អង្គការ​និង​សមាគម​បារម្ភ​ពី​ការ​ផ្ដាច់​ជំនួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍

ខណៈ​ដែល​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​ការ​ឆ្លង​រាល​ដាល​នូវ​មេរោគ​អេដស៍​នៅ​កម្ពុជា បាន​ថយ​ចុះ​ពី ១,៧% ក្នុង​ឆ្នាំ​១៩៩៨ មក​នៅ​ត្រឹម ០,៨% ក្នុង​ឆ្នាំ​២០១០ ម្ចាស់​ជំនួយ​មួយ​ចំនួន​បាន​កាត់​បន្ថយ​ថវិកា​សម្រាប់​គម្រោង​កម្មវិធី​អេដស៍​ជា​បណ្ដើរៗ​ហើយ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ផ្ដាច់​ជំនួយ​ជា​ស្ថាពរ។
ដោយ អ៊ួន ឈិន
2012-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វេទិកា​ពិគ្រោះ​យោបល់​ស្ដី​ពី​មេរោគ​អេដស៍ ជំងឺ​អេដស៍ ៣០៥
មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្ដី​ពី​មេរោគ​អេដស៍ ជំងឺ​អេដស៍ នៅ​ក្រុង​សិរីសោភ័ណ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

ប្រការ​នេះ ធ្វើ​ឲ្យ​មន្ត្រី​នៃ​អង្គការ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន ជាពិសេស​អ្នក​ជំងឺ​អេដស៍ ព្រួយ​បារម្ភ។

អង្គការ និង​សមាគម​ចំនួន ២៥ ដែល​កំពុង​តែ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍ មក​ពី​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និង​ប៉ៃលិន ព្រម​ទាំង​អ្នក​ជំងឺ​អេដស៍​មួយ​ចំនួន​ផង សរុប​ប្រមាណ ១០០​នាក់ បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការ​រីក​រាលដាល​ជា​ថ្មី​នូវ​មេរោគ​អេដស៍។

ការ​សម្ដែង​កង្វល់ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​មួយ ក្នុង​ក្រុង​សិរីសោភ័ណ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២។

ស្ត្រី​ជា​អ្នក​ជំងឺ​អេដស៍ មក​ពី​សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោក​ស្រី ហឿង ម៉ុន អាយុ ៦១​ឆ្នាំ ថ្លែង​ថា គាត់​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​អង្ករ និង​ថ្នាំ​សង្កូវ​មួយ​ចំនួន​ជា​រៀង​រាល់​ខែ ប៉ុន្តែ​បើ​សិន​ជា​គេ​ផ្ដាច់​ជំនួយ គាត់​នឹង​ជួប​ការ​លំបាក​ជា​មិន​ខាន៖ «បើ​សិន​ណា​គាត់​នៅ​ជួយ គឺ​ខ្ញុំ​ត្រេកអរ​ណាស់ ដែល​យើង​ទៅ​ណា​មិន​រួច ពិការ​ផង ហើយ​អត់​ធ្វើ​អី​កើត រស់​សព្វ​ថ្ងៃ​ហ្នឹង ជំនួយ​ហ្នឹង​បាន ២៥​គីឡូ ចា៎! ហើយ​ដល់ ហើយ​ទៅ កូន​ក៏​រក​ខ្លះ​ទៅ ផ្សំ​គ្នា​ខ្លះ​ទៅ ខ្ញុំ​ទៅ​ធ្វើ​ការ​អត់​កើត​ទេ ខ្ញុំ​ពិការ​ដៃ​ផង ពិការ​ជើង​ផង»

ទាក់​ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត អ៊ឹង សុភិរម្យ មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​បាន​ថយ​ចុះ តែ​លោក​បារម្ភ​ខ្លាច​រលក​ទី​២ នៃ​ការ​ឆ្លង​រាលដាល​នឹង​កើត​មាន ជាពិសេស​នៅ​ពេល​ដែល​ជំនួយ​សម្រាប់​គម្រោង​កម្មវិធី​អេដស៍​ត្រូវ​បាន​កាត់​ផ្ដាច់​នោះ៖ «ជំទាវ​គតិ​បណ្ឌិត ប៊ុន រ៉ានី គាត់​ប្ដេជ្ញា​ជាមួយ បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា លោក​នឹង​ប្ដេជ្ញា​ឲ្យ​ជោគ​ជ័យ​ពី ២០១៥​ទៅ​ដល់ ២០២០ យ៉ាង​យូរ ធ្វើ​ម៉េច​ឲ្យ​ជោគ​ជ័យ​សូន្យ​បី សូន្យ​ឆ្លង​ថ្មី សូន្យ​ស្លាប់ និង​សូន្យ​រើស​អើង ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជាជន​កម្ពុជា​ឆ្លង​ជំងឺ​អេដស៍​ថ្មី ហ្នឹង​សូន្យ​មួយ។ សូន្យ​មួយ​ទៀត កុំ​ឲ្យ​មាន​ការ​រើស​អើង​នៅ​ពេល​ដែល​ផ្ទុក​មេរោគ​អេដស៍ ហាក់​ដូច​ជា​ជំងឺ​អេដស៍​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ធម្មតា ដូច​លើស​ឈាម​ដូច​គេ​ដូច​ឯង»

រីឯ​មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​តំបន់​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក ឈឿន ឈុនណា អះអាង​ថា បើ​ជំនួយ​ត្រូវ​បាន​កាត់​ផ្ដាច់​នោះ ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ឲ្យ​ទទួល​បាន​សូន្យ​បី ឆ្នាំ​២០២០ របស់​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នឹង​មិន​បាន​ជោគជ័យ​ឡើយ សម្រាប់​កម្ពុជា៖ «នេះ​ក៏​ជា​ផ្នែក​មួយ​ដែរ ដើម្បី​បង្ហាញ​ទៅ​ម្ចាស់​ជំនួយ​ថា យើង​នៅ​តែ​ត្រូវ​ការ​ជំនួយ។ ទោះបី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ ជំងឺ​អេដស៍​ហ្នឹង បាន​ប្រសើរ​ក៏​ដោយ។ អ៊ីចឹង បើ​សិន​ជា​ជំនួយ​នោះ ត្រូវ​បាន​កាត់​បន្ថយ ផល​ប៉ះពាល់​នឹង​កើត​មាន​ឡើង»

យុទ្ធសាស្ត្រ​សូន្យ ៣ គឺ៖

១-គ្មាន​ការ​រើស​អើង ចំពោះ​អ្នក​ជំងឺ​អេដស៍ (Zero Discrimination)

២-គ្មាន​ការ​ចម្លង​ថ្មី​នូវ​មេរោគ​អេដស៍ (Zero New Infection)

៣-និង​គ្មាន​ការ​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍ ត្រឹម​ឆ្នាំ​២០២០។

ថវិកា​ជំនួយ​សម្រាប់​គម្រោង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា គឺ​ប្រមាណ ៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ហើយ​ម្ចាស់​ជំនួយ​មាន​ដូច​ជា យូ.អេស.អេ.អាយ.ឌី (USAID) ក្លូបឹល ហ្វាន់ (Global Fund) និង​សហគមន៍​អឺរ៉ុប​ជាដើម។

ការ​កាត់​បន្ថយ​ជំនួយ គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្តន៍​គោលការណ៍​សហស្សវត្ស ស្ដី​ពី​ការ​ទប់​ស្កាត់​ការ​រាលដាល​នូវ​មេរោគ​អេដស៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

pai siphat

ពី phnom penh

stupit aid khmer never get aid
why have them to much
money for nothing
please dont be cambodia
now cambodia rich now
dont think this country poor
please you will see
hun to where money com from?

Jun 22, 2012 07:52 PM