និស្សិត​ខ្មែរ​និយាយ​ពី​ការ​ដោះស្រាយ​ជម្លោះ​ដី​នៅ​អាល្លឺម៉ង់

និស្សិត​ខ្មែរ​ម្នាក់​សិក្សា​មុខ​វិជ្ជា​ចាត់ចែង និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ពន្យល់​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ប្រទេស​អភិវឌ្ឍន៍ ដូចជា​នៅ​អាល្លឺម៉ង់ ដោយ​ប្រៀបធៀប​របៀប​ដោះស្រាយ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​សង្គ្រាម​ដូច​គ្នា។
ដោយ ផន រីណា
2012-08-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

និស្សិត វុធ សូវៀត កំពុង​សិក្សា​មុខវិជ្ជា​នៃ​ការ​ចាត់ចែង​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ឯ​សកលវិទ្យាល័យ ម៉ូនីក (Munich) នៃ​ប្រទេស​អាល្លឺម៉ង់ បាន​រៀបរាប់​ថា ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​បន្ទាត់​ក្រីក្រ​ជាង​គេ គឺ​មាន​ន័យ​ថា ចាប់​ផ្ដើម​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ​លើ។

លោក​បញ្ជាក់​ថា ការ​ចូល​រួម​មតិ​ពី​ពលរដ្ឋ​ក្រីក្រ​ជា​កត្តា​នាំ​ឲ្យ​ប្រទេស​រីក​ចំរើន៖ «ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​សំខាន់​ណាស់។ ទោះ​បី​ជា​យើង​គិត​ថា គាត់​អត់​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ ប៉ុន្តែ​បើ​និយាយ​ពី​ស្ថានភាព​នៅ​ក្នុង​ភូមិ​គាត់ បាន​ន័យ​ថា គាត់​ជា​បណ្ឌិត​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង។ នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​ដូច​ប្រទេស​អាល្លឺម៉ង់ ប្រជាពលរដ្ឋ​គេ​រួម​គ្នា​ណាស់»

លោក​ថា នៅ​ពេល​មាន​ទំនាស់​ដីធ្លី​កើត​ឡើង ប្រទេស​អាល្លឺម៉ង់ គេ​ផ្ដោត​យក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​មក​អនុវត្ត។ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ជឿនលឿន​ទៅ​បាន​ក្រោយ​ពេល​សង្គ្រាម។ លោក​បញ្ជាក់​ថា អាល្លឺម៉ង់​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ មាន​ការ​ជួប​ប្រទះ​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន​ណាស់។

ការ​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​ការ​ខ្ទេចខ្ទាំ​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាម អាល្លឺម៉ង់​បាន​អភិវឌ្ឍ​ផ្លូវ​ថ្នល់ និង​សំណង់​អគារ​ផ្សេងៗ​ក្នុង​ប្រទេស​របស់​ខ្លួន​យ៉ាង​សកម្ម។ ការ​កសាង​ឡើង​វិញ​ទាំង​នោះ បាន​ប៉ះពាល់​ដល់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​គេ​ប្រើ​ដំណោះស្រាយ​មាន​តម្លាភាព ដោយ​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​បាន​សិទ្ធិ និង​ផល​ប្រយោជន៍​ស្មើ​គ្នា​ពី​ការ​ស្ថាបនា​នោះ។

លោក​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ គឺ​តែង​មាន​ការ​ចូល​រួម​មតិ​ពី​មហាជន។ វិធីសាស្ត្រ​ក្នុង​សេចក្ដី​សម្រេច​នោះ គឺ​ផ្ដើម​ចេញ​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ​ថ្នាក់​លើ​វិញ៖ «គេ​ចង់​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ឆ្លង​កាត់​នៅ​ភូមិ​ហ្នឹង អ៊ីចឹង​មេ​ភូមិ​របស់​គេ គេ​ចាប់​ផ្ដើម​ប្រជុំ​ជាមួយ​មេ​ភូមិ​ថា ខាង​លើ​មាន​គំរោង​នឹង​សាងសង់​ដី​មួយ​ខ្សែ ដូច​ថា ឆ្លង​កាត់​ភូមិ​យើង​អ៊ីចឹង អ៊ីចឹង​គេ​ឲ្យ​ប្រជាជន​ចូល​រួម​ហ្នឹង​ថា តើ​ចង់​បាន​ផ្លូវ​ហ្នឹង​កាត់​ភូមិ​របស់​គេ​មែន ឬ​ក៏​ចង់​ទុក​ជា​របៀប​ធម្មជាតិ​ហ្នឹង​ពី​ដើម?ដូច​នេះ​គេ​ពិភាក្សា​គ្នា បើ​គេ​អត់​ចង់​បាន​ផ្លូវ​ហ្នឹង​ទេ អ៊ីចឹង​គេ​ពន្យារ​រហូត​អត់​អាច​ទៅ​មុខ​បាន​ទេ លុះ​ត្រា​តែ​មាន​ការ​ព្រមព្រៀង​ពី​ថ្នាក់​ក្រោម​កាត់​កន្លែង​ណា​ធ្វើ​ទៅ​ឲ្យ​មាន​ការ​ព្រមព្រៀង​រហូត»

លោក​បន្ត​ថា ប្រទេស​អាល្លឺម៉ង់ ពេល​នោះ គេ​មាន​ច្បាប់​អស្សាមិក​ដូច​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ដែរ។ ច្បាប់​អស្សាមិក​មាន​ន័យ​ថា រដ្ឋ​មាន​សិទ្ធិ​ទិញ​អ្វី​មួយ​មុន​អ្នក​ដទៃ​សម្រាប់​អភិវឌ្ឍន៍ ប្រសិន​បើ​ការ​អភិវឌ្ឍ​នោះ​ផ្ដល់​ប្រយោជន៍​ជា​សាធារណៈ ហើយ​សំណង​នឹង​ទូទាត់​តាម​តម្លៃ​ទីផ្សារ​ដែល​ភាគី​ម្ខាង​ទៀត​ខាត​បង់។

លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្ដល់​សំណង​ទូទាត់​គឺ​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន រួម​ជាមួយ​នឹង​រដ្ឋាភិបាល៖ «បើ​សិន​ជា​គេ​ធ្វើ​ទៅ​ប៉ះពាល់​ដី​ហ្នឹង បាន​ន័យ​ថា​ដី​ហ្នឹង​គេ​ផ្ដល់​សំណង​ជា​ពីរ ប៉ុន្តែ​គេ​ចង់​បាន​ថវិកា​ជំនួស​ដី ឬ​ក៏​គាត់​ចង់​បាន​ដី​កន្លែង​ថ្មី​ជំនួស​ដី​ចាស់​ហ្នឹង? បើ​គាត់​ចង់​បាន​លុយ​ជំនួស​ដី​ហ្នឹង គេ​សុខ​ចិត្ត​ឲ្យ​ដី​ហ្នឹង​ក្នុង​តម្លៃ​ទីផ្សារ។ ...​គេ​បំពេញ​ឲ្យ​យើង​មិន​ឲ្យ​ខក​ចិត្ត​ទេ អា​ហ្នឹង​ច្បាប់​គេ​ហ្នឹង។ ឧទាហរណ៍​នៅ​ប្រទេស​ខ្មែរ យើង​ចង់​សង់​ថ្នល់​មួយ បើ​ទោះ​បី​ជំនួយ​ពី​បរទេស​មែន ប៉ុន្តែ​រដ្ឋាភិបាល​ហ្នឹង​គាត់​បាន​ចូល​រួម​ធ្វើ​បដិភាគ​ក្នុង​ថវិកា​សរុប​នៃ​ការ​កសាង​ផ្លូវ​ហ្នឹង ភាគ​ច្រើន​ថវិកា​របស់​រដ្ឋ​ហ្នឹង គឺ​យើង​យក​មក​ដោះស្រាយ​ផល​ប៉ះពាល់»

និស្សិត វុធ សូវៀត បញ្ជាក់​បន្ថែម​ថា លោក​ក៏​បាន​នាំ​យក​ឧទាហរណ៍​ទាក់ទង​នឹង​វិវាទ​ដីធ្លី​នៅ​កម្ពុជា មក​ពិភាក្សា​ជាមួយ​គ្រូ និង​ក្រុម​និស្សិត​ពី​ប្រទេស​ជា​ច្រើន​ដែរ។ លោក​ថា ភាព​ជោគជ័យ ឬ​បរាជ័យ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល៖ «អ្វី​ដែល​សំខាន់ គឺ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ។ សំខាន់​ណាស់ ប្រសិន​បើ​ជម្លោះ​មួយ​រដ្ឋាភិបាល​អត់​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ មិន​អាច​ទៅ​មុខ​បាន​ទេ។ មួយ​ទៀត អភិបាលកិច្ច​ដែល​ជា​គោលការណ៍ គេ​ឲ្យ​ឱសានវាទ​ហ្នឹង។ រដ្ឋ​គេ គេ​មាន​ការ​ដោះស្រាយ មាន​ការ​ចូល​រួម​ពី​ភាគី​ទាំង​អស់»

បញ្ហា​វិវាទ​ដីធ្លី​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ បញ្ហា​នេះ​នាំ​ដល់​ការ​បណ្ដេញ​ពី​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ប្រើ​អំពើ​ហិង្សា​ដល់​អ្នក​ស្រុក​ស្លូតត្រង់ ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​ដើម ហើយ​មន្ត្រី​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ​មក​ពី​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិចុ្ច ឬ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ដែល​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​លាស់​ និង​គ្មាន​ការ​ផ្ដល់​សំណង​ត្រឹមត្រូវ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​របាយការណ៍​របស់​តំណាង​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏​បាន​បង្ហាញ​ថា ជម្លោះ​ដីធ្លី និង​ការ​បណ្ដេញ​អ្នក​ភូមិ​ដោយ​សារ​តែ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ជា​បញ្ហា​នាំ​មុខ​គេ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ដោះ​ស្រាយ​ដោយ​ចំហ និង​ស្មើ​ភាព​គ្នា ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌​ដល់​ម្ចាស់​ដី​ និង​បាន​ទទូច​ឲ្យ​មាន​ការ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ភូមិបាល​កម្ពុជា​ឆ្នាំ​២០០១។

ចំណែក​និស្សិត វុធ សូវៀត ដែល​កំពុង​សិក្សា​មុខ​វិជ្ជា​នៃ​ការ​ចាត់ចែង​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ឯ​សកលវិទ្យាល័យ ម៉ូនីក នៃ​ប្រទេស​អាល្លឺម៉ង់ បាន​តាំង​ចិត្ត​ថា ទៅ​អនាគត​លោក​នឹង​យក​ចំណេះ​ពី​ការ​សិក្សា​នេះ​ទៅ​ជួយ​ដល់​ប្រទេស​កម្ពុជា។ លោក​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​មហាវិទ្យាល័យ​មួយ និង​បំរើ​ការ​ជា​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

23 October 1991

I am strongly to support his idea. He is 100% right. But in Cambodia it is hard to implement of what we have leaned , and good experiences from developed countries.

Aug 07, 2012 03:44 AM

UN SOPHAT

ពី Phnom Penh

ខ្ញុំគាំទ្រ១០០ភាគរយ ដែលលោកវុធ សូវៀតបានលើកឡើង ។ បើយើងជានិស្សិតដែលបានសិក្សានៅក្រៅប្រទេស មិនយកចិត្តទុកដាក់លើទុក្ខលំបាករបស់ប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋលោកគ្មានសង្ឃឹមថានឹងបានភាពយុត្តិធម៌ពេញលេញពីការកេងប្រវ័ញ្ចដីធ្លីដូចបច្ចុប្បន្នឡើយ ។ ខ្ញុំក៏នឹងធ្វើដូចលោកដែរប្រសិនបើខ្ញុំបញ្ចប់ការសិក្សានៅក្រៅប្រទេស ។

Aug 06, 2012 08:38 PM

IDEA

ពី CA

once you are a student, your willing to do good by the book.But when you get into the job and benefit, you may change your mind and take part of the corruptible group also.

Aug 06, 2012 04:14 PM

Dejo Pen

Wrong !
Believe it or not,this is Cambodia,the whole country belong to Supreme Leader not like Germany that the country belong to people.

Aug 06, 2012 09:41 AM

អ្នក​អាន​អនាមិក

ប៉ុន្តែបើធ្វើតាមច្បាប់ ពួកអាម៉ីអាថោង( ឱកញ៉ា )គ្មានលុយ
សាងវីឡាទេ។

Aug 06, 2012 06:56 AM

មើល​មតិ​ទាំង​អស់.