ការអះអាងនេះ បន្ទាប់ពីមានការចោទប្រកាន់ពីប្រទេសថៃ ថា ជនជាតិចាមចូលទៅប្រទេសថៃ អាចបង្កអសន្តិសុខ និងពាក់ព័ន្ធទៅនឹងក្រុមឥស្លាមភាគខាងត្បូងថៃ។
មន្ត្រីជាន់ខ្ពស់ជនជាតិចាម បានឲ្យដឹងនៅថ្ងៃទី២៤ សីហា ថា ជនជាតិចាមនៅកម្ពុជា បានឆ្លងដែនទៅប្រទេសថៃ នោះ ពួកគេទៅរកការងារធ្វើ ឬធ្វើដំណើរឆ្លងកាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ទេ ពុំមែនពួកគេមានគោលបំណងអាក្រក់ណាមួយនោះឡើយ។
ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ជនជាតិចាមមួយចំនួនធ្វើដំណើរទៅប្រទេសថៃ នោះ ជាការឆ្លងកាត់ទៅកាន់ប្រទេសទីបី គឺម៉ាឡេស៊ី ដើម្បីស្វែងរកការងារធ្វើនៅទីនោះ។ ដោយឡែកអ្នកទៅនៅប្រទេសថៃ មួយចំនួនទៀត ក៏ដូចគ្នាដែរ ពួកគាត់ទៅធ្វើការនៅថៃ គឺពុំទាក់ទងអ្វីជាមួយក្រុមឥស្លាមថៃ ភាគខាងត្បូងនោះឡើយ។
ការថ្លែងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិហារធំ គីឡូម៉ែត្រលេខ៩ នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១២។
ការបញ្ចេញប្រតិកម្មនេះ នៅបន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី២០ សីហា កន្លងទៅ ដោយស្រង់សម្ដីឧបនាយករដ្ឋមន្ត្រី លោក យុតថាសាក់ សាស៊ីប្រាផា (Yutthasak Sasiprapa) បានស្នើឲ្យការិយាល័យអន្តោប្រវេសន៍កម្ពុជាឃ្លាំមើលជនជាតិចាមនៅកម្ពុជា ដែលចូលទៅប្រទេសថៃ ក្នុងនាមជាភ្ញៀវទេសចរក្នុងមួយថ្ងៃប្រមាណ១ពាន់នាក់។
ក្រៅពីឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជាឃ្លាំមើលជនជាតិចាមនោះ លោក យុតថាសាក់ សាស៊ីប្រាផា ក៏បានប្រាប់ឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់ព័ត៌មានអំពីបញ្ហានេះ ទៅថៃវិញដែរ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធចំពោះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃ នេះ។ លោក ខៀវ សុភ័គ បានពន្យល់ថា ជនជាតិចាមចូលទៅប្រទេសថៃ ក្នុងមួយថ្ងៃប្រមាណ១០នាក់ទេ។ លោកអះអាងថា ជនជាតិចាមនៅកម្ពុជា ក៏ជាពលរដ្ឋខ្មែរដែរ ហើយពួកគាត់ចេញទៅប្រទេសថៃ ឬម៉ាឡេស៊ី នោះ ចេញទៅស្របច្បាប់ដូចពលរដ្ឋទូទៅទៀតដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតថៃ ប្រចាំនៅកម្ពុជា ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៤ សីហា។
ទោះបីជាយ៉ាងណាក៏ដោយ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោកឧកញ៉ា សុះ កំរី ចាត់ទុកការឲ្យឃ្លាំមើលជនជាតិចាមនៅកម្ពុជារបស់ថៃនោះ ជាការរើសអើងមកលើជនជាតិចាម។
ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនទុកចិត្តជនជាតិចាម ឬខ្មែរឥស្លាមនៅកម្ពុជា ហើយប្រកាសឲ្យរដ្ឋាភិបាលកម្ពុជាឃ្លាំមើលជនជាតិចាមនេះ មិនមែនជាលើកទី១ទេ កន្លងមកក៏មានករណីនេះដែរ ហើយប្រមុខរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បញ្ចេញប្រតិកម្មចំពោះបញ្ហានេះដែរ។
ជនជាតិចាមរស់នៅកម្ពុជា មានប្រមាណ៦សែននាក់។ លោក ឧស្មាន ហាស្សាន់ បានឲ្យដឹងថា ជនជាតិចាមបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក។ សព្វថ្ងៃនេះ មានជនជាតិចាមភាគច្រើនមានសញ្ជាតិម៉ាឡេស៊ី។ លោក ឧស្មាន ហាស្សាន់ អះអាងថា ជនជាតិចាម ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី តាមផ្លូវគោកនោះ ដោយសារចំណាយថ្លៃសោហ៊ុយអស់តិចជាងតាមយន្តហោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
