ជំងឺគ្រុនឈីក កំពុងរាលដាលនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ ព្រះវិហារ និងរាជធានីភ្នំពេញ។
នៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកភូមិឈើលំ ដែលកើតជំងឺនេះអះអាងថា គាត់គ្រុនក្ដៅខ្លាំង ហើយចេញកន្ទួលពេញខ្លួន ឈឺចុកក្នុងឆ្អឹងខ្លាំង និងដើរស្ទើរមិនរួច ព្រោះហើមសន្លាក់។
លោក ឈួង បូណាត រស់នៅភូមិឈើលំ ថ្លែងថា ក្នុងគ្រួសារគាត់មានមនុស្ស ៥នាក់ បានកើតជំងឺគ្រុនឈីកទាំងអស់គ្នា៖ «ឃើញគេឈឺពីមុនហ្នឹង គេហៅពេទ្យមណ្ឌលមកចាក់ទៅគេជា។ ដល់ខ្ញុំឈឺក្រោយគេខ្ញុំក៏ហៅពេទ្យមណ្ឌលមកចាក់ដែរ។ ពេលចាក់ហើយមួយថ្ងៃ ២ថ្ងៃ ឃើញចេញមកគេហៅថា ដូចស្អូច»។
អ្នកស្រី សុំ សុខន នៅឃុំមហាឫស្សី ថ្លែងថា គាត់ និងកូនដែលធ្វើការនៅរោងចក្រកាត់ដេរ បានកើតជំងឺគ្រុនឈីក។ បច្ចុប្បន្នគាត់នៅហើមសន្លាក់ជើង មិនទាន់អាចដើរបានស្រួលទេ៖ «ឈឺទៅចាប់ផ្ដើមឈឺខ្លួនហ្នឹងតែម្ដង ឈឺសន្លាក់ដៃជើង ឈឺក្បាល ក្តៅ រងាចង់ញាក់»។
នៅឯខេត្តតាកែវ ឯនោះវិញ ពលរដ្ឋនៅភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង អះអាងថា ជាងកន្លះខែមកនេះអ្នកភូមិដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ២០ឆ្នាំ បានកើតជំងឺគ្រុនឈីក។ ប៉ុន្តែគ្មានអ្នកជំងឺស្លាប់ទេ ព្រោះគ្រូពេទ្យរដ្ឋ និងឯកជន មានជំនាញក្នុងការព្យាបាលជំងឺគ្រុនឈីក៖ «គ្រុនឈីកហ្នឹងមានអាការៈក្ដៅ ហើយឈឺសន្លាក់ដៃជើង។ ដល់ពេលវាក្ដៅពេក ចេញពងក្រហមៗ។ ក្នុងគ្រួសារខ្ញុំហ្នឹងមានម្នាក់ ហើយនិងក្មួយខ្ញុំ ២នាក់»។
នៅក្នុងប្រទេសកម្ពុជា ជំងឺគ្រុនឈីក បានកើតឡើងជាថ្មីនៅក្នុងឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០១២ ក្រោយពីជំងឺនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៦១។
ការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបង្ហាញថា ជំងឺគ្រុនឈីក បង្កមកពីមេរោគម្យ៉ាងឈ្មោះ ជីគុនគុនយ៉ា (virus Chikungunya)។ មេរោគនោះមិនបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរទេ គ្រាន់តែក្ដៅខ្លួនខ្លាំង និងឈើចាប់ក្នុងសាច់ដុំ ហើមសន្លាក់ដៃជើង និងចេញកន្ទួលក្រហមតូចៗពេញខ្លួន។
វេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត ឲ្យដឹងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១២ មានអ្នកជំងឺដោយសារគ្រុនឈីក ចំនួន ៥.៥៧០នាក់ បានទទួលការព្យាបាលជាសះស្បើយ។ លោកថា គ្រូពេទ្យមណ្ឌលសុខភាព អាចផ្ដល់ថ្នាំបំបាត់ក្ដៅខ្លួន និងចាក់សេរ៉ូមដល់អ្នកជំងឺ។
លោកបន្ថែមថា ក្រសួងសុខាភិបាលមិនទាន់ចាត់ទុកជំងឺគ្រុនឈីក ជាជំងឺគ្រោះថ្នាក់ដល់ប្រកាសអាសន្ននោះទេ។ តែតម្រូវឲ្យគ្រប់មណ្ឌលសុខភាពត្រូវរាយការណ៍មួយខែម្ដងពីតួលេខអ្នកជំងឺ៖ «៥ខែដើមឆ្នាំគិតត្រឹមចុងខែ ៥ អ៊ីចឹងនៅខេត្តកំពង់ស្ពឺ មានដល់ទៅ ២.៤១៩នាក់ នៅច្រើនស្រុក ស្ទើរតែគ្រប់ស្រុក មិនមែនតែស្រុកគងពិសីទេ។ ហើយនៅខេត្តព្រះវិហារ មាន ២.៤៧៨នាក់។ ខេត្តកំពង់ចាម មាន ២១៥នាក់ ត្រឹមចុង ខែ៥ នោះ។ ខេត្តតាកែវ មាន ៤២៦នាក់ ហើយក្រោយមកថ្មីៗ ឃើញនៅរាជធានីភ្នំពេញនេះ មាន ៣០នាក់»។
វេជ្ជបណ្ឌិត ច ម៉េងចួ ណែនាំថា ជំងឺគ្រុនឈីកគ្មានវ៉ាក់សាំងចាក់ការពារទេ។ វិធីការពារជំងឺគ្រុនឈីក គឺធ្វើរបៀបដូចគ្នានឹងវិធីការពារជំងឺគ្រុនឈាមដែរ។ ពលរដ្ឋត្រូវកាប់ព្រៃស៊ុបទ្រុបក្បែរផ្ទះ សំអាតផ្ទះ និងភូមិឋាន ដោយលុបដី សំរាមសើម បំបាត់ជម្រកមូសខ្លា បំផ្លាញពងមូសក្នុងថូផ្កា ពាងទឹក សំបកកង់ឡានចាស់ៗ កន្លែងស្តុកអេតចាយ ជាដើម និងសម្រាកក្នុងមុង។ លោកវេជ្ជបណ្ឌិតបន្ថែមថា មូសវាបានចេញខាំមនុស្សនៅមុនថ្ងៃរះ ១ម៉ោង និងក្រោយថ្ងៃលិច ១ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។