មន្ត្រី គ.ជ.ប បានប្រាប់ដល់មន្ត្រីស្ថានទូតទាំងនោះថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានភាពរលូន និងគ្មានពាក្យបណ្ដឹងណាមួយនោះឡើយ។ ទន្ទឹមនឹងការបង្ហាញរបស់ គ.ជ.ប នេះ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ក៏បានចេញរបាយការណ៍បឋមមួយស្ដីពីការរកឃើញភាពមិនប្រក្រតីមួយចំនួននៃប្រតិបត្តិការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ខុមហ្វ្រែល (Comfrel) បានចេញរបាយការណ៍បឋមនៃការសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។
យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានរយៈពេល ៤២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ទុកសំរាប់បំរើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ក្នុងរបាយការណ៍បឋមរបស់អង្គការ ខុមហ្វ្រែល គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ចំនួន ៦ទំព័រ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ បានបង្ហាញថា ប្រតិបត្តិការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឃើញមានភាពមិនប្រក្រតីនៅឃុំសង្កាត់មួយចំនួន ដូចជាស្មៀនមិនគោរពម៉ោងធ្វើការ ឬយឺតយ៉ាវក្នុងការបើក ឬបិទការិយាល័យ ចំនួន ៨ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន ខេត្តកណ្ដាល កោះកុង និងខេត្តសៀមរាប។ រកឃើញករណីបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតចុងក្រោយចំនួន ២សង្កាត់ ក្នុងរាជធានីភ្នំពេញ។ ការខកខាន ឬយឺតយ៉ាវបិទបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១១ ចំនួន ៤ករណី នៅខេត្តប៉ៃលិន ខេត្តតាកែវ និងខេត្តកណ្ដាល។
អង្គការខុមហ្វ្រែល ក៏បានរកឃើញករណីមិនប្រក្រតីមួយចំនួន ដូចជាករណីចុះឈ្មោះអ្នកបោះឆ្នោតដោយមិនមានវត្តមានសាមីខ្លួនចំនួន ២ករណី នៅខេត្តបាត់ដំបង។ ការសង្កេតរបស់អង្គការនេះក៏បានរកឃើញផងដែរថា យុវជនមួយចំនួនបានជួបការលំបាកក្នុងការបំពេញលក្ខខណ្ឌដើម្បីបានចុះឈ្មោះបោះឆ្នោត។ ករណីមួយដោយឡែកទៀត នៅឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី អង្គការខុមហ្វ្រែល បានរកឃើញមន្ត្រីចុះឈ្មោះ ឬស្មៀនឃុំបានយកលុយពីប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតថ្មីប្រមាណជាង ១០នាក់ ចំនួនពី ២ពាន់រៀលដល់ ១ម៉ឺនរៀល។ រីឯនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីមេភូមិបរហ៊ុយត្បូង និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាម្នាក់ បានអង្គុយចាំកត់លេខអត្តសញ្ញាណប័ណ្ណ និងឈ្មោះប្រជាពលរដ្ឋដែលបានមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ខុមហ្វ្រែល មិនបានដឹងមូលហេតុច្បាស់លាស់ថា កត់ និងផ្ទៀងផ្ទាត់ឈ្មោះនោះដើម្បីអ្វីនោះទេ។
ចំពោះអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ខុមហ្វ្រែល បានសង្កេតឃើញថា ពុំមានពាក្យបណ្ដឹងណាមួយដែលបានប្ដឹងជុំវិញការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនេះទេ។ នេះអាចបញ្ជាក់ថា ដោយសារតែពុំមានការចូលរួមសង្កេតការណ៍របស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ព្រោះបើប្រៀបធៀបទៅនឹងការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១១ បណ្ដឹងភាគច្រើនត្រូវបានប្ដឹងដោយគណបក្សនយោបាយ ដូចជាគណបក្ស សម រង្ស៊ី។
ជុំវិញការចេញរបាយការណ៍ថ្មីរបស់អង្គការខុមហ្វែ្រល លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គ.ជ.ប មិនសូវជឿលើរបាយការណ៍របស់អង្គការនេះទេ។ លោក ទេព នីថា បានចាត់ទុកថា ការលើកឡើងក្នុងរបាយការណ៍ដែលថា ការគ្មានពាក្យបណ្ដឹងដោយគណបក្សប្រឆាំងចំនួន ២ ធ្វើពហិការមិនចូលរួមសង្កេតការណ៍នោះ ជាការប្រមាថមើលងាយប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោតខ្លាំងណាស់ ដែលមិនចេះនីតិវិធីនៃការប្ដឹងនៅពេលដែលមន្ត្រីឃុំបដិសេធមិនចុះឈ្មោះបោះឆ្នោត។
លោក ទេព នីថា៖ «ខ្ញុំដូចជាមិនសូវជឿលើរបាយការណ៍នេះទេ ហើយអ្វីដែលយើងពិនិត្យជាក់ស្ដែងនោះ ខ្ញុំបានចុះទៅច្រើនខេត្តដែរ ខ្ញុំអត់ដែលឃើញមានអង្គការសង្កេតការណ៍ណាទេ ឃើញតំណាងគណបក្សមួយពីរប៉ុណ្ណឹង ហើយជាទូទៅ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបានប្រព្រឹត្តទៅល្អ»។
ចំពោះអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល កញ្ញា គង់ រ៉ាវីន បញ្ជាក់ថា របាយការណ៍ដែលខុមហ្វ្រែល ចេញផ្សាយនេះ អាចយកជាការបាន ព្រោះមន្ត្រីសង្កេតការណ៍ខុមហ្វ្រែល ចំនួន ២៥០នាក់ បានចុះទៅអង្កេតផ្ទាល់តាមឃុំសង្កាត់មួយចំនួន។
កញ្ញាបន្តថា ភាពមិនប្រក្រតីមួយចំនួនដែលខុមហ្វ្រែល រកឃើញ អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២៖ «អាចប៉ះពាល់ដល់អ្នកចុះឈ្មោះបោះឆ្នោតដែរ ប្រសិនបើនៅពេលអត់បានគោរពម៉ោងធ្វើការអ៊ីចឹង ប្រជាពលរដ្ឋដែលគាត់ទៅចុះឈ្មោះបោះឆ្នោត អ៊ីចឹងពេលគាត់ចាំយូរ គាត់អាចត្រឡប់ទៅផ្ទះវិញ»។
ក្នុងរបាយការណ៍ខុមហ្វ្រែល បញ្ជាក់ថា ប្រតិបត្តិការនៃការចាត់ចែងចុះឈ្មោះបោះឆ្នោត គ.ជ.ប និងក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀនឃុំសង្កាត់ អាចដំណើរការសម្រេចលទ្ធផលតាមផែនការ និងស្ថិតិដែល គ.ជ.ប បានគ្រោងទុក ប៉ុន្តែលទ្ធផលនៃគុណភាព ព្រមទាំងបរិមាណអ្នកចុះឈ្មោះបោះឆ្នោតបានច្រើននេះ មិនទាន់ធានាថា អ្នកបោះឆ្នោតពិតជាមានឈ្មោះត្រឹមត្រូវ ដែលពួកគេអាចបោះឆ្នោតបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនោះទេ ព្រោះថា ខុមហ្វ្រែល នៅរកឃើញថា នៅមានអ្នកមានសិទ្ធិបោះឆ្នោតមួយចំនួនមិនបានទៅចុះឈ្មោះបោះឆ្នោត។
ខុមហ្វ្រែលក៏បានស្នើសុំឲ្យ គ.ជ.ប ផ្សព្វផ្សាយបន្ថែមទៀតទាក់ទងទៅនឹងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងស្នើសុំឲ្យ គ.ជ.ប និងក្រសួងមហាផ្ទៃ ត្រូវធ្វើសេចក្ដីណែនាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបើកទូលាយឲ្យគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ចូលរួមធ្វើការផ្សព្វផ្សាយការអប់រំ និងព័ត៌មានស្ដីពីការបោះឆ្នោត ជាពិសេសការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។