស៊ី ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីនោះ។ ដោយ​ឡែក​អ្នក​ទៅ​នៅ​ប្រទេស​ថៃ មួយ​ចំនួន​ទៀត ក៏​ដូច​គ្នា​ដែរ ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ថៃ គឺ​ពុំ​ទាក់ទង​អ្វី​ជាមួយ​ក្រុម​ឥស្លាម​ថៃ ភាគ​ខាង​ត្បូង​នោះ​ឡើយ។

ការ​ថ្លែង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​វិហារ​ធំ គីឡូម៉ែត្រ​លេខ​៩ នៅ​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២។

ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​បន្ទាប់​ពី​កាសែត​បាងកក​ប៉ុស្តិ៍​ថៃ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២០ សីហា កន្លង​ទៅ ដោយ​ស្រង់​សម្ដី​ឧបនាយក​រដ្ឋមន្ត្រី លោក យុតថាសាក់ សាស៊ីប្រាផា (Yutthasak Sasiprapa) បាន​ស្នើ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​កម្ពុជា​ឃ្លាំ​មើល​ជន​ជាតិ​ចាម​នៅ​កម្ពុជា ដែល​ចូល​ទៅ​ប្រទេស​ថៃ ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​១ពាន់​នាក់។

ក្រៅ​ពី​ឲ្យ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​កម្ពុជា​ឃ្លាំ​មើល​ជន​ជាតិ​ចាម​នោះ លោក យុតថាសាក់ សាស៊ីប្រាផា ក៏​បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ព័ត៌មាន​អំពី​បញ្ហា​នេះ ទៅ​ថៃ​វិញ​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ នេះ។ លោក ខៀវ សុភ័គ បាន​ពន្យល់​ថា ជន​ជាតិ​ចាម​ចូល​ទៅ​ប្រទេស​ថៃ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​១០នាក់​ទេ។ លោក​អះអាង​ថា ជន​ជាតិ​ចាម​នៅ​កម្ពុជា ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ ហើយ​ពួក​គាត់​ចេញ​ទៅ​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី នោះ ចេញ​ទៅ​ស្រប​ច្បាប់​ដូច​ពលរដ្ឋ​ទូទៅ​ទៀត​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក​ឧកញ៉ា សុះ កំរី ចាត់​ទុក​ការ​ឲ្យ​ឃ្លាំ​មើល​ជន​ជាតិ​ចាម​នៅ​កម្ពុជា​របស់​ថៃ​នោះ ជា​ការ​រើសអើង​មក​លើ​ជន​ជាតិ​ចាម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ថៃ​មិន​ទុក​ចិត្ត​ជន​ជាតិ​ចាម ឬ​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា ហើយ​ប្រកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឃ្លាំ​មើល​ជន​ជាតិ​ចាម​នេះ មិន​មែន​ជា​លើក​ទី១​ទេ កន្លង​មក​ក៏​មាន​ករណី​នេះ​ដែរ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ដែរ។

ជន​ជាតិ​ចាម​រស់នៅ​កម្ពុជា មាន​ប្រមាណ​៦សែន​នាក់។ លោក ឧស្មាន ហាស្សាន់ បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចាម​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក។ សព្វ​ថ្ងៃ​នេះ មាន​ជន​ជាតិ​ចាម​ភាគ​ច្រើន​មាន​សញ្ជាតិ​ម៉ាឡេស៊ី។ លោក ឧស្មាន ហាស្សាន់ អះអាង​ថា ជន​ជាតិ​ចាម ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី តាម​ផ្លូវ​គោក​នោះ ដោយ​សារ​ចំណាយ​ថ្លៃ​សោហ៊ុយ​អស់​តិច​ជាង​តាម​យន្តហោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

សៀមមានការប្រុងប្រយត្ន័គឺត្រឹមត្រូវបស់គេ ប៉កល្វើយៗ
ស្រាប់តែដល់ពេលវេលា បាននឹកដល់ពាក្យ មិនទាន់ឃើញក្តារ
ម៉ាឈូសមិនទាន់ស្រក់ទឹកភ្នែក(ខ្មុំមិនមែនអ្នកប្រកាន់ពូជសាស្រ្ត
ទេ តែនេះជារឿងVirusនៃប្រទេសជាតិដែលចាំបាច់ត្រូវ
យកចិត្តទុកដាក់ព្យាបាលជាមុន សុំទោសផងបងៗអីស្លាម )

Aug 25, 2012 12:58 PM