មន្ត្រី​រាជការ​នៅ​មណ្ឌលគិរី​មិន​បាន​បើក​ប្រាក់​បៀវត្ស​៣​ខែ​ហើយ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ ក៏​ប៉ុន្តែ​មន្ត្រី​រាជការ​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មិន​បាន​បើក​ប្រាក់​ខែ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១២ រហូត​មក​ទល់​នឹង​ខែ​មេសា នេះ។
ដោយ រដ្ឋា វីសាល
2012-04-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​រាជការ និង​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវសីមា ខ្លះ​បាន​ត្អូញត្អែរ​ពី​ផល​លំបាក និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត យក​ចិត្ត​ទុក​ដាក់​ពិនិត្យ និង​ដោះស្រាយ​បើក​ប្រាក់​ខែ​មន្ត្រី​រាជការ​បាន​ទាន់​ពេល​វេលា ដើម្បី​ពួក​គាត់​មាន​លទ្ធភាព​ប្រើប្រាស់​ប្រាក់ខែ​ទិញ​ស្បៀង​អាហារ​ចិញ្ចឹម​ក្រុម​គ្រួសារ និង​រៀបចំ​ធ្វើ​បុណ្យ​ទាន​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វ៉ាន់វុធ បាន​បញ្ជាក់​ថា ការ​យឺតយ៉ាវ​នេះ​កើត​ឡើង​ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ប្រតិភូកម្ម​ថវិកា ឬ​ផ្ទេរ​អំណាច​បើក​ប្រាក់​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​បើក​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ។ ករណី​នេះ​មន្ត្រី​ស្រុក​មិន​មាន​បទពិសោធន៍​រៀបចំ​ឯកសារ បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ស្ថាប័ន​ជំនាញ​ទើប​មិន​អាច​ដក​ប្រាក់​មក​បើក​ជូន​មន្ត្រី​រាជការ​បាន​ទាន់​ពេល​វេលា។ ករណី​នេះ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិត​ខំ​ដោះស្រាយ​បញ្ហា​នេះ​ហើយ។ លោក​រំពឹង​មន្ត្រី​រាជការ​ក្នុង​ស្រុក​នឹង​អាច​បើក​ប្រាក់​ខែ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

លោក ស៊ិន វ៉ាន់វុធ៖ «កាល​មុន​យើង​ដឹង​តែ​ដល់​ខែ​បើក​ពី​ខេត្ត ដល់​ពេល​ឥឡូវ​យើង​ត្រូវ​រត់​ឯកសារ​ធ្វើ​ឯកសារ​អ្វី​ដោយ​ខ្លួន​ឯង ទៅ​បើក​ពី​ធនាគារ ហើយ​ដើម្បី​បាន​សែក (មូលប្បទានប័ត្រ) បាន​អី យើង​ត្រូវ​តែងតាំង​ភ្នាក់ងារ​បើក​ផ្ទាល់ ដូច្នេះ​វា​មាន​ការ​លំបាក ហើយ​យើង​មិន​ដែល​ធ្លាប់​ឆ្លង​កាត់។ប្រហែល​ជា​ថ្ងៃ​ហ្នឹង ឬ​ស្អែក​តែ​ប៉ុណ្ណឹង»

ចំណែក​នៅ​ខេត្ត​រតនគិរី វិញ កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ ការ​ធ្វើ​ប្រតិភូកម្ម​ថវិកា ឬ​ផ្ទេរ​អំណាច​បើក​ប្រាក់​ពី​អាជ្ញាធរ​ខេត្ត​ទៅ​អាជ្ញាធរ​ស្រុក បាន​ធ្វើ​ឲ្យ​ករណី​បើក​ប្រាក់​ខែ​មន្ត្រី​រាជការ​យឺតយ៉ាវ​បី​ខែ ហើយ​បញ្ហា​នេះ ធ្វើ​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​មន្ត្រី​មាន​ជីវភាព​ទាប​មួយ​ចំនួន ដូច​គ្នា​នឹង​ខេត្ត​មណ្ឌលគិរី​នេះ​ដែរ។ ក៏​ប៉ុន្តែ​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​តាម​បណ្ដា​ស្រុក រៀបចំ​ឯកសារ​បើក​ប្រាក់​ជូន​មន្ត្រី​រាជការ​រួច​រាល់​ហើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកមានអំនាចពួកគាត់មិនខ្វល់ឡើយ ព្រោះពួកគាត់មានចាយមិនអស់ទៅហើយ។

Apr 11, 2012 03:52 AM

អ្នក​អាន​អនាមិក

​សម្រាប់បញ្ហាដែលមន្ត្រីរាជការ មានភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែនោះ ។ ថ្នាក់ខេត្តឲ្យមន្ត្រីរដ្ឋនាគារជំនាញបង្រៀនដល់មន្រ្តីនៅថ្នាក់ស្រុក ។ ហើយសូមឲ្យមន្ត្រីនៅរដ្ឋនាគារគោរពលើវិជ្ជាជីវៈរបស់ខ្លួនផល។

Apr 09, 2012 10:02 PM