ចិន​ហាម​មិន​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម បំពេញ​កិច្ច​បួស​ក្នុង​ថ្ងៃ​រ៉ម៉ាឌន

សាសនិក​អ៊ីស្លាម​នៅ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ចិន នៅ​ខេត្ត​ស៊ិនជាំង (Xinjian) ហាម​មិន​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម ជា​ជន​ជាតិ​អុយហ្គ័រ (Uighurs) បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​រ៉ម៉ាឌន (Ramadan) ដែល​ជា​ខែ​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម។
ដោយ ទីន ហ្សាការីយ៉ា
2012-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អតីត​និស្សិត​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (Arabia Saoudat) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ សីហា ថា អាជ្ញាធរ​ចិន​បាន​ហាម​មិន​ឲ្យ​ជន​ជាតិ​អុយហ្គរ៍ នៅ​ក្នុង​ខេត្ត​ស៊ិនជាំង បំពេញ​កាតព្វកិច្ច​បួស​នោះ ជា​រឿង​ចង់​បំបាត់​សាសនា និង​រើសអើង​ជាតិ​សាសន៍។

លោក សឡេះ សឡះ ជា​អតីត​និស្សិត​ផ្នែក​ច្បាប់​អ៊ីស្លាម មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​ប្រសាសន៍​ថា បួស​គឺ​ជា​គោលការណ៍​មួយ​នៅ​ក្នុង​គោលការណ៍​ទាំង​៥ នៅ​ក្នុង​សាសនា​អ៊ីស្លាម ដូច្នេះ​គ្រប់​អ្នក​មាន​ជំនឿ​លើ​សាសនា​អ៊ីស្លាម​ទាំង​អស់ ត្រូវ​បំពេញ​កាតព្វកិច្ច​បួស បើ​សិន​ជា​បុគ្គល​ណា​មួយ​មិន​បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​រ៉ម៉ាឌន នេះ​ទេ អ្នក​នោះ​មិន​មែន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ទេ។

លើស​ពី​នេះ​ទៀត លោក សឡេះ សឡះ បាន​អះអាង​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ុយហ្គរ័ បួស​នៅ​ក្នុង​ប្រទេស​ចិន នេះ ជា​រឿង​រំលោភ​លើ​សិទ្ធិ​មាន​ជំនឿ​សាសនា៖ «គោលការណ៍​អ៊ីស្លាម ដែល​មាន​ចែង​ថា អ្នក​ក្លាយ​ជា​អ៊ីស្លាម បាន លុះត្រា​ណា​គោរព​នូវ​គោលការណ៍​ទាំង​៥ ហើយ​រដ្ឋាភិបាល​ចិន ហាម​ឃាត់​មិន​ឲ្យ​បួស​នេះ គឺ​ជា​ការ​បំបិទ​សេរីភាព​ខាង​គោល​ជំនឿ​សាសនា​អ៊ីស្លាម ពេញ​លេញ​តែ​ម្ដង»

សារព័ត៌មាន​ចិន​ជាច្រើន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ សីហា នេះ​ថា អាជ្ញាធរ​ចិន​នៅ​ខេត្ត​ស៊ិនជាំង បាន​ប្រកាស​មិន​ឲ្យ​ជន​ជាតិ​អ៊ុយហ្គ័រ កាន់​សាសនា​អ៊ីស្លាម បួស​នៅ​ក្នុង​ខែ​រ៉ម៉ាឌន នេះ​ទេ។

សារព័ត៌មាន​ឈ្មោះ​ថា The National របស់​ចិន បាន​សរសេរ​ថា អាជ្ញាធរ​ចិន​ខេត្ត​ស៊ិនជាំង បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​កម្មាភិបាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ជន​ស៊ីវិល រួម​ទាំង​សិស្ស​និស្សិត​ទាំង​អស់ មិន​ឲ្យ​បួស និង​មិន​ឲ្យ​ចូល​វិហារ​នៅ​ក្នុង​ខែ​រ៉ម៉ាឌន នេះ​ទេ។

សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត ដែល​សរសេរ​នៅ​ក្នុង​គេហទំព័រ​រដ្ឋាភិបាល​ចិន បាន​សរសេរ​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មិន​ឲ្យ​ជន​ជាតិ​អុយហ្គ័រ បួស​នេះ ដើម្បី​រក្សា​នូវ​ស្ថិរភាព​សង្គម នៅ​ក្នុង​អំឡុង​ពេល​ខែ​បួស។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ជំរុញ​ឲ្យ​មេ​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន យក​អំណោយ​ជា​ម្ហូប​អាហារ​ទៅ​ឲ្យ​អ្នក​ភូមិ​ជា​ជន​ជាតិ​អុយហ្គរ័ បរិភោគ​នៅ​ពេល​ថ្ងៃ ដែល​ជា​ពេល​អ្នក​កាន់​សាសនា​អ៊ីស្លាម ទាំង​អស់​នៅ​លើ​សាកលលោក​ប្រមាណ ១ពាន់​៣០០​លាន​នាក់​កំពុង​តែ​បំពេញ​កាតព្វកិច្ច​បួស​មាន​ន័យ​ថា តម​អាហារ​នៅ​ពេល​ថ្ងៃ។

ខេត្ត​ស៊ិនជាំង ជា​ខេត្ត​មួយ​មាន​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ អ្នក​កាន់​សាសនា​អ៊ីស្លាម រស់​នៅ​ច្រើន​ជាង​ខេត្ត​ដទៃ​ទៀត គឺ​មាន​ប្រមាណ​៩លាន​នក់។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា លោក សុះ មុះសិន មាន​ប្រសាសន៍​ថា នៅ​គ្រប់​ប្រទេស​នៅ​លើ​សាកលលោក​គ្មាន​ប្រទេស​ណា​មួយ​ហាម​ឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម បំពេញ​កាតព្វកិច្ច​បួស​នេះ​ទេ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​នៅ​ប្រទេស​ចិន មាន​ករណី​នេះ​មែន ជា​រឿង​បំបិទ​សិទ្ធ​ជំនឿ​សាសនា៖ «បើ​សិន​ជា​មាន​ការ​រឹតត្បិត​មែន យើង​មិន​ដឹង​ថា ជន​ជាតិ​ចិន​កាន់​សាសនា​អ៊ីស្លាម មាន​រឿង​អ្វី​ជាមួយ​រដ្ឋាភិបាល​ចិន​នោះ​ទេ។ ប៉ុន្តែ​នៅ​គ្រប់​ប្រទេស​គ្មាន​ប្រទេស​ណា​ហាម​ឃាត់ ឬ​រឹតត្បិត​ផ្នែក​ជំនឿ​សាសនា ដូច​ជា​សូត្រ​ធម៌​អី​នោះ​ទេ»

ជន​ជាតិ​អ៊ុយហ្គ័រ ចំនួន​២០​នាក់ កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ពួក​គេ​បាន​ភៀស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​ចិន ដោយ​សារ​តែ​ពួក​គេ​បាន​ងើប​បះបោរ​នៅ​អ៊ុយរាំហ្គី (Urumqi) នៃ​ខេត្ត​ស៊ិនជាំង កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០០៩។ ប៉ុន្តែ​ពួក​គេ​ទាំង​២០​នាក់​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន វិញ។

សារព័ត៌មាន​ចិន The National ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រុម​ជន​ភៀស​ខ្លួន​អ៊ុយហ្គ័រ ដោយ​លោក​បាន​ចាត់​ទុក​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន មិន​ឲ្យ​ជន​ជាតិ​អ៊ុយហ្គ័រ បួស​នេះ ជា​គោល​នយោបាយ​ចាប់​បង្ខំ ដែល​នឹង​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ុយហ្គ័រ មាន​ចលនា​តស៊ូ​ប្រឆាំង​នឹង​គោល​នយោបាយ​នេះ។

ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ កន្លង​មក ពួក​គេ​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​នៅ​តំបន់​ស្វយ័ត​ស៊ិនជាំង ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ នោះ ហើយ​ក្នុង​ចំណោម​ជន​ជាតិ​អុយហ្គ័រ ទាំង​នោះ មាន​មួយ​ចំនួន តុលាការ​ចិន បាន​កាត់​ទោស​ប្រហារ​ជីវិត​ជា​បន្ត​បន្ទាប់ ដោយ​គេ​ចោទ​ប្រកាន់​ពី​បទ​បះបោរ​នៅ​តំបន់​អុយរាំហ្គី នៃ​ខេត្ត​ស៊ិនជាំង។ ប៉ុន្តែ​ទង្វើ​ទាំង​នេះ ត្រូវ​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ពិសេស​មន្ត្រី​រាយការណ៍​ពិសេស​ផ្នែក​ធ្វើ​ទារុណកម្ម នៃ​អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​នោះ ជា​ការ​រំលោភ​ខ្លាំង​បំផុត​ទៅ​លើ​កិច្ច​ធានា​ជា​មូលដ្ឋាន នៃ​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល