អាជ្ញាធរដែនដីបានឲ្យដឹងថា អាជ្ញាធរពុំមានអំណាច ឬសមត្ថកិច្ចចូលក្នុងការដ្ឋាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជាកម្មករក្នុងការដ្ឋាននានារបស់ក្រុមហ៊ុនភាពីម៉ិច នោះទេ។
កម្មករខ្មែរដែលស៊ីឈ្នួលដាំដំឡូងឲ្យក្រុមហ៊ុនភាពីម៉ិច នៅការដ្ឋានមួយហៅថា ២៣.៣ ត្រង់ចំណុចស្រែលាវ ស្ថិតក្នុងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសម្ដែងការខឹងសម្បារចំពោះក្រុមមេការជនជាតិចិនមួយក្រុម ដែលបាញ់គំរាម និងវាយកម្មករខ្មែរឲ្យរងរបួស។
ជនរងគ្រោះឈ្មោះ មុត សុខុន អាយុ ២៦ឆ្នាំ ដែលត្រូវក្រុមមេការចិនវាយឲ្យរបួស បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ តុលា ថា កាលពីវេលាម៉ោងប្រមាណ ៩កន្លះយប់ ថ្ងៃទី១១ តុលា កម្មករនៅការដ្ឋាន ២៣.៣ ប្រមាណ ៥០នាក់ បាននាំគ្នារាំច្រៀងលេងកំសាន្តកំដរឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ស្រាប់តែក្រុមមេការចិនមួយក្រុម បានបើកឡានមកបាញ់គំរាមឡើងលើចំនួន ៣គ្រាប់ កម្មករទាំងអស់ក៏នាំគ្នាឈប់រាំ។
គាត់បន្តថា លុះឡានក្រុមមេការចិនបានបើកផុតទៅប្រមាណ ១០០ម៉ែត្រ ពួកគាត់ក៏នាំគ្នារាំលេងបន្តទៀត ស្រាប់តែឡានក្រុមមេការចិនបានបើកត្រឡប់មកវិញ ព្រមទាំងបាញ់គំរាមពួកគាត់សាថ្មីម្ដងទៀត ដោយបាញ់ផ្ចុកដីខ្លះ និងបាញ់ឡើងទៅលើខ្លះ។ មិនតែប៉ុណ្ណោះ ថែមទាំងចាប់កម្មករខ្លះវាយតប់ទាត់ធាក់យ៉ាងព្រៃផ្សៃ៖ «ខ្ញុំរត់មកផ្ទះ គាត់តាមមកទាត់ខ្ញុំ ២ជើង។ ខ្ញុំលើកដៃសំពះគាត់ ថាបងអើយខ្ញុំអត់ដឹងអីទេ តែគាត់ទាត់ខ្ញុំតែម្ដង។ មុនដំបូង ទាត់ឆ្អឹងជំនីរ តែខ្ញុំរង ដល់ទាត់មួយជើងទៀត ត្រូវចំគុម្ពថ្គាមខ្ញុំៗក៏រមៀលធ្លាក់ក្នុងលូទឹកស្អុយតែម្ដង»។
កម្មការិនីម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងបន្ថែមថា គាត់រត់ទៅពួនក្នុងចម្ការដំឡូងផុត កុំអីគាត់ក៏ត្រូវគេវាយដែរ៖ «ពួកខ្ញុំស្មានថាគេបាញ់កាំភ្លើងផាវសម្លុតទេ តែដល់គេចេញផុតទៅ ពួកខ្ញុំទៅមើលក៏រើសបានសំបកគ្រាប់៨។ ហើយវាវ៉ៃពួកកម្មករទៀត គ្នាអង្គុយនៅនឹងផ្លូវសោះ វាមកបាញ់ប្រឡោះជើងហ្នឹង គ្នាសំពះសុំទោសវាហើយ តែវាធាក់គ្នា ១ជើង ហើយទាត់ចំសៀតផ្កាគ្នាមួយជើងធ្លាក់ក្នុងលូ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមមេការចិន ដែលបានប្រព្រឹត្តអំពើហិង្សាមកលើប្រជាពលរដ្ឋ ដែលជាកម្មករដាំដំឡូងនៅការដ្ឋាន២៣.៣ បានទេ នៅថ្ងៃទី១២ តុលា នេះ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើតុំ លោក សន ឡុង មានប្រសាសន៍ថា ការដ្ឋាន២៣.៣ មិនស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ឃុំឈើតុំ ទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំអន្សាចំបក់។ ប៉ុន្តែ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្សាចំបក់ លោក ឈឹម ឡឹង បានពន្យល់ថា ចំណុចស្រែលាវ ស្ថិតក្នុងភូមិទៀនព្រៃ ឃុំឈើតុំ មិនមែននៅឃុំអន្សាចំបក់ ទេ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងសុំការពន្យល់ពីអធិការនគរបាលស្រុកក្រគរ និងស្នងការនគរបាលខេត្តពោធិ៍សាត់ តែមិនអាចទំនាក់ទំនងបាន ដោយទូរស័ព្ទរោទ៍ តែពុំមានអ្នកទទួល។
យ៉ាងនេះក្ដី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី អន សុខុន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកនឹងចុះទៅធ្វើការស្រាវជ្រាវជាបន្ទាន់៖ «បាទ!មិនអីទេ ចាំខ្ញុំចុះទៅសាកសួរមើល។ យប់មិញហ្នឹងមែនទេ?»។
ប្រភពពីអាជ្ញាធរដែនដីភូមិ ឃុំ ស្ថិតក្នុងភូមិសាស្ត្រដែលមានការដ្ឋានដាំដំឡូងមីរបស់ក្រុមហ៊ុនភាពីម៉ិច បានឲ្យដឹងថា អាជ្ញាធរមិនអាចធ្វើការគ្រប់គ្រងរដ្ឋបាលក្នុងការដ្ឋានរបស់ក្រុមហ៊ុនបានទេ ហើយគេក៏មិនអាចដឹងថា តើក្រុមមេការចិន ទាំងនោះអាចកាន់កាប់អាវុធដោយរបៀបណានោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។