ខុមហ្វ្រែល​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​តំបន់​អាស៊ាន

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា នេះ រៀបចំ​សិក្ខាសាលា​លើក​ទី​២ ស្តីពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​តំបន់​អាស៊ាន។
ដោយ កេសរណ្ណីយ្យា
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សិក្ខាសាលា​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ការងារ​វិស័យ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន។ គណៈប្រតិភូ​ពី​ប្រទេស​ផ្សេងៗ ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ផង​ដែរ។

កិច្ច​ប្រជុំ​ពិភាក្សា​នឹង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​គាំទ្រ​ការ​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការ​បោះ​ឆ្នោត ប្រកប​ដោយ​គុណភាព និង​វិជ្ជាជីវៈ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។

សិក្ខាសាលា​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ដើម្បី​ពិភាក្សា និង​ចងក្រង​ជា​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដាក់​ជូន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រាជធានី​ភ្នំពេញ នា​សប្ដាហ៍​ក្រោយ​នេះ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា គូស​បញ្ជាក់​ថា សិក្ខាសាលា​នេះ​នឹង​លើក​យក​នូវ​អនុសាសន៍​ចម្បងៗ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​តាម​រយៈ​សំឡេង​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ពី​ប្រទេស​ផ្សេងៗ។

លោក គល់ បញ្ញា៖ «ព្រោះ​គោលការណ៍​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​អាស៊ាន គឺ​អាច​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ផែនការ​របស់​អាស៊ាន ដើម្បី​រៀបចំ​សហគមន៍​នយោបាយ​មួយ ហើយ​និង​សហគមន៍​បោះ​ឆ្នោត​មួយ និង​ធម្មនុញ្ញ​អាស៊ាន ដែល​ថា នឹង​ពង្រឹង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សម្រាប់​ប្រជាជន​អាស៊ាន»

គោលការណ៍​សំខាន់ៗ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដាញ​អាស៊ី សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី (អានហ្វ្រែល-ANFREL) ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ សម្រាប់​ប្រទេស​ក្នុង​ទ្វីប​អាស៊ី គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​ពិភាក្សា​នេះ។ គោលការណ៍​ទាំង​នោះ​រួម​មាន ការ​រៀបចំ​ស្ថាប័ន​ចាត់ចែង​ការ​បោះ​ឆ្នោត​ឱ្យ​មាន​ភាព​ឯករាជ្យ មាន​សមត្ថភាព និង​អំណាច​ពេញលេញ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៃ​ការ​បោះ​ឆ្នោត ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត ពិសេស​ជនជាតិ​ដើម​ភាគ​តិច និង​ជន​ពិការ ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ ព្រម​ទាំង​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​បម្រើ​ការ​ឃោសនា​បោះ​ឆ្នោត​ជាដើម។

លោក គល់ បញ្ញា ថ្លែង​ថា ចំណុច​ទាំង​នេះ​មាន​សារសំខាន់​ណាស់ សម្រាប់​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ជា​បេះដូង​នៃ​លទ្ធិប្រជាធិបតេយ្យ៖ «យើង​យក​គោលការណ៍​ហ្នឹង​មក​ពិភាក្សា​សម្រាប់​អាស៊ាន ហើយ​យើង​នឹង​ប្រើប្រាស់​គោលការណ៍​ហ្នឹង​សម្រាប់​ពង្រឹង​គោលការណ៍​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​អាស៊ាន។ ព្រោះ​ថា បើ​អាស៊ាន​គេ​ទទួល​ស្គាល់​គោលការណ៍​ហ្នឹង វា​នឹង​មាន​ប្រសិទ្ធភាព​ដល់​ប្រទេស​កម្ពុជា​យើង ហើយ​យើង​អាច​នឹង​យក​គោលការណ៍​ហ្នឹង​មក​ពង្រឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យើង»

គោលការណ៍​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ធម្មនុញ្ញ​អាស៊ាន និង​គម្រោង​ផែនការ​របស់​អាស៊ាន ដើម្បី​ឱ្យ​បាន​ក្លាយ​ជា​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ ដែល​ក្នុង​នោះ សមាជិក​មួយ​ចំនួន​ជា​ប្រទេស​ប្រកាន់​របប​កុម្មុយនិស្ត។

ទាក់ទង​នឹង​ប្រការ​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បញ្ជាក់​ថា នោះ​គឺ​ជា​កត្តា​សំខាន់​ណាស់​ដែល​អាស៊ាន​គប្បី​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​ទាំង​អស់ ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ដើម្បី​បើក​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ផ្ដល់​នីត្យានុកូលភាព ឬ​ភាព​ស្របច្បាប់​ដល់​រដ្ឋាភិបាល។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា សហការ​ជាមួយ​បណ្ដាញ​អាស៊ី សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច-NICFEC) ហើយ​និង​អង្គការ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ក្នុង​ប្រតិបត្តិការ (Democracy and Human Rights Organization in Action-DHRAC)។

សិក្ខា​សាលា​លើក​ទី​២ ស្តីពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​អាស៊ាន​នេះ គឺ​ជា​កិច្ច​ប្រឹងប្រែង​រួម​ចំណែក​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​កំណត់​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​សម្រាប់​ប្រទេស​ក្នុង​តំបន់។ សិក្ខាសាលា​លើក​ទី​១ រៀបចំ​ឡើង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល