សេចក្ដីអះអាងនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរតុលាការ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ចេញដីកាបង្គាប់ឲ្យលោក ចាន់ សុវ៉េត ចូលខ្លួនទៅបំភ្លឺពីរឿងក្ដីចោទប្រកាន់លោកផ្ដល់មធ្យោបាយដល់ចារីជាអាទិ៍ ឬផ្ដល់មធ្យោបាយដល់ជនជាប់ចោទប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយអាជ្ញាធរមូលដ្ឋានបានប្រគល់ដីកានេះដល់គ្រួសារលោកកាលពីថ្ងៃអង្គារ ទី១៤ ខែសីហា កន្លងទៅនេះ។
លោក ចាន់ សុវ៉េត មានតួនាទីជាអនុប្រធានផ្នែកអង្កេតសមាគមអាដហុក។ លោកមានប្រសាសន៍បញ្ជាក់ថា ក្នុងឋានៈជាសកម្មជនការពារសិទ្ធិមនុស្ស លោកបានផ្ដល់ជំនួយផ្នែកការពារសិទ្ធិមនុស្សជាច្រើនដល់ជនទាំងឡាយដែលសុំកិច្ចអន្តរាគមន៍មកសមាគមលោក។ លោកសន្និដ្ឋានថា ដីកាបង្គាប់របស់ចៅក្រមតុលាការរាជធានីភ្នំពេញ ទំនងជារឿងក្តីចោទប្រកាន់រូបលោក ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាក់ថា មានមន្ត្រីអង្គការសង្គមស៊ីវិលជាអ្នកផ្ដល់កន្លែងស្នាក់នៅ និងប្រាក់ដល់ក្រុមជនជាប់ចោទបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។
លោក ចាន់ សុវ៉េត៖ «ខ្ញុំអត់ដឹងថា ខ្ញុំមានឲ្យអ្នកណាផង ខ្ញុំមិនដែលដឹងផង។ អ្វីដែលសំខាន់ជាងគេ ខ្ញុំមិនដែលប្រព្រឹត្តនូវអំពើទាំងអស់នោះទេ។ ធម្មតាគឺយើងជួយមនុស្សច្រើនរយពាន់នាក់ មិនមែនរឿងហ្នឹងមួយឯណា! យើងមិនអាចជំទាស់ជាមួយបទបញ្ជាហ្នឹងបានទេ ព្រោះវាជាបទបញ្ជាច្បាប់បុគ្គលគ្រប់រូបត្រូវតែទៅបង្ហាញខ្លួន ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែខ្ញុំសោកស្ដាយត្រង់ថា មិនទាន់ហៅខ្ញុំទៅសាកសួរផង បែរជាចោទប្រកាន់បើកការស៊ើបអង្កេត។ អយុត្តិធម៌សំរាប់មនុស្សជាតិណាស់បើធ្វើអ៊ីចឹង»។
សមាគមអាដហុក នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ចំហមួយ ចាត់ទុកកាយវិការនៃការប្រើប្រាស់ប្រព័ន្ធតុលាការលើសកម្មជនសិទ្ធិមនុស្សថា គ្មានអ្វីក្រៅពីការគំរាមកំហែង និងបំភិតបំភ័យលើអ្នកការពារសិទ្ធិមនុស្ស ហើយរារាំងពួកគេមិនឲ្យបំពេញកិច្ចការស្របច្បាប់នោះឡើយ។ សេចក្ដីថ្លែងការណ៍លើកឡើងថា លោក ចាន់ សុវ៉េត អាយុ ៤៤ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នោះ អាចនឹងឲ្យលោក ចាន់ សុវ៉េត ជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍បដិសេធថា រាជរដ្ឋាភិបាលមិនបានគំរាមកំហែង ឬបំភិតបំភ័យអ្វីដល់មន្ត្រីអង្គការសង្គមស៊ីវិលនោះទេ ហើយដីកាកោះហៅលោក ចាន់ សុវ៉េត គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
លោកបន្តថា មិនមានអ្វីត្រូវព្រួយបារម្ភទេប្រសិនសកម្មជនអាដហុក មិនបានប្រព្រឹត្តអ្វីខុសដូចការចោទ៖ «មិនមែនជាអង្គការ ជាបុគ្គលតើ! គេមិនមែនចោទអង្គការឯណា! អ្វីៗឲ្យទៅតាមច្បាប់ទៅ អ្វីៗមានទោសបញ្ញត្តិ គេចោទព្រហ្មទណ្ឌ តុលាការគេអាចចោទប្រកាន់បាន»។
ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាបង្គាប់ឲ្យអនុប្រធានផ្នែកអង្កេតសមាគមអាដហុក គឺលោក ចាន់ សុវ៉េត ចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដើម្បីឆ្លើយបំភ្លឺពីដំណើររឿងផ្ដល់ជំនួយដល់ចារីជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២។ ក្នុងដីកាដដែលនោះ បានព្រមានថា "ក្នុងករណីលោក ចាន់ សុវ៉េត មិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ ចៅក្រមស៊ើបសួរនឹងចេញដីកាបង្គាប់នាំខ្លួន"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។