ការជីកកកាយរកឃើញគ្រាប់មិនទាន់ផ្ទុះ និងសារធាតុគីមីនេះ ធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១២ រហូតបច្ចុប្បន្ន បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានផ្ដល់ព័ត៌មានពីកន្លែងដែលអ្នកភូមិប្រទះឃើញមានធុងដែកធំៗប៉ុនធុងសាំងកប់នៅក្នុងដី។
អភិបាលរងស្រុកអូររាំង លោក នង ទន់ណារី បញ្ជាក់ឲ្យដឹងដែរថា មានគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះទំហំប៉ុនកំភួនជើងចំនួនពីរគ្រាប់ ត្រូវបានជីកយក និងបានបំផ្លាញចោលហើយ។
ក្រៅពីនោះ ក្រុមជំនាញរកឃើញធុងដែកចំណុះជាង ២០០លីត្រផ្ទុកដោយកញ្ចប់ម្សៅគីមី ទម្ងន់ប្រមាណ ១គីឡូក្រាមក្នុងមួយកញ្ចប់ពេញៗធុងចំនួន ១១ធុង។
លោកបន្តថា សារធាតុគីមីនោះ គឺជាសារធាតុធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស ក៏ប៉ុន្តែក្រុមជំនាញកំពុងយកទៅវិភាគដើម្បីឲ្យដឹងប្រាកដថា ជាសារធាតុគីមីអ្វី៖ «គាត់យក Sample (គំរូ) ទៅ Analyze (វិភាគ) ហើយ ប៉ុន្តែយើងអត់ទាន់ដឹងផលវិជ្ជមានយ៉ាងម៉េចទេ យើងគ្រាន់តែដឹងថា ជាបឋមម្សៅគីមីហ្នឹង គឺជាម្សៅមួយប្រភេទដែលធ្វើឲ្យជះឥទ្ធិពលដល់សុខភាព មនុស្ស និងធម្មជាតិ ដូចជាធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម ស្បែក ភ្នែកប៉ះពាល់ដល់ធម្មជាតិជុំវិញហ្នឹង រុក្ខជាតិអី្វជាដើមហ្នឹង»។
ចំណែកអភិបាលស្រុកអូររាំង លោក ស៊ិញ ស៊ុន បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១១ ក្រុមជំនាញនៃអាជ្ញាធរជាតិគីមីបានជីករុករកសារធាតុនេះម្ដងរួចទៅហើយ ប៉ុន្តែមិនបានរកឃើញអ្វីទេ បច្ចុប្បន្នក្រុមជំនាញកំពុងបន្តស្វែងរកសារធាតុគីមីនោះនៅឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។