លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា ការប្តឹងឧទ្ធរណ៍តវ៉ាលើសំណុំរឿង ឌុច ដែលធ្វើឡើងដោយសហព្រះរាជអាជ្ញានោះគឺជារឿងវិជ្ជមានមួយ។
លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង បានឲ្យដឹងថា ៖ «ទាក់ទិនជាមួយនឹងស-២១ដែលឌុចធ្វើជាប្រធានហ្នឹង យើងបានធ្វើការអង្កេតលើអង្គហេតុទាំងអស់ គ្រាន់តែវាមានទស្សនៈខុសគ្នាដែលច្បាប់ខ្មែរយើងកន្លងមកហ្នឹង ក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ហ្នឹង យើងនៅមានច្បាប់ជាតិធម្មតាទេ។ ទស្សនៈខ្លះថា ទាល់តែអង្គជំនុំជម្រះបានទៅជាអ្នកស្រូបមួយ គ្រាន់តែបញ្ចូលទោសអីជាដើម។ អ៊ីចឹងវាអាចមានបញ្ហាហ្នឹង អ៊ីចឹងការប្ដឹងហ្នឹងវាជាការមួយដែលជជែកគ្នាឃើញថាល្អដែរ»។
សូមជម្រាបថាកាលពីថ្ងៃព្រហស្បតិ៍ ទី២១ សីហា ក្រុមសហព្រះរាជអាជ្ញាបានធ្វើបណ្តឹងឧទ្ធរណ៍ចំពោះដីកាបញ្ជូនរឿង ឌុច។ ក៏ប៉ុន្តែព្រះរាជអាជ្ញាគឺលោកស្រី ជា លាង មិនបញ្ជាក់លម្អិតអំពីចំណុចដែលត្រូវតវ៉ានោះឡើយ។ លោកស្រី ជា លាង ថ្លែងថាគេនឹងដាក់សេចក្តីសន្និដ្ឋានតវ៉ាលម្អិតនៅមុនថ្ងៃទី១០ ខែកញ្ញា។
លោកស្រី ជា លាង ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថាព្រះរាជអាជ្ញាធ្លាប់បានស្នើឲ្យចោទ ឌុច ចំនួន៤ករណី គឺបទអំពើប្រល័យពូជសាសន៍ និងបទល្មើសព្រហ្មទណ្ឌ បន្ថែមលើបទល្មើសដែលបានចោទរួចហើយចំនួនពីរ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាមនោះ។
ក៏ប៉ុន្តែលោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង មានប្រសាសន៍ថា ៖ «នៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួររបស់ខ្ញុំ មើលទៅឃើញមាន Paragraph ដែលខ្ញុំមាននិយាយថាមានអង្គហេតុអំពីការសម្លាប់ទៅតាមបទល្មើសជាតិហ្នឹង ឆ្នាំ១៩៥៦ នៅក្នុងហ្នឹងហើយ គ្រាន់តែបទល្មើសអន្តរជាតិវាមានកម្រិតធំ ហើយការសម្លាប់ហ្នឹង ខ្ញុំចាត់ទុកថាវាជាធាតុផ្សំនៅក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អ៊ីចឹងអង្គហេតុដែលសម្លាប់ហ្នឹង យើងអង្កេតអស់ហើយ ទាំងជាតិទាំងអីហ្នឹង គ្រាន់តែយើងបញ្ជូនថា យើងជ្រើសរើសចោទតែពីរបទល្មើសទេ»។
បើទោះបីជាមានការគ្រោងបើកសវនាការ ឌុច ជាលើកដំបូងក្នុងខែកញ្ញា ឬខែតុលាខាងមុខនេះក៏ដោយ លោកចៅក្រម យូ ប៊ុនឡេង បានថ្លែងថាអ្វីៗស្ថិតនៅលើចៅក្រមអង្គជំនុំជម្រះជាអ្នកសម្រេច។
លោកចៅក្រម យូ ប៊ុនឡេង បានមានប្រសាសន៍ថា ៖ «ជាធម្មតាទេនៅពេលណាដែលមិនមានប្ដឹងឧទ្ធរណ៍ អង្គជំនុំជម្រះគេនឹងរៀបចំកម្មវិធីដើម្បីធ្វើការជំនុំជម្រះ អាហ្នឹងវាប្រហែលជាឆាប់ជាង។ តែបើមានប្ដឹងឧទ្ធរណ៍ហើយ អង្គជំនុំជម្រះគេអត់ទាន់គិតទេ គេចាំមើលតើអង្គបុរេជំនុំជម្រះហ្នឹងសម្រេចថាយ៉ាងម៉េច ? អាហ្នឹងបានគេចាប់គិតឡើងវិញ»។
សូមជម្រាបថា កាំង ហ្កិចអ៊ាវ ហៅ ឌុច គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំខ្មែរក្រហមចំនួន៥នាក់ ដែលប្រឈមការជំនុំជម្រះមុនគេក្នុងរឿងសម្លាប់មនុស្សនៅគុកទួលស្លែង ប្រមាណ១២.០០០នាក់ក្នុងរបបវាលពិឃាតខ្មែរក្រហម៕
