សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​កោះ​ហៅ​សាក្សី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​មួយ​រូប ដែល​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម អ៊ិន រតនា នោះ​ហើយ។
ដោយ ទីន ហ្សាការីយ៉ា
2012-05-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈុត វុទ្ធី ៣០៥
ពិធី​ដង្ហែ​សព​លោក ឈុត វុទ្ធី នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។ លោក ឈុត វុទ្ធី ត្រូវ​គេ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។
RFA/Sek Bandith

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា សមត្ថកិច្ច​របស់​លោក​កំពុង​សាកសួរ​សាក្សី​នៅ​កន្លែង​កើត​ហេតុ ដើម្បី​ស្វែង​រក​ឃាតក​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ និង​មន្ត្រី​ប៉េអិម​មួយ​រួប​ទៀត។

លោក ថុង ណារ៉ុង មិន​បាន​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ​អំពី​បញ្ហា​នេះ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា លោក​កំពុង​សាកសួរ​សាក្សី​ទាំង​នោះ​នៅ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​ប្រ​ធាន​សន្តិសុខ​ក្រុមហ៊ុន​កាប់​ឈើ​ ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) នៅ​វាលបី ឃុំ​ប៉ាក់ខ្លង ស្រុក​ម ណ្ឌលសីមា ខែត្រ​កោះកុង។

លោក អំ សំអាត បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ រ៉ាន់ បូរ័ត្ន នេះ ជា​កូន​ប្រុស​របស់​ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខែត្រ​កោះកុង ឈ្មោះ ហ៊ុន រ៉ាន់ ហើយ​លោក​ក៏​ជា​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​កាប់​ឈើ​នេះ​ដែរ។

លោក អំ សំអាត បាន​អះអាង​ថា កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ដែល​ថា មន្ត្រី​ប៉េអិម​ឈ្មោះ អ៊ិន រតនា ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​បាញ់​សម្លាប់​ខ្លួន​ឯង​ទៀត​នោះ ជា​គោលបំណង​មួយ​របស់​កងរាជអាវុធហត្ថ​ចង់​បិទបាំង​ឃាតក​ពិត។

កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ នៅ​មុន​ពេល​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ ដែល​រដ្ឋាភិបាល​បាន​បង្កើត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដឹកនាំ​ដោយ​លោក ម៉ក់ ជីតូ ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ហើយ​លោក​បាន​ដឹកនាំ​សមាជិក​គណៈកម្មការ​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​នៅ​ខែត្រ​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា។

ទាក់ទង​នឹង​ករណី​នេះ លោក ម៉ក់ ជីតូ ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា។

ភរិយា​សព​លោក ឈុត វុទ្ធី នៅ​ក្នុង​ឱកាស​បុណ្យ​សព​លោក ឈុត វុទ្ធី គម្រប់​ខួប ៧​ថ្ងៃ គឺ​អ្នកស្រី សំ ចាន់ធី បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​អាច​រក​ឃាតក​ដែល​សម្លាប់​ស្វាមី​របស់​អ្នកស្រី​ឃើញ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​នោះ។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក នៅ​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។

អ្នក​នាំ​ពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក រ៉ូផើត ខូលវីល (Rupert Colville)។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដោយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ស៊ីវិល​ពេញលេញ និង​ឆាប់​រហ័ស​មួយ ប្រកប​ដោយ​សុចរិត​ភាព និង​ឯករាជ​ភាព​បំផុត។

លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ស៊ើប​អង្កេត​ត្រូវ​តែ​ស្វែង​រក​សាក្សី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​សាកសួរ រួម​ទាំង​បុគ្គលិក​យោធា និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​តំបន់​គេ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​មួយ​រូប​ទៀត​នោះ។ លោក​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជា​បន្ទាន់ និង​ជាក់​ស្ដែង ដើម្បី​ធានា​ដល់​សុវត្ថិភាព​សាក្សី និង​អ្នក​ស៊ើប​អង្កេត​ទាំង​អស់ ព្រម​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ដែរ។

ដោយ​ឡែក​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​លើក​ឡើង​ថា ក្រោយ​ពេល​ក្រុម​ស៊ើប​អង្កេត​នេះ រក​ឃាតក​ពិត​សម្លាប់​លោក ឈុត វុទ្ធី និង​ប៉េអិម អ៊ិន រតនា ហើយ​នោះ ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមហ៊ុន​កាប់​ឈើ និង​អង្គភាព​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង​ទៀត ថា​តើ​អង្គភាព​នេះ​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​កាប់​ឈើ ហើយ​ក្រុមហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ​ដែរ ឬ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (28)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សក្សីដែលបានឃើញមានតែប៉ុន្មានអ្នកប៉ុណ្ណោះ ទោះជាយ៉ាងណាមានតិចតួចបំផុតក្នុងចំណោមអ្នកទាំងនោះ ដែលដឹងរឿងពិតពីក្រោយឃាតកម្មនេះ។ បើខ្ញុំជា អ៊ិន រតនា ខ្ញុំនឹងមិនសម្លាប់ខ្លួនឯងទេក្រោយពេលដែលខ្ញុំសម្លាប់ លោក ឈុត វិទ្ធី លើកលែងតែមានឃាតករនៅពីក្រោយឃាតករ។ រដ្ឋាភិបាលត្រូវតែរកឱ្យឃើញអ្នកនៅពីក្រោយឃាតកម្មនេះ។នេះជាសំណូមពរដ៏ទទូចពីប្រជាជនកម្ពុជា...

May 03, 2012 10:01 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលគួរតែធ្វើអ្វីមួយដើម្បីកុំអោយមានរឿងកើតទ្បើងដដែលៗ!!!!​អ្នកស្លាប់បានតែស្លាប់ប៉ុន្តែមិនដែលរកឃើញឃាតករពិតនុះទេ!!!

May 03, 2012 06:56 AM

អ្នក​អាន​អនាមិក

ដូចគ្នាណាស់ ឃាតករគឺតែមួយ ដូចគ្នា នឹង លោក ជា វិជា ណាស់ សូមរាជរដ្ឋាភិបាល សូមមេត្តាកុំសង្ស័យ រឺ ដើរចាប់ពាសវាលពាសកាលទៀតអី បើចង់ចាប់នោះ សូមរដ្ឋាភិបាល សួរខ្លួនឯងទៅ តើអ្នកណាជាអ្នកដៃដល់នោះ ដឹងច្បាស់ណាស់ គឹមានតែក្រុមហ៊ុន នឹង អ្នកក្នុងជួររដ្ឋាភិបាលទេ ដែលជាអ្នកធ្វើ និយាយអោយខ្លីទៅ។

May 03, 2012 06:19 AM

អ្នក​អាន​អនាមិក

តើបុគ្គលិករដ្ធាភិបាលប៉ុន្មានអ្នកទៀតដែលមានតួនាទី ហើយ​ស៊ីឈ្នួល​ឲ្យបរទេស​ដើម្បីបំផ្លាញធនធានធម្មជាតិនៃ​ ប្ររ​ទេស​របសខ្លួន​ និងហ៊ានសម្លាប់ជនរួមជាតិរបស់​ខ្លួន?

May 03, 2012 04:38 AM

អ្នក​អាន​អនាមិក

រាល់ឃាតកម្ម ចាប់បានតែឃាតករ​ !!! ហើយឃាតករក្លែងក្លាយទៀត

May 03, 2012 01:06 AM

មើល​មតិ​ទាំង​អស់.