អនុប្រធាននាយកដ្ឋានពេទ្យការងារ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត មានប្រសាសន៍ថា គណៈកម្មការថ្មីនោះនឹងធ្វើការដោយផ្ទាល់នៅតាមមូលដ្ឋាន ប៉ុន្តែជាដំបូង គឺត្រូវបង្កើតគណៈកម្មការនៅថ្នាក់ក្រសួងជាមុនសិន។
លោក ប៉ុក វណ្ណថាត បន្តថា គណៈកម្មការថ្មីនោះនឹងមានសមាសភាពមកពីតំណាងក្រសួងការងារ និយោជក ដែលជាម្ចាស់រោងចក្រកាត់ដេរ និងតំណាងកម្មករនិយោជិក។
ព្រឹត្តិបត្រព័ត៌មានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា រកឃើញថា មានហេតុផលជាច្រើនដែលបណ្ដាលឲ្យមានការដួលសន្លប់ជាក្រុម ដូចជាកង្វះអាហារូបត្ថម្ភ ការធ្វើការថែមម៉ោងលើសកម្រិត កម្រិតកម្ដៅខ្ពស់ ប្រព័ន្ធខ្យល់ចេញចូលមានតិចតួច និងការភ័យតក់ស្លុតតៗគ្នា។
ក្នុងឆ្នាំ២០១១ មានការដួលសន្លប់នៅរោងចក្រចំនួន១២ ក្នុងនោះមានកម្មករប្រមាណ ២ពាន់នាក់ ដួលសន្លប់។ ហើយក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០១២ មានកម្មករ ៧២៥នាក់ ធ្វើការនៅរោងចក្រចំនួន៧ បានដួលសន្លប់។
ដោយឡែក របាយការណ៍ផ្នែកសន្តិសុខសង្គមបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ការងារកាលពីឆ្នាំ២០១១ បានកើនឡើងរហូតដល់ ៦៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ មានគ្រោះថ្នាក់ការងារចំនួន៤៦១ករណី ក្នុងនោះមានកម្មកររបួសចំនួន ១២.៥៧១នាក់ និងស្លាប់ចំនួន ៤៧នាក់។
សហជីពកម្មករបានសាទរចំពោះគម្រោងការគណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារនេះ និងបានស្នើឡើងនូវលក្ខខណ្ឌមួយចំនួន។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន មានប្រសាសន៍ថា លោកសង្ឃឹមទុកជាមុនថា គណៈកម្មការនេះនឹងអាចជួយកាត់បន្ថយបញ្ហាផ្សេងៗ ដែលចោទឡើងពាក់ព័ន្ធនឹងសុខភាពរបស់កម្មករ។ លោក សោម អូន បន្តថា លោកចង់អោយគណៈកម្មការថ្មីនេះយកចិត្តទុកដាក់ចំពោះស្ថានភាពអនាម័យ និងការរស់នៅប្រចាំថ្ងៃរបស់កម្មករ នៅតាមកន្លែងស្នាក់នៅរបស់ពួកគាត់ បន្ថែមពីលើការត្រួតពិនិត្យជាប្រចាំនៅតាមកន្លែងការងាររបស់ពួកគេ។
សម្រាប់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ក៏បានចាត់ទុកគម្រោងការនេះថា មានប្រយោជន៍សម្រាប់ការថែទាំសុខភាពកម្មករផងដែរ ប៉ុន្តែលោកបានជំរុញអោយមានការគិតគូរពីហិរញ្ញវត្ថុសម្រាប់ដំណើរការគណៈកម្មការនោះ។ លោក ជា មុន្នី បន្តថា ប្រសិនបើគណៈកម្មការនោះមានឯករាជ្យភាពផ្នែកថវិកា នឹងជំរុញអោយការងាររបស់គេមានតម្លាភាពបានមួយកម្រិត។
ទាក់ទិននឹងបញ្ហាសុខភាពកម្មករនៅតាមរោងចក្រ សហគ្រាស ជាពិសេសការដួលសន្លប់របស់កម្មករ កាលពីខែសីហា ឆ្នាំ២០១១ កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ។ គណៈកម្មការនេះមានសមាសភាពមកពីនាយកដ្ឋានពេទ្យការងារ អធិការកិច្ចការងារ និងបេឡាជាតិរបបសន្តិសុខសង្គម។ គណៈកម្មការចាស់នោះ មានគោលដៅដោះស្រាយបញ្ហាដែលកើតឡើងនៅពេលមានការដួលសន្លប់ជាទ្រង់ទ្រាយធំ រួមមានសម្របសម្រួលវិធានការសង្គ្រោះបន្ទាន់ វិធីព្យាបាល ទប់ស្កាត់ និងណែនាំពីវិធីបង្ការការដួលសន្លប់ជាដើម។
អនុប្រធាននាយកដ្ឋានពេទ្យការងារ លោក ប៉ុក វណ្ណថាត មានប្រសាសន៍ថា គណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារ ដែលគ្រោងនឹងបង្កើតថ្មីនោះ នឹងធ្វើការបំពេញអោយគណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ ដែលមានស្រាប់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ដើម្បីអោយគណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារ ដែលគ្រោងនឹងបង្កើតថ្មីនោះធ្វើការងារមានប្រសិទ្ធភាព ចាំបាច់ត្រូវគិតពីចំណុចសំខាន់ៗមួយចំនួន។ ក្នុងនោះត្រូវមានការតាមដាន ការសិក្សាស្រាវជ្រាវជាក់លាក់ ការបញ្ចូលតំណាងអង្គការសង្គមស៊ីវិល និងអ្នកជំនាញសុខភាពទៅក្នុងគណៈកម្មការ បង្កើតអោយមានផែនការសកម្មភាព ការបែងចែកតួនាទី និងឯករាជ្យផ្នែកថវិកាជាដើម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បញ្ជាក់ថា ការបង្កើតអោយមានផែនការសកម្មភាព និងបញ្ជីក្របខណ្ឌការងារសម្រាប់គណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារ នឹងជួយអោយគណៈកម្មការនេះអាចរៀបចំពីវិសាលភាពការងារ និងការបំពេញតួនាទីអោយចំទិសដៅជាតម្រូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។