បើទោះជាមានគម្រោងការបែបនេះក្ដី ពួកគេបញ្ជាក់ថា ការប្រជុំរបស់ពួកគេមានការរំខានជាច្រើន ដែលបង្កការលំបាកធ្វើអោយការជួបប្រជុំពុំអាចដំណើរការបានទៅតាមគម្រោង។
តំណាងអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋមកពីប្រទេសជាសមាជិកអាស៊ាន ដែលជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ ហៅការរំខានពីសំណាក់អាជ្ញាធរតាមមូលដ្ឋានថា ធ្វើអោយខូចមុខមាត់រដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាន និងប៉ះពាល់ទៅដល់ការបង្កើតសហគមន៍អាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខ។
ការលើកឡើងនេះ គឺបន្ទាប់ពីកិច្ចប្រជុំមួយចំនួនរបស់អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋត្រូវបង្ខំអោយរំសាយ ដោយសារតែការផ្លាស់ប្ដូរទីកន្លែងជាច្រើនដង ដោយអាជ្ញាធរនៅតាមមូលដ្ឋានបានទៅគំរាមកំហែងមិនអោយម្ចាស់ភោជនីយដ្ឋាន ឬមានកន្លែងជួលសម្រាប់ការប្រជុំអោយលប់ចោលកិច្ចសន្យាជាមួយអង្គការមិនមែនរដ្ឋាភិបាល។ ចំណែកប្រជាពលរដ្ឋជាច្រើនក្រុម ដែលមកពីតាមបណ្ដាខេត្តចូលរួមកិច្ចប្រជុំ ឬសមាជប្រជាជនអាស៊ាន ក៏ត្រូវបណ្ដេញចេញទាំងយប់ពីផ្ទះសំណាក់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា តាមរយៈការរឹតត្បិតនេះ នឹងបង្ហាញនូវរូបភាពមិនល្អមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងឆាកអន្តរជាតិ។ លោក អ៊ូ វីរៈ បន្តថា ពលរដ្ឋនាំគ្នាតវ៉ាអោយមានការកែប្រែ ដើម្បីអោយស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើង បែរជាត្រូវបំបិទសិទ្ធិបន្ថែមមួយកម្រិតទៀត។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ក៏បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗដោយបានថ្កោលទោសទង្វើអាជ្ញាធរកម្ពុជា និងបានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលកម្ពុជា ពុំបានប្ដេជ្ញាចិត្តក្នុងការបង្កើតសមាគមអាស៊ាន ដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ សេចក្ដីថ្លែងការណ៍របស់សមាគមអាដហុក បានអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបញ្ឈប់ការរំខាន ដោយទុកអោយក្រុមអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋបានបើកកិច្ចប្រជុំទៅតាមគម្រោង។
ប្រធានសហភាពការងារកម្ពុជា និងជាអ្នកសម្របសម្រួលសមាជប្រជាជនអាស៊ាន លោក អាត់ ធន់ បានលើកឡើងថា ការបារម្ភពីសុវត្ថិភាពបានជំរុញអោយអាជ្ញាធររំលោភបំពានលើសិទ្ធិជួបប្រជុំរបស់ពលរដ្ឋ។
កិច្ចប្រជុំរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានធ្វើឡើងនៅថ្ងៃពុធទី១៤ ខែវិច្ឆិកា ត្រូវបង្ខំអោយផ្លាស់ប្ដូរទីកន្លែងចំនួន ២លើកជាបន្តបន្ទាប់។ ទីបំផុត អ្នករៀបចំកម្មវិធីបានសម្រេចទៅធ្វើនៅទីធ្លារបស់មណ្ឌលកុមារមួយកន្លែងក្នុងសង្កាត់វាលស្បូវ។ នៅទីនោះ ពួកគេខ្វះខាតសម្ភារៈសព្វបែបយ៉ាង ដើម្បីដំណើរការកម្មវិធី និងត្រូវទទួលទានអាហារផ្ទាល់ដី។
តំណាងអង្គការមិនមែនរដ្ឋាភិបាលមកពីប្រទេសឥណ្ឌូនេស៊ី អ្នកស្រី យុនយុន វ៉ាយុននីងក្រាម (Yunyun Wahyuningrum) មានប្រសាសន៍ដែរថា ការរំខានបែបនេះ តែងកើតឡើងជារឿយៗ ប៉ុន្តែរដ្ឋាភិបាលទាំងអស់នៃសមាគមអាស៊ាន ដោយរួមទាំងរដ្ឋាភិបាលកម្ពុជា ផង ត្រូវផ្ដល់ឱកាសអោយពលរដ្ឋបាននិយាយពីបញ្ហារបស់ពួកគេ។ អ្នកស្រី យុនយុន បន្តថា ការពិចារណាយកប្រជាពលរដ្ឋជាសំខាន់ នឹងជួយសម្រួលដល់ការកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងការធ្វើសមាហរណកម្មអាស៊ាន។
ប្រធានគណៈកម្មាធិការរៀបចំវេទិកាអង្គការមិនមែនរដ្ឋាភិបាលអាស៊ាន លោកមេធាវី សុខ សំអឿន មានប្រសាសន៍ថា នៅក្នុងអាស៊ាន គឺមានបែបផែននៃការរស់នៅផ្សេងៗគ្នា ដែលចាំបាច់ត្រូវរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងត្រូវពិចារណាពីរបៀបរបបគ្រប់គ្រង។
ឆ្លើយតបនឹងការចោទប្រកាន់របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ត្រូវមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពុំអធិប្បាយឡើយ ដោយគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ពុំបានរារាំងការជួបប្រជុំណាមួយឡើយ ប្រសិនបើគេបានធ្វើដោយស្របច្បាប់។
បើទោះជាយ៉ាងណា អ្នកវិភាគឯករាជ្យលោក កែម ឡី បញ្ជាក់ថា រដ្ឋាភិបាលគួរតែទាញយកប្រយោជន៍ពីកិច្ចប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅពេលនេះ ដើម្បីអោយស្របទៅនឹងធម្មនុញ្ញអាស៊ាន ដែលលើកឡើងថា អាស៊ាន គឺជាមជ្ឈមណ្ឌលពលរដ្ឋ។ លោក កែម ឡី បន្តថា ពួកគេកម្រនឹងមានឱកាសបាននិយាយពីតម្រូវការរបស់ពួកគេប្រាប់ទៅរដ្ឋាភិបាលបែបនេះណាស់។
កិច្ចប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល និងវេទិកាប្រជាជនអាស៊ាន បានចាប់ផ្ដើមចាប់តាំងពីថ្ងៃអាទិត្យ ទី១២ បន្តដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ពួកគេមានគម្រោងដើរហែញត្តិ ដែលជាលទ្ធផលនៃកិច្ចប្រជុំដាក់ជូនក្រសួងការបរទេសកម្ពុជា ក្នុងគោលដំណងសុំអន្តរាគមន៍ពីបណ្ដាប្រទេសអាស៊ាន មេដឹកនាំធានាអោយមានការគោរពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។