ឈូក បណ្ឌិត មិន​ត្រូវ​តុលាការ​សាក​សួរ​នៅ​ថ្ងៃ​ទី​២៧ តាម​ការ​កំណត់​ទេ

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ សាលា​ដំបូង​ខេត្ត​ស្វាយរៀង នឹង​សាក​សួរ​បន្ត​ទៅ​លើ​ជន​សង្ស័យ​ជា​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត បន្ត​ទៀត​ក្នុង​សំណុំ​រឿង​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​៣​នាក់ ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

0:00 / 0:00

ចៅក្រម​ស៊ើប​សួរ​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និយាយ​ថា លោក ឈូក បណ្ឌិត មិន​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដើម្បី​សាក​សួរ​ទៅ​តាម​បណ្ដឹង​របស់​ជន​រងគ្រោះ ក្នុង​អំពើ​បាញ់​ប្រហារ​ទេ ដោយ​តុលាការ​ហៅ​នីតិវិធី​នេះ​ថា​ជា​ការ​ច្រឡំ​ថ្ងៃ។

លោក ប៉ិច ឈឿត ប្រធាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និង​ជា​ចៅក្រម​ស៊ើប​សួរ​នៅ​ក្នុង​សំណុំ​រឿង​របស់​អតីត​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ក្រោម​បទ​ថា​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មការិនី​៣​នាក់ ឲ្យ​រង​របួស​ធ្ងន់​នៅ​រោងចក្រ​កៅវ៉េ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក​បដិសេធ​ថា តុលាការ​ពុំ​បាន​លើក​យក​សំណុំ​រឿង​នេះ ដើម្បី​សាក​សួរ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១២ ទេ។

លោក​បន្ត​ថា អ្វី​ដែល​ព័ត៌មាន​បាន​លេច​ធ្លាយ​ក្នុង​ពេល​កន្លង​ទៅ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ។ នៅ​ក្នុង​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ​លោក ប៉ិច ឈឿត អះអាង​ថា ការ​ដែល​តុលាការ​នៅ​ស្ងៀម​មិន​បន្ត​សាកសួរ​ទៅ​លើ​ជន​សង្ស័យ​លោក ឈូក បណ្ឌិត ទៀត​នេះ ដោយ​សារ​មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​កិច្ចការ​នេះ​រួច​ម្ដង​ទៅ​ហើយ កាល​ពី​ជាង​១​សប្ដាហ៍​មុន​នេះ៖ «យើង​ប្រាប់​ហើយ ច្រឡំ​ថ្ងៃ ថ្ងៃ​២០​ទេ យើង​សាកសួរ​រួច​ហើយ របស់​ក្រុម​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ របស់​អគ្គ​នគរបាល​ជាតិ»

ទោះ​ជា​យ៉ាង​​ណា ចៅក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំ​រឿង​នេះ សំអាង​ថា ដរាប​ណា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បង្ហាញ​ថា​លោក ឈូក បណ្ឌិត មាន​ជាប់​ពាក់ព័ន្ធ​ដូច​បទ​ចោទ​នោះ តុលាការ​នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​កែប្រែ​បទ​ចោទ​នេះ​លើ​ជន​សង្ស័យ គឺ​លោក ឈូក បណ្ឌិត ទៅ​តាម​បទ​ចោទ​របស់​ព្រះរាជអាជ្ញា លោក ហឹង ប៊ុនជា ទុក​ជា​បាន​ការ។

ក៏​ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ធថារិទ្ធ បដិសេធ​ថា ខាង​ជំនាញ​នៃ​អង្គភាព​មួយ​នេះ ពុំ​បាន​ដឹង​នោះ​ទេ។ លោក​ដាក់​ការ​សង្ស័យ​ថា សំណុំ​រឿង​មួយ​នេះ​ហាក់​ដើរ​បញ្ច្រាស​ទិស​ទៅ​វិញ។ លោក គៀត ច័ន្ធថារិទ្ធ ចាត់​ទុក​ថា គួរ​ណាស់​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ទើប​ត្រូវ​ជាង៖ «អត់​បាន​ដឹង​រឿង​ទេ គេ​អត់​បាន​ប្រាប់​ខ្ញុំ។ ចាំ​មើល​ឆែក​តិច​សិន ម៉េច​បាន​មក​ចេញ​រឿង​ហ្នឹង ក្រែង​ក្នុង​តុលាការ​តើ ម៉េច​បាន​មក​ពាក់ព័ន្ធ​នគរបាល​វិញ»

យ៉ាង​នេះ​ក្ដី កញ្ញា ប៊ុន ចិន្តា ជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជន​រងគ្រោះ​២នាក់​ផ្សេង​ទៀត ក្នុង​អំពើ​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ចំណែក​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត លោក​ហៅ​ការ​អនុវត្ត​របស់​មន្ត្រី​តុលាការ​នេះ​ថា គឺ​ជា​ផ្នែក​មួយ​គ្រាន់​តែ​ជា​មធ្យោបាយ​ដើម្បី​រក​លេស​សម្រាល​ស្ថាន​ទម្ងន់​សម្រាប់​លោក ឈូក បណ្ឌិត ប៉ុណ្ណោះ៖ «ហើយ​បើ​យើង​ចេះ​តែ​ឆ្លើយ​បង្វែរ​ដាក់​លេស​អញ្ចេះ លេស​អញ្ចោះ អា​ហ្នឹង​វា​យើង​ឃើញ​ហើយ វា​បង្ហាញ​អំពី​ចេតនា​មួយ​រក្សា​នូវ​មុខ​មាត់​របស់​លោក ឈូក បណ្ឌិត »

នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​ខេត្ត​ស្វាយរៀង កោះ​ហៅ​អតីត​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ឲ្យ​ឆ្លើយ​បំភ្លឺ​ក្រោម​បទ​ចោទ​ថា បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​៣នាក់​ឲ្យ​រង​របួស​ធ្ងន់ ចំនួន​២​លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ចូល​បំភ្លឺ​ស្ងាត់ៗ​មុន​ពេល​កំណត់ និង​លើក​ទី​២ មេធាវី​របស់​លោក ឈូក បណ្ឌិត ស្នើ​សុំ​ពន្យារ​ពេល ដោយ​សម្អាង​កូន​ក្តី​របស់​ខ្លួន​ថា​មាន​ជំងឺ។ ចំណែក​លើក​ទី​៣ ចៅក្រម​ស៊ើប​សួរ​ចាត់​ទុក​ថា លោក ឈូក បណ្ឌិត ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​សាក​សួរ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២០ កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ។

បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា តុលាការ​កំពុង​ធ្វើ​ឲ្យ​ជម្រក​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​សម្រាប់​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស បន្ត​ញាំញី​សង្គម​កម្ពុជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។