យុវជនខ្មែរបីនាក់ ដែលម្នាក់ជាអតីតភ្នាក់ងារសន្តិសុខ ម្នាក់ជាអតីតអ្នកបើកបរគ្រឿងចក្រ និង ម្នាក់ទៀតជាអតីតអ្នកបកប្រែភាសានៅការដ្ឋានសាងសង់រោងចក្រវារីអគ្គិសនីរបស់ក្រុមហ៊ុនចិននៅតំបន់ទឹកឈូ ភ្នំកំចាយ ខេត្តកំពត បានឲ្យដឹងថា ពួកគេត្រូវបានបុគ្គលិកជនជាតិចិនដឹកតាមរថយន្តយកទៅវាយទាត់ធាក់យ៉ាងដំណំ រួចហើយបំបរបង់ចោលនៅកណ្ដាលព្រៃក្បែរតំបន់វាលរេញ ក្រុង ព្រះសីហនុ នៅវេលារំលងអធ្រាត្រ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៨ កន្លងទៅនេះ ក្រោមហេតុផលថា យុវជនទាំងបីបានឃុបឃិតក្នុងសកម្មភាពលួចប្រេងរបស់ក្រុមហ៊ុន ។
អតីតភ្នាក់ងារសន្តិសុខ យុវជន ម៉ៅ សុខុម បាននិយាយថា វាជារឿងអយុត្តិធម៌ណាស់ដែលបុគ្គលិកជនជាតិចិនប្រព្រឹត្តយ៉ាងដូច្នេះចំពោះរូបគេ ហើយសូម្បីតែទូរស័ព្ទដៃក៏ពួកគេដកយកដែរ ៖ «យើងទៅរកសាក្សីនិងភស្តុតាងឯណាឃើញបើវាឌុបយើងទៅទាំងកណ្ដាលយប់ ហើយណាមួយ អត់ចេះស្ដាប់ភាសាវាទៀត បើសិនវាវ៉ៃងាប់ៗបាត់ទៅហើយ ម៉ែឪរកមិនទាន់ឃើញខ្មោចផង» ។
អតីតអ្នកបើកបរគ្រឿងចក្រ យុវជន ឃាន សូណា បានឲ្យដឹងថា រូបគេបានរងនូវការវាយដំច្រំធាក់ធ្ងន់ធ្ងរជាងអ្នកឯទៀត ហើយទីបំផុតក្រុមបុគ្គលិកជនជាតិចិនបានបើករថយន្តថយក្រោយក្នុងបំណងកិនសម្លាប់រូបគេ តែរូបគេបានរមៀលខ្លួនគេចផុតហើយរត់ចូលព្រៃ ។
យុវជន ឃាន សូណា រៀបរាប់ដូច្នេះថា ៖ «វាទាត់ខ្ញុំចំកណ្ដាលៗដើមទ្រូងមួយទំហឹងៗ វាទាត់ខ្ញុំៗដួល ងើបវិញវាទាត់ទៀត ខ្ញុំចុកនិយាយមិនរួច» ។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក ប៊ុត សាបាន បានមានប្រសាសន៍ថា លោកកំពុងតែចាត់ការលើសំំណុំរឿងនេះ ៖ «ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាម ទោះបីយ៉ាងណាក៏ដោយ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា» ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ប្រចាំខេត្ត កំពត និងក្រុងកែប អ្នកស្រី ទ្រី ឈូន បានមានប្រសាសន៍ថា ទោះយ៉ាងណាក៏ដោយ បុគ្គលិកជនជាតិចិន ត្រូវតែអនុវត្តតាមច្បាប់នៃប្រទេសកម្ពុជា ។
អ្នកស្រី ទ្រី ឈូន មានប្រសាសន៍ដូច្នេះថា ៖ «ទង្វើរបស់ក្រុមហ៊ុនចិនដែលធ្វើទារុណកម្មមកលើកម្មករខ្មែរនៅតំបន់វារីអគ្គិសនីភ្នំកំចាយហ្នឹង វាជារូបភាពមួយរំលោភសិទ្ធិកម្មករ ទោះបីជាកម្មករមានការពាក់ព័ន្ធទៅនឹងការលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក៏ដោយ» ។
ដោយសេចក្ដីភ័យខ្លាច និងកង្វះនូវការយល់ដឹងផ្នែកច្បាប់ យុវជនទាំងបីនាក់បានព្យាយាមលាក់លៀមរឿងនេះរហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ ទើបយុវជន ឃាន សូណា សម្រេចចិត្ត ដាក់ពាក្យបណ្ដឹងចំពោះបុគ្គលិកជនជាតិចិន ហើយយុវជន ម៉ៅ សុខុម បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ ក្រោមកិច្ចអន្តរាគមន៍ផ្នែកនីតិវិធីពីសំណាក់អង្គការការពារសិទ្ធិមនុស្ស អាដហុក និង លីកាដូ ៕
