បណ្ដាញនេះនឹងអាចចែករំលែកព័ត៌មាន និងបទពិសោធន៍ដែលទទួលបានពីសហគមន៍ព្រៃឈើ ភ្នាក់ងាររដ្ឋាភិបាល និងភាគីដៃគូពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងអភិវឌ្ឍន៍សហគមន៍ព្រៃឈើឲ្យរីកចម្រើន។
កង្វះខាតព័ត៌មានសហគមន៍ និងការផ្តល់ព័ត៌មានត្រឡប់ទៅសហគមន៍វិញ គឺជាឧបសគ្គសំខាន់មួយក្នុងដំណើរការអភិវឌ្ឍសហគមន៍ព្រៃឈើ។ បណ្ដាញសហគមន៍ព្រៃឈើ ត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយមួយ និងមានប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មានរវាងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ។
អង្គការរីកូស (RECOFTC) សហការជាមួយរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងអង្គការអុកស្វាម (OXFAMGB) បានរៀបចំចងក្រងបណ្ដាញសហគមន៍ព្រៃឈើឡើង ដោយកំណត់ជាយុទ្ធសាស្ត្រមួយ ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ នៅក្នុងកម្មវិធីសហគមន៍ព្រៃឈើជាតិ ដែលជាកម្មវិធីទី៤ នៃកម្មវិធីព្រៃឈើជាតិ ឆ្នាំ២០១០ ដល់ឆ្នាំ២០២៩។
សិក្ខាសាលារៀបចំបណ្ដាញសហគមន៍ព្រៃឈើ ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា មានការចូលរួមពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើនៅក្នុងខេត្ត មេឃុំ អភិបាលស្រុក មន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត មន្ទីរពាក់ព័ន្ធ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីព្រៃឈើ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គការមិនមែនរដ្ឋាភិបាលជាង១០០នាក់ ចូលរួមដើម្បីពិភាក្សាកំណត់គោលបំណងជាក់លាក់របស់បណ្ដាញសហគមន៍ព្រៃឈើដែលនឹងបង្កើតថ្មី កំណត់ពីតួនាទី និងការទទួលខុសត្រូវ និងជ្រើសរើសតំណាងបណ្ដាញសហគមន៍ព្រៃឈើ។
អ្នកសម្របសម្រួលគម្រោងរបស់អង្គការរីកូស លោក ហេង ដា ឲ្យដឹងថា ការគ្រប់គ្រងសហគមន៍ព្រៃឈើ ទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ។ លោកបញ្ជាក់ថា ការចងក្រងបង្កើតបណ្ដាញសហគមន៍ព្រៃឈើក្នុងតំបន់ ជាសកម្មភាពស្របច្បាប់ និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាដើម្បីជួយផ្តល់ព័ត៌មានជាក់លាក់ដល់សហគមន៍ ដើម្បីអាចជួយអភិវឌ្ឍសហគមន៍ព្រៃឈើឲ្យរីកចម្រើន៖ «សហគមន៍ព្រៃឈើត្រូវចងក្រងសមាជិកសហគមន៍ព្រៃឈើជាបណ្ដាញ ក្នុងគោលបំណងបង្កើតជាសម្ព័ន្ធភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង និងចែករំលែកនូវបទពិសោធន៍ដែលទទួលបានពីការអនុវត្តរវាងសមាជិកសហគមន៍ព្រៃឈើ ភ្នាក់ងាររាជរដ្ឋាភិបាល និងភាគីដៃគូពាក់ព័ន្ធផ្សេងៗទៀត»។
តាមឯកសាររបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បង្ហាញថា មានសហគមន៍ព្រៃឈើសរុបចំនួន៥៨កន្លែង នៅឃុំចំនួន២៧ ក្នុងស្រុកចំនួន៥ ដែលមានសមាជិកសហគមន៍ព្រៃឈើចូលរួមចំនួន៧.៣៣០គ្រួសារ និងគ្របដណ្ដប់លើផ្ទៃដីព្រៃចំនួន៨១.៦០៣ហិកតារ។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភក្តិ ថ្លែងថា ការបង្កើតបណ្ដាញសហគមន៍ព្រៃឈើ ងាយស្រួលដល់ការរកទីផ្សារដល់ប្រជាសហគមន៍ ក្នុងការលក់អនុផលព្រៃឈើ និងផ្តល់ព័ត៌មានផ្សេងៗដែលទាក់ទងនឹងទំនាស់ ឬការបំផ្លាញព្រៃឈើក្នុងសហគមន៍៖ «ឧទាហរណ៍ថា ជ័រទឹកយើងលក់ក្នុងមួយលីត្រ២០០រៀល បើយើងលក់នៅក្រចេះបាន១ពាន់រៀល។ អ៊ីចឹង យើងគួរតែលក់ដោយគិតពីការដឹកជញ្ជូន។ អ៊ីចឹង រៀបចំបណ្ដាញងាយស្រួលនៅក្នុងការរកទីផ្សារផង ងាយស្រួលក្នុងពេលមានបញ្ហា ត្រូវតែមានការទំនាក់ទំនងគ្នាទៅវិញទៅមក»។
លោកបញ្ជាក់ថា បច្ចុប្បន្ន គម្រោងជំនួយរបស់អង្គការមួយចំនួន ផ្ដោតការគាំទ្រលើការអភិវឌ្ឍសហគមន៍ព្រៃឈើ ទៅលើការធ្វើនិយតកម្មសហគមន៍ព្រៃឈើ ដោយសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ និងការរៀបចំបណ្ដាញសហគមន៍ព្រៃឈើ។ ប៉ុន្តែ លោកស្នើសុំឲ្យគម្រោងមូលនិធិ និងអង្គការដៃគូអភិវឌ្ឍន៍សហគមន៍ព្រៃឈើ បន្តការគាំទ្របង្កើតសហគមន៍ព្រៃឈើថ្មី ការបោះបង្គោលសហគមន៍ និងការគាំទ្រសហគមន៍ព្រៃឈើ ឲ្យសម្រេចបាននូវផែនការគ្រប់គ្រងព្រៃសហគមន៍ និងបង្កើនមុខរបរដល់សមាជិកសហគមន៍ តាមរយៈការគ្រប់គ្រង និងប្រើប្រាស់ធនធាននៅក្នុងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព។
ទោះជាយ៉ាងណា បណ្ដាញសហគមន៍ព្រៃឈើ ដែលរៀបចំចងក្រងឡើង មិនទាន់ចេញជារូបរាងពិតប្រាកដនៅឡើយទេ ដោយខាងអង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ត្រូវបន្តប្រជុំពិគ្រោះយោបល់ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ និងព្រាងបទបញ្ជាផ្ទៃក្នុង និងកសាងសមត្ថភាពបណ្ដាញសហគមន៍ជាមុនសិន។
ការប្រែក្លាយសហគមន៍ព្រៃឈើ ឲ្យបោះជំហានមួយទៀតទៅរកការចងជាសម្ព័ន្ធភាព ក្នុងការរៀបចំទៅជាបណ្ដាញសហគមន៍ព្រៃឈើ ត្រូវបានធ្វើដូចគ្នា និងទទួលជោគជ័យនៅក្នុងខេត្តកំពង់ធំ កាលពីឆ្នាំ២០១០ ហើយគំរូ និងបទពិសោធន៍ទាំងនោះ ត្រូវបានបន្តធ្វើនៅក្នុងខេត្តក្រចេះ ជាបន្តទៀត ដោយសង្ឃឹមដូចគ្នាថា សហគមន៍ព្រៃឈើនឹងអាចទទួលការយកចិត្តទុកដាក់បន្ថែម និងទទួលព័ត៌មានល្អៗពីមន្ត្រីពាក់ព័ន្ធ ដូចជាអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើជាដើម។
តំណាងបណ្ដាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ ដែលចូលរួមក្នុងសិក្ខាសាលារៀបចំបណ្ដាញសហគមន៍ នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៣០ ខែសីហា បានឲ្យដឹងថា សហគមន៍ព្រៃឈើនៅខេត្តកំពង់ធំ មានចំនួន៩៣សហគមន៍។
ការមានសហគមន៍ច្រើននេះ ធ្វើឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គការមួយចំនួនពិបាកនឹងផ្តល់ព័ត៌មានផ្សេងៗ ហើយសហគមន៍ខ្លួនឯងក៏ពិបាកផ្តល់ដំណឹងស្ដីពីបទល្មើសព្រៃឈើ ឬជម្លោះទំនាស់ដីក្នុងសហគមន៍ផងដែរ។ តែក្រោយពីបង្កើតបណ្ដាញសហគមន៍ព្រៃឈើ តាមរយៈការបោះឆ្នោតជ្រើសរើសពីគណៈកម្មការសហគមន៍ព្រៃឈើ កាលពីឆ្នាំ២០១០ បានជ្រើសរើសបណ្ដាញសហគមន៍ព្រៃឈើថ្នាក់ខេត្តចំនួន៥រូប ដែលគ្រប់គ្រងចំនួន៥ស្រុក ក្នុងខេត្តកំពង់ធំ និងមានបណ្ដាញសហគមន៍ព្រៃឈើថ្នាក់ឃុំចំនួន២៧រូប។ ហើយបទល្មើសព្រៃឈើ និងទំនាស់ផ្សេងៗ អាចកាត់បន្ថយបានច្រើន ជាពិសេស ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរ មានលក្ខណៈប្រសើរជាងមុន។
ជំទប់ទី១ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ លោក ឌី សុខាន់ ឲ្យដឹងថា ឃុំរបស់គាត់មានសហគមន៍ព្រៃឈើចំនួន២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំ គឺសហគមន៍ព្រៃឈើស្រែរនាម និងសហគមន៍ព្រៃឈើផ្ទោល។
លោកបន្តថា សហគមន៍នេះបានដើរតួនាទីសំខាន់ក្នុងការការពារតំបន់ដែនព្រៃសហគមន៍របស់ខ្លួន តែនៅតែមិនអាចគ្រប់គ្រងបទល្មើសព្រៃឈើក្នុងសហគមន៍បាន។ លោកថា ប្រសិនបើមានការចងក្រងសហគមន៍ទាំងនោះ ទៅជាបណ្ដាញសហគមន៍ព្រៃឈើធំមួយ នោះអាចនឹងបង្កើនសមាសភាពអ្នកចូលរួម រួមមានអង្គការសង្គមស៊ីវិល និងអាជ្ញាធរ ឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើក្នុងសហគមន៍បាន៖ «គណៈកម្មការសហគមន៍របស់យើង គាត់ការពារព្រៃដែលថាមានបញ្ហាកន្លងមក ប៉ុន្តែដោយឡែកវាមានខ្លះដែរនៅក្នុងនោះ ប្រសិនបើយើងបានកើតបណ្ដាញសហគមន៍ អ៊ីចឹង សហគមន៍ទាំងអស់ហ្នឹង ជួយគ្រប់ស្ថាប័ន អ៊ីចឹងទៅ គណៈកម្មការរបស់យើងក៏មានកម្លាំង»។
តែទោះជាយ៉ាងណា ប្រធានសហគមន៍ព្រៃឈើភូមិស្រែថ្មី ក្នុងឃុំឃ្សឹម លោក តុល គឹមស៊ីន ឲ្យដឹងថា សហគមន៍ព្រៃឈើមួយចំនួនមិនមានលទ្ធភាពទប់ស្កាត់បទល្មើសព្រៃឈើបានទេ ដោយសារតែអ្នកប្រព្រឹត្តបទល្មើសច្រើនតែជាមន្ត្រីមានអំណាច សមត្ថកិច្ច និងក្រុមទាហាន ដែលចូលទៅកាប់ឈើក្នុងដែនសហគមន៍។ ភាគច្រើន សហគមន៍ទាំងនោះត្រូវទទួលការគំរាមកំហែងពីពួកគេទាំងនោះថែមទៀត៖ «កាប់ក្នុងព្រៃសហគមន៍ផង អាព្រៃអភិរក្សព្រៃសម្រាប់ប្រជាពលរដ្ឋរកស៊ីផង វាកាប់បំផ្លាញ វាមិនមែនកាប់ធ្វើការទេ វាកាប់ឈើប្រណីត ដូចជាកកោះ ឈើធ្នង់អី ដើមច្បោះរបស់ប្រជាពលរដ្ឋអីហ្នឹង»។
កាលពីឆ្នាំ២០១០ រដ្ឋាភិបាលកម្ពុជា បានបង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំ រហូតមានការដកតំណែងលោក ទី សុគន្ធ ចេញពីនាយករដ្ឋបាលព្រៃឈើថែមទៀត។ តែយុទ្ធនាការនោះ មិនទាន់បានប៉ុន្មានផង បទល្មើសព្រៃឈើហាក់មានការស្ទុះងើបឡើងវិញ រហូតមានការព្រមានថ្មីៗម្តងទៀត ពីលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយបញ្ជាឲ្យនាយទាហាន និងកងនគរបាលជាតិ ត្រូវបង្ក្រាបកុងត្រូលជជុះ និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព ខណៈដែលអង្គការ និងពលរដ្ឋមួយចំនួនរិះគន់ថា សមត្ថកិច្ច និងទាហាន ស្ថិតនៅពីក្រោយខ្នងនៃបទល្មើសព្រៃឈើនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។