សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​អនាគត​កុមារ​ដែល​ធ្វើ​ការងារ​នេសាទ​សមុទ្រ

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​កុមារ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​វាសនា​អនាគត​របស់​កុមារ នៅ​ខេត្ត​កោះកុង ដែល​ពួក​គេ​នៅ​តែ​ជាប់​ជំពាក់​ជាមួយ​នឹង​ការងារ​នេសាទ​សមុទ្រ ដោយ​ដក​ខ្លួន​មិន​រួច។
ដោយ សេក បណ្ឌិត
2012-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលកម្ម​កុមារ កោះកុង ៣០៥
២-មេសា-២០១២៖ កុមារ​ធ្វើ​ការងារ​លើ​ទូក​នេសាទ នៅ​ខេត្ត​កោះកុង។
RFA/Sek Bandith

តើ​មូល​ហេតុ​អ្វី បាន​ជា​អាណា​ព្យាបាល​កុមារ​ទាំង​នោះ នៅ​តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ក្នុង​របរ​នេសាទ​បែប​នេះ?

ក្រុម​ចលនា​កុមារ និង​យុវជន​កម្ពុជា ដើម្បី​សិទ្ធិ​កុមារ រួម​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ សីហា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្ដីពី​ការ​ស្វែងរក​យុទ្ធសាស្ត្រ​បញ្ឈប់​កុមារ​ពី​ការងារ​នេសាទ។

មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​មាន​ការ​ចូល​រួម​ភាគី​ពាក់ព័ន្ធ មាន​ក្រុម​កុមារ​ដែល​ងាយ​រងគ្រោះ ឪពុក​ម្តាយ ឬ​អាណាព្យាបាល អាជ្ញាធរ​មូលដ្ឋាន សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ កិច្ច​ពិគ្រោះ​យោបល់​នេះ ចង់​បង្ហាញ​ឲ្យ​អ្នក​ចូល​រួម​យល់​ដឹង​ពី​ការងារ​នេសាទ ដែល​ប្រើប្រាស់​ពលកម្ម​កុមារ ផល​ប៉ះពាល់ និង​ចូល​រួម​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ។

តំណាង​គណៈកម្មការ​ប្រតិបត្តិ នៃ​ចលនា​កុមារ និង​យុវជន​កម្ពុជា ដើម្បី​សិទ្ធិ​កុមារ លោក សូត្រ ស៊ីថា លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ភាគ​ច្រើន​មិន​ទាន់​យល់​អំពី​អ្វី​ទៅ ដែល​ហៅ​ថា​ពលកម្ម​កុមារ និង​មិន​ទាន់​យល់​ពី​ផល​ប៉ះពាល់​លើ​កុមារ ដែល​ចុះ​ទូក​នេសាទ​យ៉ាង​ដូចម្តេច​នោះ​ទេ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊ុំ ម៉ៃមូណា អាយុ​ប្រមាណ​ជាង​៥០ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ លោកស្រី​មាន​មុខ​របរ​នេសាទ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ គ្រួសារ​គាត់​មាន​កូន​៥នាក់​ក្នុង​បន្ទុក មាន​វ័យ​ចាប់​ពី​អាយុ​១០ឆ្នាំ ដល់​ជាង​២០ឆ្នាំ ហើយ​ពួក​គេ​មិន​បាន​រៀន​សូត្រ​ជាប់​លាប់ ឬ​បាន​រៀន​ចប់​ចុង​ចប់​ដើម​នោះ​ទេ គឺ​រៀន​បាន​ខ្ពស់​បំផុត​ត្រឹម​ថ្នាក់​ទី​៧។

លោកស្រី​ដឹង​ខ្លះ​ដែរ​ថា ការ​បង្ខំ​កូន​ឲ្យ​ចុះ​ទូក​នេសាទ ដោយ​មិន​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ វា​អាច​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ​របស់​ពួក​គេ ប៉ុន្តែ​វា​មាន​កត្តា​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​ភាគ​ច្រើន​ត្រូវ​ធ្វើ​បែប​នេះ។

ប្រធាន​ភូមិ​៤ លោក វណ្ណ សាលី បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​របស់​លោក​មាន​កុមារ​ចាប់​ពី​អាយុ​១០ឆ្នាំ ដល់​ក្រោម​១៨ឆ្នាំ មាន​ប្រមាណ​ជាង​១ពាន់​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជាង​៣០% ដែល​បាន​បោះ​បង់​ចោល​ការ​សិក្សា ឬ​ទៅ​រៀន​មិន​ទៀងទាត់ ដោយ​រវល់​ចុះ​ទូក​នេសាទ​ជួយ​រក​លុយ ដើម្បី​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

លោក សូត្រ ស៊ីថា នឹង​ជំរុញ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល អាជ្ញាធរ បើក​ចំហ​ក្នុង​ការ​ពិភាក្សា​រឿង​នេះ ដើម្បី​រក​ដំណោះ​ស្រាយ ធ្វើ​យ៉ាង​ណា​ដក​ហូត​កុមារ​ចេញ​ពី​ការងារ​ចុះ​ទូក​នេសាទ ហើយ​ឲ្យ​ពួក​គេ​បាន​ចូល​រៀន​នៅ​សាលា​វិញ។

មន្ត្រី​នៃ​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ដែល​មាន​តួលេខ​តិច​តួច​ទេ កាល​ពី​ឆ្នាំ​២០០៨ មាន​កុមារ​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ ហើយ​មក​ដល់​ឆ្នាំ​២០១១ អាច​កាត់​បន្ថយ​បាន​ប្រហែល​ជា ២​ទៅ​៣​ម៉ឺន​នាក់។ រដ្ឋាភិបាល​ក៏​កំពុង​ចាប់​ផ្ដើម​ដំណាក់​កាល​ទី​២ នៃ​ផែនការ​សកម្មភាព​ចាប់​ពី​ឆ្នាំ​២០១០ ដល់ ២០១២ និង​គ្រោង​នឹង​កាត់​បន្ថយ​ឲ្យ​នៅ​ប្រហែល​ជាង​១​ម៉ឺន​នាក់​ទៀត តាម​យន្តការ​ប្រទេស​ពាក់ព័ន្ធ​នីមួយៗ។

ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ កាល​ពី​ឆ្នាំ​២០០១ ឲ្យ​ដឹង​ដែរ​ថា កុមារ​សរុប​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​៤​លាន​៣​សែន​នាក់។ ស្ថិតិ​របស់​ក្រសួង​ការងារ បាន​បង្ហាញ​ដែរ​ថា នៅ​ឆ្នាំ​២០០៨ កុមារ​ជិត​៣​ម៉ឺន​នាក់ ត្រូវ​បាន​រំដោះ​ចេញ​ពី​ពលកម្ម​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

I'm ultimately regretful to learn that these poor and naive kids can't afford to stay in schools and being compelled to work as adults to support their poor families. I can't hold my tears for these kids, because I understand how hard these poor kids going to face in the long run. Another regretful is that Phay Siphan(a Hun Sen's government correspondent?) who had enjoyed his golden chances to further his higher education in the U.S.A is returning to Cambodia and he is happily joining Hun Sen's club that is never had a soul to care about these and other poor kids' future. Do something Phay Siphan, using your College Degrees that you had earned in a FREE Country(U.S.A) to help this poor kids and other poor and powerless Cambodians in your Communist Country, so they all can have their comfortable lives like yours.

Aug 24, 2012 04:03 PM

CheyVorman007

ពី AngKor Wat

ស្រុកខ្មែរជាប្រទេសលំដាប់អ្នកក្រខ្វះអីកុំថាឡើយនៅតាមផ្ទៃ
ទឹកក្នុងទីក្រុងភ្នំពេញក៏មានកុមារធើ្វការដែរ ជិះម៉ូតូឆ្វែលតាម
ផ្សារមើបើមិនជឿ ខ្មុំកោតចេះតែញញឹមបិទមាត់មិនជិតនឹង
ងារបណ្ឌិតទៅរួច មិនចេះមានការអៀនខ្មាស់ខ្លួនឯង រាស្រ្ត
លក់លាសលក់ខ្ចៅ ប្លន់ ពុករលួយ ប្រមឹកសឹងគ្រប់គ្នារាល់
ល្ងាច យកអាលុយជំនួយមកធើនេះនុះតិចតួច សម្លុតអោយ
គេដឹងគុណតកូនតចៅ មិនដែលឮ?

Aug 24, 2012 10:47 AM

អ្នក​អាន​អនាមិក

សែនខ្លោចផ្សាអាណិត ដល់អនាគតពួកគេ។អនាគតពួកគេនៅវែងឆ្ងាយដើម្បីបានបំរើប្រទេសជាតិ តែពួកគេត្រូវប្រឹងត្រដរស់សិន តើអោយខ្ញុំធ្វើម៉េចទៅ?។ ជីវិតៗៗៗៗៗៗ​ អ្នកមានកាន់តែមាន ឯអ្នកក្រ រកអង្ករស៊ីគ្មាន។

Aug 24, 2012 04:45 AM