ខុមហ្វ្រែល ចងក្រងអនុសាសន៍១៦ចំណុចដាក់ជូន គ.ជ.ប ពិនិត្យ
2013.01.21
ប៉ុន្តែ មន្ត្រី គ.ជ.ប និងមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនបានចូលរួមក្នុងកិច្ចពិភាក្សានោះទេ បើទោះបីជាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (ខុមហ្រ្វែល = Comfrel) បានអញ្ជើញជាផ្លូវការក៏ដោយ។
អនុសាសន៍ចំនួន ១៦ចំណុចនេះ ត្រូវបានចងក្រងឡើងដោយអង្គការ ខុមហ្រ្វែល ដើម្បីធានាថា ការឃោសនាបោះឆ្នោត និងការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អង្គការខុមហ្រ្វែល បានតម្រូវឲ្យតំណាងគណបក្សនយោបាយនីមួយៗ និងតំណាងអង្គការ សង្គមស៊ីវិលនានា ចុះហត្ថលេខាលើអនុសាសន៍ទាំងនោះ មុនពេលដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៤ ខែមករា ខាងមុខនេះ ជាថ្ងៃអវសាន។
ចំណុចសំខាន់ៗមួយចំនួននៅក្នុងចំណោមអនុសាសន៍ទាំង ១៦ចំណុចនោះ មានដូចជា បង្កើតគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យតែងតាំងសមាជិកគណៈកម្មាធិការរាជធានី និងខេត្តរៀបចំការបោះឆ្នោត គណៈកម្មាធិការសង្កាត់ និងស្រុករៀបចំការបោះឆ្នោត និងគណៈកម្មាធិការការិយាល័យរាប់សន្លឹកឆ្នោត។
គណៈកម្មាធិការទាំងនោះ គប្បីចូលរួមដោយតំណាង គ.ជ.ប និងតំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងសភាជាតិជាដើម។
នាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែល លោក គល់ បញ្ញា បានមានប្រសាសន៍ថា អនុសាសន៍ទាំង ១៦ចំណុចនេះ គឺចង់ធានាថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌សម្រាប់គណបក្សនយោបាយទាំងអស់៖ «អនុសាសន៍នេះ ខាងខុមហ្វ្រែល យើងបានប្រមូលចងក្រងចេញមកពីការពិភាក្សាជាមួយអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សចំនួន ៤ដង និងអនុសាសន៍មួយចំនួនចេញពីវេទិកានៅតាមខេត្តចំនួន៦ ដែលបានធ្វើកន្លងមកនេះ ហើយយើងដាក់បង្ហាញចំណុចសំខាន់ៗនៃអនុសាសន៍ដើម្បីឲ្យមានការពិភាក្សា»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះ លោក ទេព នីថា មិនទាន់អាចធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី២១ ខែមករា ដោយសារតែលោកកំពុងតែជាប់រវល់។
ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាខាងគណបក្ស សម រង្ស៊ី លោក ហូ វ៉ាន់ ដែលបានចូលរួមពិភាក្សាលើអនុសាសន៍ទាំង ១៦ចំណុចនោះ បានមានប្រសាសន៍ថា លោកគាំទ្រអនុសាសន៍ទាំងនេះ ដោយសារតែកន្លងមកគណបក្ស សម រង្ស៊ី បានជួបឧបសគ្គជាច្រើន ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជាដើម។
លោក ហូ វ៉ាន់៖ «ខ្ញុំយល់ថា វាមានប្រយោជន៍ដល់គ្រប់គណបក្សទាំងអស់ ហើយអាចឲ្យនីតិវិធី និងបទបញ្ជានៃការបោះឆ្នោតហ្នឹង កាន់តែមានតម្លាភាព និងទទួលយកបានជាងពេលមុនៗ។ តែយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិស្នើសុំឲ្យ គ.ជ.ប ទទួលយកអនុសាសន៍របស់តំណាងពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទួលយក ដែលមានចែងយ៉ាងច្បាស់សម្រាប់កំណត់ការកែប្រែសមាសភាព គ.ជ.ប និងនីតិវិធីរបស់ គ.ជ.ប»។
គណៈកម្មាធិការជាតិរៀបចំការបោះ គ្រោងចំណាយថវិកាចំនួន ២១លានដុល្លារអាមេរិក នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ដោយរំពឹងថាមានអ្នកបោះឆ្នោតចំនួនជាង ៩លាន ៦សែននាក់ ទៅបោះឆ្នោត។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ ហើយ បានចុះឈ្មោះនៅក្នុងបញ្ជីរបស់ គ.ជ.ប ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខនេះ នេះបើតាមបញ្ជីរបស់ គ.ជ.ប ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។