ខុមហ្វ្រែល​ចេញ​របាយការណ៍​វាយតម្លៃ​លើ​ការបោះឆ្នោត​ឆ្នាំ​២០០៨

នៅ​ថ្ងៃ​ច័ន្ទ ទី​២០ តុលា​នេះ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​ចេញ​របាយការណ៍​ចុង​ក្រោយ​យ៉ាង​ពិស្ដារ​មួយ​របស់​ខ្លួន​ដែល​មាន​ជាង​១០០​ទំព័រ វាយតម្លៃ​លើ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ដ​នា​ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​មក​នេះ។

របាយការណ៍​ដ៏​លម្អិត​នេះ​បាន​ទទួល​ស្គាល់​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​កន្លង​មក​នេះ មាន​ចំណុច​មួយចំនួន​ល្អ​ប្រសើរ​ជាង​មុន។ ចំណុច​ល្អ​ប្រសើរ​ទាំង​នោះ​រួម​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​នៃ​សារព័ត៌មាន ការឃោសនា​នយោបាយ​របស់​គណបក្ស មាន​សកម្មភាព​កើនឡើង មាន​ការថយចុះ​នូវ​ពាក្យបណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​បញ្ហា​បច្ចេកទេស​រដ្ឋបាល នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត និង​នៅ​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត។ ការថយចុះ​នូវ​ការបដិសេធ​មិន​ទទួល​ពាក្យបណ្ដឹង​ក្នុង​ដំណើរការ​បោះឆ្នោត ជា​ពិសេស​ក្នុង​យុទ្ធនាការ​ឃោសនា។ ការប្រសើរ​ឡើង​នូវ​បច្ចេកទេស​និង​ការងារ​រដ្ឋបាល និង​កំណើន​យល់ដឹង​អំពី​សិទ្ធិ​អ្នក​បោះឆ្នោត​និង​លទ្ធិ​ប្រជាធិបតេយ្យ។

ទន្ទឹម​គ្នា​នោះ​ដែរ​របាយការណ៍​ក៏​បាន​លាត​ត្រដាង​អំពី​បញ្ហា​ជា​ច្រើន​ដែល​អង្គការ​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​កន្លង​មក​នេះ។ បញ្ហា​ទាំង​នោះ​រួម​មាន​អំពើ​ហិង្សា​មួយចំនួន​កើត​មាន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​បោះឆ្នោត ដូច​ជា​ការបាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ និង​កូន​ប្រុស​របស់​លោក។ ការគំរាម​កំហែង​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​នយោបាយ​និង​សេរីភាព​ក្នុង​ការសម្ដែង​មតិ។ អ្នក​បោះឆ្នោត​ទទួល​ការគាបសង្កត់​ដែល​នាំ​ឲ្យ​បាត់បង់​ការជ្រើសរើស​ដោយ​ឆន្ទៈ។ ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ភ័យខ្លាច​នូវ​ការសងសឹក​ពី​ថ្នាក់​ដឹកនាំ​ទាំងឡាយ​ដែល​មាន​លទ្ធភាព​ប្រើ​អំណាច​របស់​ខ្លួន​គាបសង្កត់​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​ជីវភាព​គ្រួសារ​របស់​ពួកគេ។

របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ទាក់​ទង​ទៅ​នឹង​បញ្ហា​មួយចំនួន​ការបោះឆ្នោត​ឆ្នាំ​២០០៨​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​លក្ខណៈ​អាក្រក់​ជាង​ការបោះឆ្នោត​ឆ្នាំ​២០០៣ ក្នុង​នោះ​រួម​មាន មន្រ្តី​រាជការ​ស៊ីវិល មន្រ្តី​អាជ្ញាធរ​របស់​រដ្ឋ កងកម្លាំង​ប្រដាប់​អាវុធ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការឃោសនា​រក​សំឡេង​ឆ្នោត​ដើម្បី​គៀរគរ​រក​ការគាំទ្រ​ដល់​គណបក្ស​ប្រជាជន។ អ្នក​បោះឆ្នោត​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ជាង​មុន​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​ការលាង​សម្អាត​បញ្ជី​ឈ្មោះ និង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​មនុស្ស​ជា​ច្រើន​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ។ ភាព​មិន​ប្រក្រតី​ក្នុង​ការចេញ​ប័ណ្ណ​ទម្រង់​១០១៨ និង​បញ្ហា​ជុំវិញ​ការចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ផងដែរ។

ផ្អែក​តាម​លទ្ធផល​រក​ឃើញ​នេះ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ខុមហ្រ្វែល​បាន​បញ្ជាក់​ថា ដំណើរ​វិវឌ្ឍន៍​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​នៅ​ឡើយ៕