ការអាក់ខាននេះ គឺដោយសារកម្មករដែលជាអ្នកប្រមូលសំរាមភាគច្រើន ត្រូវឈប់សម្រាកទៅពិនិត្យឈ្មោះ ឬចុះឈ្មោះបោះឆ្នោត និងបុណ្យភ្ជុំបិណ្ឌ។
សាលារាជធានីភ្នំពេញ ណែនាំអោយពលរដ្ឋនៅក្នុងក្រុងនេះ ត្រៀមវេចខ្ចប់ និងរក្សាទុកដាក់សំរាមអោយបានត្រឹមត្រូវ នៅពេលដែលការប្រមូលសំរាម និងភាពរអាក់រអួលរយៈពេល ៩ថ្ងៃខាងមុខ ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា តទៅ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៤ ខែតុលា បានអោយដឹងថា សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងមិនបានពេញលេញ ពីថ្ងៃទី១១ ដល់ ១៩ ខែតុលា។ ក្នុងរយៈពេលនេះ កម្មករកម្មការិនីនៃក្រុមហ៊ុនស៊ីនទ្រី (CINTRI) ភាគច្រើន ត្រូវអនុញ្ញាតអោយឈប់សម្រាក ដើម្បីទៅពិនិត្យឈ្មោះ ឬចុះឈ្មោះបោះឆ្នោត និងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។ ការប្រមូលសំរាម នឹងធ្វើជាធម្មតាវិញនៅថ្ងៃទី២០ ខែតុលា។
សេចក្ដីជូនដំណឹងដដែលបន្តថា ពលរដ្ឋក្នុងរាជធានីភ្នំពេញ មិនត្រូវបញ្ចេញសំរាមទៅខាងក្រៅផ្ទះ និងតាមទីសាធារណៈ ដែលនឹងធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ការធ្វើចរាចរណ៍ អនាម័យ សោភណភាព និងបរិស្ថានទីក្រុង។
អនុប្រធានក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនមួយទទួលបន្ទុកប្រមូលសំរាមក្នុងទីក្រុងភ្នំពេញ លោក សេង ចំរើន មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៦ ខែតុលា ថា កម្មករដែលបំពេញការងារនៅថ្ងៃបុណ្យ អាចនឹងមានចំនួនតិច ដូច្នេះការប្រមូលសំរាមត្រូវបែងចែងតាមតំបន់ គឺប្រមូលឆ្លាស់កន្លែង ឬឆ្លាស់ថ្ងៃគ្នា។ លោកបានសំណូមពរអោយពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ជួយរក្សាសំរាមអោយបានត្រឹមត្រូវ ដើម្បីសោភណភាព និងសុខភាពទាំងអស់គ្នា។
លោក សេង ចំរើន៖ «អ៊ីចឹង អាស្រ័យលើចំនួនកម្មករ ដែលយើងមានជាក់ស្តែង ព្រោះថាចំជាថ្ងៃឈប់សម្រាក យើងអត់អាចធ្វើអីលើសពីហ្នឹងទៅទៀតទេ។ មានតែអាជ្ញាធរ និងខាងខ្ញុំ អាចជួយសហការគ្នា និងបងប្អូនប្រជាពលរដ្ឋយើងជួយចូលរួមដែរ។ វាជាការងាយទេ គ្រាន់តែគាត់ទុកដាក់សំរាមរាល់ដងនៅក្នុងថង់ហ្នឹង ហើយគាត់មើលទៅសំរាមណាដែលយើងអាចចងទុកបាន កុំអោយវាមានទឹក វាស្អុយ។ ហើយចងទុកអោយបានត្រឹមត្រូវក្នុងរយៈពេល ២ ទៅ ៣ថ្ងៃហ្នឹង ហើយដាក់ក្នុងធុងផ្ទះគាត់ហ្នឹងទៅ»។
លោក សេង ចំរើន បន្តថា ក្នុងពេលបច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញ គឺមានចំនួន ១.៤០០តោនក្នុងមួយថ្ងៃ ហើយចំនួននេះនឹងថយចុះនៅប្រហែលពាក់កណ្ដាល នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
អ្នកសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ខ្វះកម្មករធ្វើការនៅថ្ងៃបុណ្យ បានក្លាយជាទម្លាប់ហើយសម្រាប់សេវាកម្មប្រមូលសំរាមនៅកម្ពុជា។ លោកថា ប្រការនេះអាចបណ្ដាលមកពីខ្វះការយកចិត្តទុកដាក់ និងការលើកទឹកចិត្តកម្មករ៖ «ច្រកចេញប្រហែលអាចមាន គឺតាមរយៈការដំឡើងតម្លៃនៃការប្រមូលសំរាម ជាពិសេសអាចដោះស្រាយបញ្ហាភាពយឺតយ៉ាវ នៃប្រាក់លើកទឹកចិត្តដល់កម្មករ។ ការឡើងថ្លៃហ្នឹង ធ្វើម៉េច គឺក្នុងតម្លៃមួយដែលអាចទទួលយកបាន ចៀសវាងធ្វើអោយអ្នកប្រើប្រាស់ ឬពលរដ្ឋក្នុងរាជធានីភ្នំពេញ គេចពីការបង់ថ្លៃសំរាមហ្នឹង»។
នៅក្នុងរយៈពេលបីថ្ងៃ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែមេសា កន្លងមក ពលរដ្ឋក្នុងរាជធានីភ្នំពេញ បានរអ៊ូរទាំពីការកកស្ទះសំរាម ដែលធ្វើអោយស្អុយរលួយ និងមានក្លិនអាក្រក់ ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ការយឺតយ៉ាវក្នុងការប្រមូលសំរាមនៅពេលនោះ បានធ្វើឲ្យសំរាមចំនួន ៣ពាន់តោន ត្រូវគរស្អុយរលួយនៅតាមដងផ្លូវ ក៏ដូចជាទីសាធារណៈនានា ក្នុងក្រុងនេះ ដោយសារប្រមូលមិនទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។