បញ្ហា​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ស្រុក​គិរីវង់ ខែត្រ​តាកែវ

បញ្ហា​ខ្វះ​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តាម​ជនបទ​សព្វថ្ងៃ​នេះ​គឺ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ធ្វើការ​ដោះស្រាយ​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ផ្ដល់​អណ្ដូង​ទឹក​ដល់​ពលរដ្ឋ​រស់​នៅ​តាម​តំបន់​ជនបទ​យ៉ាង​ណា​ក៏​ដោយ។

0:00 / 0:00

«រឿង​ទឹក​វា​ខ្វះខាត គម្រោង​វា​ឆ្ងាយ ទឹក​ទៅ​ដឹក​ដល់​វត្ត​បួរ​ឯណោះ ហើយ​អណ្ដូង​ស្តុក​ទឹក​វា​មាន​ប្រហែល​ជា​៣​-​៤​អណ្ដូង​ដែរ វា​នៅតែ​អត់​គ្រប់​ព្រោះ​ប្រជាជន​យើង​វា​ច្រើន។ ខែ​វស្សា​អ៊ីចឹង​វា​មិន​អី​ទេ ដល់​ខែ​ប្រាំង​វា​ខ្វះ។ អណ្ដូង​តូចៗ​គោក​អស់​ហើយ តែ​ដាច់​ទឹក​ភ្លៀង​គោក​អស់» ៖ នេះ​ជា​ការបញ្ជាក់​ប្រាប់​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយចំនួន​គឺ​ឃុំ​រាមអណ្ដើក និង​ឃុំ​ព្រៃរំដេង នៃ​ស្រុក​គិរីវង់ ខេត្ត​តាកែវ អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ថ្វីបើ​ក្នុង​រដូវ​នេះ​ជា​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ហើយ​ក៏​ដោយ​ក៏​ការផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​គ្រួសារ​គេ​នីមួយៗ​នៅតែ​ជួប​ការលំបាក​ដែរ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​ទៅ​គេ​មាន​លទ្ធភាព​ក្នុង​ការទទួល​បាន​ទឹក​ស្អាត​យក​មក​ប្រើប្រាស់​ខ្លះ​គឺ​ត្រង​ទឹក​ភ្លៀង ប៉ុន្តែ​ដោយសារ​មិន​សូវ​មាន​ថវិកា​ធ្វើ​អាង​ឬ​ពាង​អុង​សម្រាប់​ស្ដុក​ទឹក​ឲ្យ​បាន​ច្រើន​នោះ គេ​ប្រើ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទឹក​ភ្លៀង​នោះ​ក៏​អស់​ទៅ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​នេះ​បុរស​មួយ​រូប​ឈ្មោះ រុំ នៅ​ភូមិ​ត្រពាំងជៃ ឃុំ​ព្រែរំដេង ស្រុក​គិរីវង់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​នោះ​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ភូមិ​នេះ​គេ​ឃើញ​មាន​អណ្តូង​ចំនួន​៤​ដែរ ប៉ុន្តែ​អណ្តូង​នោះ​មាន​ទឹក​ប្រើ​មិន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ដែល​មាន​ចំនួន​ច្រើន​រយ​គ្រួសារ ហើយ​ដែល​ខ្វះខាត​ខ្លាំង​ជាង​គេ​គឺ​នៅ​ក្នុង​រដូវ​ប្រាំង។

លោក រុំ បាន​ឲ្យ​ដឹង​ថា ៖ «ទៅ​តាម​វត្ត​តាម​អី​អ៊ីចឹង​បាន​មាន​ទឹក ព្រោះ​ស្រះ​លោក​វា​ធំ វា​អាច​ស្តុក​ទឹក​បាន​ច្រើន បើ​តាម​ផ្ទះ អាច​តាម​ពាង​តាម​អី​បន្តិច​បន្តួច ដល់​ពេល​វា​ដាច់​ទឹក​ភ្លៀង​ទៅ យើង​អត់​ដឹង​យក​មក​ពី​ណា។ តាម​អណ្ដូង​ក៏​វា​រីង ប្រើប្រាស់​គ្នា​ច្រើន មនុស្ស​វា​ច្រើន តែ​អណ្ដូង​វា​មាន​តិច»

ចំណែក​ឯ​ប្រជាពលរដ្ឋ​នៅ​ឯ​ភូមិ​ស្វាយស ឃុំ​រាមអណ្ដើក ក្នុង​ស្រុក​គិរីវង់​ដដែល​នេះ ក៏​បាន​បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ​អំពី​បញ្ហា​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នោះ។ អ្នក​ស្រុក​បាន​បញ្ជាក់​ថា​បើ​នៅ​ក្នុង​រដូវ​វស្សា​មិន​ជា​ចោទ​ប៉ុន្មាន​ដែរ​ទេ គឺ​បាន​ទឹក​ភ្លៀង​ត្រង​ទុក ហើយ​និង​អាច​ដង​នៅ​តាម​អណ្ដូង​បាន​ខ្លះ ក៏ប៉ុន្តែ​អណ្ដូង​ទាំង​នោះ​ក៏​មិន​គ្រប់គ្រាន់​ដែរ។

បុរស​មួយ​រូប​ឈ្មោះ ឃុត អឿន ក្នុង​ចំណោម​អ្នក​ភូមិ​ស្វាយស​បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ៖ «បញ្ហា​ទឹក​និយាយ​រួម​រដូវ​វស្សា​អ៊ីចឹង​មិន​ខ្វះ​ទេ ក៏ប៉ុន្តែ​ដោយឡែក​នៅ​រដូវ​ប្រាំង​វិញ ខ្វះ ដូច​ថា​ទៅ​ដឹក​ឆ្ងាយៗ។ ឆាប់​ភ្លៀង​ទៅ​វា​អត់​អី​ប៉ុន្មាន​ទេ ដល់​ពេល​ក្រ​ភ្លៀង​គឺ​ត្រូវតែ​ដឹក​វេទនា​អ៊ីចឹង​រហូត​តែម្ដង»

អនុ​ប្រធាន​ភូមិ​ស្វាយស លោក ង៉ែត បុស បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ភូមិ​នេះ​ពិត​ជា​មាន​ការខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​មែន​ហើយ ពីព្រោះ​នៅ​ក្នុង​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នោះ​គឺ​មាន​អណ្ដូង​ស្នប់​មួយ​និង​ត្រពាំង​មួយ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​តាម​ការសង្កេត​របស់​អ្នក​ដែល​មាន​លទ្ធភាព​រក​ទឹក​ស្អាត​ប្រើប្រាស់​បាន​នោះ គឺ​មាន​ប្រមាណ​តែ​៣០%​ប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​ស្វាយស​នេះ។

លោក ង៉ែត បុស បាន​មាន​ប្រសាសន៍​ថា ៖ «ក្រៅពី​ហ្នឹង​ខ្វះ​ខាត​ទឹក​អណ្ដូង​ស្នប់​ហ្នឹង ទឹក​ស្អាត​ខ្វះ​ហើយ។ ហើយ​ខ្ញុំ​សំណូមពរ​ទៅ​ថ្នាក់​លើ​ដែរ ប៉ុន្តែ​គម្រោង​ធ្វើ​ទៅ​បាត់ សុំ​អត់​បាន»

ចំពោះ​ការបញ្ជាក់​ប្រាប់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​ថា​មាន​ការខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នេះ ប៉ុន្តែ​បើ​តាម​ការអះអាង​របស់​មេ​ឃុំ​រាមអណ្ដើក លោក ឈឹម ម៉ូត ដោយ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​នៅ​ក្នុង​ភូមិ​មួយៗ​គឺ​សុទ្ធតែ​មាន​អណ្ដូង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ៖ «អណ្ដូង​ធ្វើ​ហើយ​តើ​ភូមិ​ស្វាយស អណ្ដូង​ប្រោះ អណ្ដូង​ថ្ម​ហ្នឹង ៥​-​៦​ឯណោះ។ ...ទឹក​មាន​ខួប​ប្រាំង ខួប​វស្សា»

ទាក់​ទង​ទៅ​នឹង​ការខ្វះខាត​ទឹក​ស្អាត​សម្រាប់​អ្នក​ជនបទ​ប្រើប្រាស់​នេះ បើ​តាម​ការបញ្ជាក់​ប្រាប់​របស់​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ផ្នែក​ផ្គត់ផ្គង់​ទឹក​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​តាម​ជនបទ​ប្រមាណ​៦០%​នៅ​មិន​ទាន់​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ​ទេ។

ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក​វេជ្ជបណ្ឌិត ម៉ៅ សារ៉ាយ បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​នៅ​តាម​ជនបទ​នៃ​ខេត្ត​មួយចំនួន​ដែរ​កន្លង​មក ហើយ​និង​ក៏​កំពុងតែ​បន្ត​ការអនុវត្ដ​កម្មវិធី​នេះ ក៏ប៉ុន្តែ​ប្រការ​ដែល​នៅ​មាន​ការខ្វះខាត​មិន​ទាន់​អាច​បំពេញ​សេចក្តី​ត្រូវការ​បាន​នោះ​ពីព្រោះ​ផ្អែក​ទៅ​តាម​ថវិកា​ជាតិ​ដែល​មាន​និង​តាមរយៈ​ម្ចាស់​ជំនួយ។

លោក​បាន​បន្ត​ថា ដូច្នេះ​កម្មវិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ត្រូវ​បាន​គេ​ជ្រើសរើស​តំបន់​គោលដៅ​កន្លែង​ដែល​មាន​ការខ្វះខាត​ទឹក​ច្រើន​ជាង​គេ។

លោក​វេជ្ជបណ្ឌិត ម៉ៅ សារ៉ាយ បាន​បញ្ជាក់​ថា ៖ «ហើយ​ដល់​តំបន់​ទិសដៅ យើង​មិន​អាច​ថា​មួយ​ឆ្នាំ យើង​ធ្វើ​គ្រប់​ទាំង​កន្លែង​ណា​ដែល​ខ្វះខាត​ទេ គឺ​យើង​ធ្វើ​ទៅ​តាម​អាទិភាព​កន្លែង​មួយៗ។ មិន​មែន​ក្នុង​ន័យ​ថា យើង​មិន​ធ្វើការ​ផ្ដល់​ជូន​ទេ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​ជូន​វា​មាន​ដំណាក់កាល។ ឧបមាថា ២០០៨ ទៅ​តំបន់​ប៉ុន្មាន​ភូមិ​ហ្នឹង​ទៅ​នៅ​ក្នុង​ស្រុក​ហ្នឹង ២០០៩​-​២០១០​អី​អ៊ីចឹង វា​មាន​ជំហានៗ​របស់​វា»

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​មិន​ទាន់​បាន​គ្រប់​តម្រូវការ​ក្តី​ក៏​គេ​បាន​ផ្តល់​ទឹក​ស្អាត​ឲ្យ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​បាន​ចំនួន​៤០%​ដែរ​កន្លង​មក​នោះ​ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ពី​អង្គការ​មួយចំនួន​ដូច​ជា អង្គការ UNICEF ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក​ជាដើម។ ចំពោះ​ការផ្ដល់​គឺ​គេ​បាន​បែងចែក​តាម​បច្ចេក​វិជ្ជា​នូវ​ប្រភព​ទឹក​ចំនួន​៧ ដែល​រួម​មាន​ការជីក​អណ្ដូង​ស្នប់ អណ្ដូង​ដាក់​លូ អណ្ដូង​ខួង ផ្ដល់​ផើង​ចម្រោះ​ទឹក​ស្អាត​តាម​គ្រួសារ ជីក​ស្រះ​សម្រាប់​សហគមន៍​ដោយ​មាន​បន្ដ​ភ្ជាប់​នូវ​បណ្ដាញ​ចម្រោះ​ទឹក​ព្រមទាំង​ផ្តល់​អាង​សម្រាប់​សន្សំ​ទឹក​ភ្លៀង។

គួរ​ជម្រាប​ជូន​ដែរ​ថា ការខ្វះខាត​ទឹក​ស្អាត​សម្រាប់​អ្នក​ជនបទ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​សព្វថ្ងៃ​នេះ​គេ​ឃើញ​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​សម្ដែង​ការព្រួយ​បារម្ភ​ផងដែរ​ថា កម្ពុជា​មាន​កម្រិត​នៃ​ការរក្សា​អនាម័យ​ទាប​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ក្នុង​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការខ្វះខាត​អនាម័យ​និង​ការខ្វះខាត​ការផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា​បាន​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​រាករូស ហើយ​មាន​អ្នក​ស្លាប់​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃរំដេង​និង​រាមអណ្ដើក​នៃ​ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រឿយៗ​គេ​តែង​ជួប​ប្រទះ​នឹង​ជំងឺ​រាករូស​នេះ​ផងដែរ ដោយសារតែ​ខ្វះខាត​ទឹក​ហើយ​ទទួល​ទាន​ទឹក​មិន​ស្អាត​នោះ ដូច្នេះ​គេ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​ទឹក​ស្អាត​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់៕