មេ​ឃុំ​នៅ​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ

ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ទយ ញៀប នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១២ ចោទ​ប្រកាន់​មេ​ឃុំ​របស់​ខ្លួន​ថា បាន​ប្រើប្រាស់​អំណាច​រំលោភ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

0:00 / 0:00

លោក ទយ ញៀប មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​មូលដ្ឋាន​មាន​អនុប្រធាន​ភូមិ និង​មេ​ឃុំ បាន​ចោទ​លោក​ថា ជា​អ្នក​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ គាំទ្រ​គណបក្ស សម រង្ស៊ី ហើយ​នេះ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ទៅ​លើ​ស្មារតី​សកម្មជន​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា លោក​គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន ក៏ប៉ុន្តែ អំពើ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ បាន​កើត​មាន​ច្រើន​ករណី ហេតុ​នេះ​លោក និង​ប្រជាពលរដ្ឋ នាំ​គ្នា​ស្វែងរក​កិច្ច​គាំពារ​ពី​មន្ត្រី​មូលដ្ឋាន អ្នក​តំណាង​រាស្ត្រ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​វេទិកា​សាធារណៈ ដើម្បី​ជួយ​ទប់ស្កាត់​អំពើ​រំលោភ​សិទ្ធិ​ដីធ្លី​ជន​ជាតិ​ដើម​តែ​ប៉ុណ្ណោះ។

លោក ទយ ញៀប៖ «ខ្ញុំ​អត់​បាន​ចូល​គណបក្ស សម រង្ស៊ី ទេ។ សិទ្ធិ​មនុស្ស គេ​អត់​ឲ្យ​និយាយ​អ៊ីចឹង​ទេ មាន​សិទ្ធិ​សេរីភាព។ ដំបូង​ហ្នឹង មាន​ក្រុមហ៊ុន​គេ​មក​យក​ឈូស​ឆាយ​ប៉ះពាល់​ដី​អារក្ស ប៉ះពាល់​ដី​កប់​ខ្មោច ដី​បម្រុង​ទុក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង ហើយ​ខ្ញុំ​ព្រួយ​បារម្ភ។ នៅ​ក្នុង​លក្ខន្តិកៈ​ហ្នឹង គេ​ឲ្យ​ចុះ​ជា​សមូហភាព។ ដល់​ឥឡូវ គេ​ចុះ​ជា​នីតិបុគ្គល​ហ្នឹង ខ្ញុំ​ព្រួយ​បារម្ភ​ហ្នឹង​ណា!»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ភូមិ​សមុទ្រក្រោម ក៏ប៉ុន្តែ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ព្យាយាម​រារាំង​មិន​ឲ្យ​ប្រារព្ធ​ពិធី​នេះ​បាន​ទេ ដោយ​សំអាង​ថា វេទិកា​នេះ​គ្មាន​ច្បាប់​អនុញ្ញាត។

យ៉ាង​នេះ​ក្តី នៅ​ក្នុង​ការ​ប្រារព្ធ​វេទិកា​សាធារណៈ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ភូមិ​សមុទ្រក្រោម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៣០ ខែ​កក្កដា កន្លង​ទៅ​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​សេដា និង​តំណាង​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ប៉ាតាង ឃុំ​កាឡែង ក្នុង​ស្រុក​លំផាត់ ប្រមាណ​ជិត ៣០០​នាក់ បាន​ចូល​រួម​វេទិកា និង​មាន​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស សិទ្ធិ​មនុស្ស និង​មេ​ឃុំ​សេដា ចូល​រួម​ជា​វាគ្មិន​កិត្តិយស។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​សេដា លោក ធំ ផាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ប្រើ​អំណាច​បំបិទ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ក៏ប៉ុន្តែ លោក ទយ ញៀប គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន ហេតុ​នេះ​ក្នុង​នាម​លោក​ជា​ប្រធាន​បក្ស​ប្រជាជន​ក្នុង​ឃុំ លោក​មាន​តួនាទី​ណែនាំ​សមាជិក​របស់​គណបក្ស​ប្រជាជន​ដែល​បាន​ប្រព្រឹត្ត​អ្វី​មិន​ត្រឹមត្រូវ៖ «គាត់​ប្រជុំ​ប្រកាស​នៅ​ក្នុង​ភូមិ​លើ គាត់​ថា​គាត់​ហ្នឹង​គឺ​ជា​គណបក្ស សម រង្ស៊ី ពិត​ប្រាកដ។ គាត់​ប្រកាស​អ៊ីចឹង ខ្ញុំ​ថា​តាម​គាត់ ខ្ញុំ​ថា​បើ​និយាយ​អ៊ីចឹង ខុស​ហើយ កាល​មុន​គាត់​គណបក្ស​ប្រជាជន។ មិន​ស្អី​ទេ គាត់​ថា​ខ្ញុំ​ចោទ​គាត់​ថា​ទៅ​បើ​ខ្ញុំ​បាន​និយាយ​មែន»

យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​មូលដ្ឋាន​ថា ជា​ការ​គំរាម​កំហែង​ទៅ​លើ​ស្មារតី​សកម្មជន​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើស​រើស​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ ដូច​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា៖ «យើង​មិន​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​អ្នក​នេះ​គណបក្ស​នេះ គណបក្ស​នោះ​ទេ ទាំង​អស់​គ្នា​សុទ្ធ​ជា​ខ្មែរ​ទេ។ គោលដៅ​ទាំង​អស់​គ្នា រួម​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណឹង»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក រាយការណ៍​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​វ៉ឺនសៃ និង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ប្រើប្រាស់​កង​ប៉ូលិស រារាំង និង​រំខាន​ការ​ជួប​ប្រជុំ​សិក្ខា​សាលា និង​ការ​បើក​វេទិកា​សាធារណៈ​របស់​អង្គការ​ទាំង​ពីរ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​បី​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។