នៅ​ខេត្ត​កំពត បុគ្គលិក​ជនជាតិ​ចិន​វាយធ្វើបាប​បុគ្គលិក​ខ្មែរ

2008-06-20

ភ្នាក់ងារ​សន្តិសុខ អ្នកបើកបរ​គ្រឿង​ចក្រ និង​អ្នក​បកប្រែ​ភាសា ដែល​ជា​ជនជាតិ​ខ្មែរ បាន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​បុគ្គលិក​ជនជាតិ​ចិន​ដឹក​តាម​រថយន្ត​យក​ទៅ​វាយ​ធ្វើបាប និង​បំបរបង់​ចោល​នៅ​ក្នុង​ព្រៃ ។

យុវជន​ខ្មែរ​បី​នាក់ ដែល​ម្នាក់​ជា​អតីត​ភ្នាក់ងារ​សន្តិសុខ ម្នាក់​ជា​អតីត​អ្នក​បើកបរ​គ្រឿង​ចក្រ និង ម្នាក់​ទៀត​ជា​អតីត​អ្នក​បកប្រែ​ភាសា​នៅ​ការដ្ឋាន​សាងសង់​រោងចក្រ​វារី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់​ទឹក​ឈូ ភ្នំ​កំចាយ ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​បុគ្គលិក​ជនជាតិ​ចិន​ដឹក​តាម​រថយន្ត​យក​ទៅ​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ រួច​ហើយ​បំបរបង់​ចោល​នៅ​កណ្ដាល​ព្រៃ​ក្បែរ​តំបន់​វាលរេញ ក្រុង​ ព្រះសីហនុ នៅ​វេលា​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៤ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ ក្រោម​ហេតុផល​ថា យុវជន​ទាំង​បី​បាន​ឃុបឃិត​ក្នុង​សកម្មភាព​លួច​ប្រេង​របស់​ក្រុម​ហ៊ុន ។

អតីត​ភ្នាក់ងារ​សន្តិសុខ យុវជន ម៉ៅ សុខុម បាន​និយាយ​ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​ដែល​បុគ្គលិក​ជនជាតិ​ចិន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​ចំពោះ​រូប​គេ ហើយ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​ក៏​ពួក​គេ​ដក​យក​ដែរ ៖ «យើង​ទៅ​រក​សាក្សី​និង​ភស្តុតាង​ឯណា​ឃើញ​បើ​វា​ឌុប​យើង​ទៅ​ទាំង​កណ្ដាល​យប់ ហើយ​ណា​មួយ អត់​ចេះ​ស្ដាប់​ភាសា​វា​ទៀត បើ​សិន​វា​វ៉ៃ​ងាប់​ៗ​បាត់​ទៅ​ហើយ ម៉ែ​ឪ​រក​មិន​ទាន់​ឃើញ​ខ្មោច​ផង»

អតីត​អ្នក​បើកបរ​គ្រឿង​ចក្រ យុវជន ឃាន សូណា បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​រង​នូវ​ការ​វាយ​ដំ​ច្រំ​ធាក់​ធ្ងន់ធ្ងរ​ជាង​អ្នក​ឯ​ទៀត ហើយ​ទី​បំផុត​ក្រុម​បុគ្គលិក​ជនជាតិ​ចិន​បាន​បើក​រថយន្ត​ថយ​ក្រោយ​ក្នុង​បំណង​កិន​សម្លាប់​រូប​គេ តែ​រូប​គេ​បាន​រមៀល​ខ្លួន​គេច​ផុត​ហើយ​រត់​ចូល​ព្រៃ ។

យុវជន ឃាន សូណា រៀបរាប់​ដូច្នេះ​ថា ៖ «វា​ទាត់​ខ្ញុំ​ចំ​កណ្ដាល​ៗ​ដើម​ទ្រូង​មួយ​ទំហឹង​ៗ វា​ទាត់​ខ្ញុំ​ៗ​ដួល ងើប​វិញ​វា​ទាត់​ទៀត ខ្ញុំ​ចុក​និយាយ​មិន​រួច»

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត លោក ប៊ុត សាបាន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ចាត់ការ​លើ​សំំណុំ​រឿង​នេះ ៖ «ពាក់ព័ន្ធ​នឹង​ករណី​បង្ក​របួស​ស្នាម ទោះបី​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​តែ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា»

អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និងអភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ប្រចាំ​ខេត្ត​ កំពត និង​ក្រុង​កែប អ្នកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​ក៏ដោយ បុគ្គលិក​ជនជាតិ​ចិន ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ។

អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទង្វើ​របស់​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ទារុណកម្ម​មក​លើ​កម្មករ​ខ្មែរ​នៅ​តំបន់​វារី​អគ្គិសនី​ភ្នំ​កំចាយ​ហ្នឹង វា​ជា​រូបភាព​មួយ​រំលោភ​សិទ្ធិ​កម្មករ ទោះបី​ជា​កម្មករ​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការលួច​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ក៏ដោយ»

ដោយ​សេចក្ដី​ភ័យ​ខ្លាច និង​កង្វះ​នូវ​ការយល់​ដឹង​ផ្នែក​ច្បាប់ យុវជន​ទាំង​បី​នាក់​បាន​ព្យាយាម​លាក់​លៀម​រឿង​នេះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០៨ ទើប​យុវជន ឃាន សូណា សម្រេច​ចិត្ត​ ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​បុគ្គលិក​ជនជាតិ​ចិន ហើយ​យុវជន ម៉ៅ សុខុម បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០០៨ ក្រោម​កិច្ច​អន្តរាគមន៍​ផ្នែក​នីតិវិធី​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក និង លីកាដូ ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស, ទាហាន​និង​មេការ​ក្រុមហ៊ុន​ឯកជន​រង​ការ​ប្ដឹង​ពី​បទ​ប៉ុន​ប៉ង​សម្លាប់​អ្នក​ភូមិ

មន្ត្រី​អ.ស.ប.​បដិសេធ​ថា​គ្មាន​ការ​ប៉ុន​ប៉ង​នាំ ឌុច ចេញ​ពី​កម្ពុជា​ទេ

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម

នៅ​រតនគិរី កម្លាំង​ការពារ​ក្រុមហ៊ុន​ឯកជន​បាញ់​គំរាម​អ្នក​ភូមិ

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ពិរុទ្ធ​ជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បាន​៣​ម៉ោង

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​គាប​សង្កត់​អ្នក​រិះ​គន់

ជន​សង្ស័យ​ម្នាក់​ស្លាប់​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​សមត្ថកិច្ច

សកម្មជន​សិទ្ធិ​មនុស្ស​ចូល​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​តាកែវ​តាម​ការ​កោះ​ហៅ

កុមារ​លើក​ឡើង​អំពី​សិទ្ធិ​នៅ​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា