ក្នុងនោះដែរ កិច្ចប្រជុំកំពូលអាស៊ាន បូកជាមួយប្រទេសចិន នឹងផ្ដោតលើការដោះស្រាយបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង (South China Sea) ដែលកំពុងតែមានស្ថានការណ៍តានតឹង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកជាមួយប្រទេសចិន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកជាមួយប្រទេសចិននោះ នឹងមានការអនុម័តលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីជម្លោះនៅសមុទ្រចិនខាងត្បូង ដើម្បីរំលឹកខួប ១០ឆ្នាំដែលបានចុះហត្ថលេខារួមកាលពីឆ្នាំ២០០២ កន្លងទៅនៅប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ ក្រសួងការបរទេសកម្ពុជា និងឧត្ដមមន្ត្រីតំណាងឲ្យប្រទេសសមាជិកអាស៊ានចំនួន ១០ កំពុងតែធ្វើសេចក្ដីព្រាងនៃក្រមប្រតិបត្តិស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រចិនខាងត្បូង ហៅកាត់ថា ស៊ី.អូ.ស៊ី (COC= Code of Conducts in South China Sea) ដើម្បីសុំការអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រសួងការបរទេសថា សេចក្ដីថ្លែងការណ៍រួមនោះគឺមានសារសំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង។ លោកសុំឲ្យប្រទេសភាគីជម្លោះគោរពតាមសេចក្ដីថ្លែងការណ៍រួមនោះ៖ «ហេតុដូចនេះ គេមិនអាចនិយាយថា កម្ពុជាព្រងើយកន្តើយ ឬក៏មិនចង់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនេះ។ កម្ពុជាជាប្រធានបានធ្វើអស់ពីលទ្ធភាពខ្លួនហើយ»។
អ្នកវិភាគឯករាជ្យ លោកបណ្ដិត សុខ ទូច បានមានប្រសាសន៍ថា ជម្លោះតានតឹងនៅសមុទ្រចិន ខាងត្បូងនោះ បានទាញឲ្យសហរដ្ឋអាមេរិក សម្លឹងមើលតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់យុទ្ធសាស្ត្រសំខាន់៖ «ដូច្នេះបើសិនជាអាមេរិកនៅតែបន្តសម្លឹងមើលតំបន់មជ្ឈិមបូព៌ា ឬសម្លឹងមើលទ្វីបអឺរ៉ុប អាមេរិក និងបាត់បង់សក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ហើយទី៣ បើសិនអាមេរិកមិនគិតអាស៊ីទេ រឿងបញ្ហានៅសមុទ្រចិនខាងត្បូងកើតឡើង សហរដ្ឋអាមេរិកពិបាកធ្វើដំណើរតាមនាវាចរណ៍ ហើយការស្វែងរកផលចំណេញនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមុទ្រមួយក្រោមការត្រួតពិនិត្យទាំងអស់ ទាំងថាមពល ទាំងសេដ្ឋកិច្ច ទាំងនាវាចរណ៍ ទាំងទីផ្សារ គឺសហរដ្ឋអាមេរិកលំបាក»។
ប្រទេសសមាជិកអាស៊ានចំនួន៤ ដែលកំពុងតែមានជម្លោះតានតឹងជាមួយប្រទេសចិន នៅតំបន់សមុទ្រចិនខាងត្បូងនោះ មានដូចជាប្រទេសវៀតណាម ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ។
ទាក់ទងនឹងជម្លោះតានតឹងនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានមានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះថា សហរដ្ឋអាមេរិកជំទាស់រាល់វិធានការប្រើកងកម្លាំងទ័ពដើម្បីដោះស្រាយជម្លោះនោះ។
សេចក្ដីរាយការណ៍តាមវិទ្យុ ប៊ី.ប៊ី.ស៊ី (BBC) នៃប្រទេសអង់គ្លេស ថ្មីៗនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតែពង្រឹងវត្តមានយោធានៅប្រទេសអូស្ត្រាលី ជាប្រទេសសម្ព័ន្ធមិត្ត ដើម្បីយកតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់យុទ្ធសាស្ត្រសំខាន់ក្នុងការប្រជែងអំណាចជាមួយប្រទេសចិន។
លោក វិន ជាបាវ គ្រោងទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព និងជួបលោក ហ៊ុន សែន
តាមប្រសាសន៍របស់លោក ហោ ណាំហុង បានឲ្យដឹងថា នៅក្នុងអំឡុងមកទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា លោក វិន ជាបាវ នឹងគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះបរមសពព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សហនុ នៅឯព្រះបរមរាជវាំង។
លោក វិន ជាបាវ ក៏នឹងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា និងចិន។
លោក ហោ ណាំហុង មិនបានប្រាប់ឲ្យដឹងទេថា មានមេដឹកនាំប្រទេសណាខ្លះទៀតនឹងមកគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។