កិច្ច​ពិភាក្សា​អ្នក​ច្បាប់​ទាក់​ទង​ការ​អនុវត្ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ និង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ មិថុនា បាន​រៀប​ចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​របស់​អ្នក​ច្បាប់​នៅ​កម្ពុជា ទាក់​ទង​ការ​អនុវត្ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ដែល​បាន​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក។

0:00 / 0:00

លោក អ៊ិត រ៉ាឌី អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍ ក្នុង​ការ​ប្រជុំ​នោះ សុំ​ឲ្យ​ចៅក្រម មេធាវី ព្រះរាជអាជ្ញា មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ចូល​រួម​ការ​ប្រជុំ​លើក​ឡើង​អំពី​ភាព​ងាយ​ស្រួល និង​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​កន្លង​មក ដើម្បី​លោក​ចង​ក្រង​របាយការណ៍​លទ្ធផល​ការ​ពិភាក្សា​នេះ ជូន​ក្រសួង​យុត្តិធម៌ និង​រដ្ឋាភិបាល​ពិនិត្យ។

លោក អ៊ិត រ៉ាឌី៖ «នេះ​ជា​គោល​បំណង​នៃ​សន្និសីទ​របស់​យើង គឺ​យើង​លើក​យក​បញ្ហា​សំខាន់ៗ​ចំនួន​៤ យក​មក​ដើម្បី​ធ្វើ​ការ​ពិភាក្សា​រួម​គ្នា។ ហើយ​ទី​២ ទាក់​ទង​នឹង​បញ្ហា​នេះ គឺ​យើង​ចង់​កំណត់​ឲ្យ​ឃើញ​ពី​ចំណុច​អ្វី​ល្អ អ្វី​ដែល​មិន​ច្បាស់​លាស់ ហើយ​នៅ​ស្ទាក់​ស្ទើរ។ អា​ហ្នឹង ក៏​យើង​ត្រូវ​លើក​យក​មក​ជជែក​គ្នា ដើម្បី​រក​វិធី​ដោះ​ស្រាយ»

នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​រយៈពេល​២​ថ្ងៃ​នេះ សន្និសីទ​ស្តី​ពី​ការ​អនុវត្ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នឹង​បែង​ចែក​អ្នក​ចូល​រួម​ជា​ក្រុម​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់ៗ​ចំនួន​៤ គឺ​ទី​១ ការ​ចាប់​ខ្លួន និង​ការ​ឃាត់​ខ្លួន​ដោយ​មន្ត្រី​នគរបាល ទី​២ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន និង​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ទី​៣ សិទ្ធិ​ទទួល​បាន​មេធាវី​របស់​ជន​ត្រូវ​ឃាត់​ខ្លួន និង​ទី​៤ សិទ្ធិ​ក្នុង​ការ​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក។

នៅ​ក្នុង​ការ​ពិភាក្សា​តាម​ក្រុម​នៅ​ថ្ងៃ​ទី​១ សមាជិក​ចូល​រួម​ដែល​មាន​សមាសភាព​ជា​ចៅក្រម ព្រះរាជអាជ្ញា មេធាវី នគរបាល​យុត្តិធម៌ តំណាង​អង្គការ​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន ដែល​កើត​មាន​ក្នុង​ការ​អនុវត្ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កន្លង​មក ដូច​ជា ការ​ខ្វះ​មេធាវី​នៅ​តាម​តុលាការ រាជធានី ខេត្ត ការ​ខ្វះ​ប្រាក់​ដើម្បី​ចំណាយ​ក្នុង​ការ​ធ្វើ​កោសលវិច័យ ការ​ខ្វះ​ប្រាក់​សម្រាប់​ជួល​អ្នក​បក​ប្រែ​ភាសា​ក្នុង​ពេល​មាន​ការ​ឃាត់​ខ្លួន​ជន​បរទេស ការ​អនុវត្ត​មិន​ទាន់​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់ ក្នុង​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​៤៨​ម៉ោង សិទ្ធិ​ទទួល​បាន​មេធាវី​ក្រោយ​ពេល​មាន​ការ​ឃុំ​ខ្លួន ការ​ផ្តល់​ព័ត៌មាន​ឲ្យ​ដល់​សាច់ញាតិ​ជន​ត្រូវ​ឃាត់​ខ្លួន ការ​កោះហៅ​របស់​ប៉ូលិស ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ជន​សង្ស័យ។ល។

ការ​ពិភាក្សា​តាម​ក្រុម​នឹង​បន្ត​ឡើង​នៅ​ថ្ងៃ​ទី​ពីរ​បន្ត​ទៀត តែ​អ្នក​សារព័ត៌មាន ត្រូវ​ក្រុម​អ្នក​រៀបចំ​សន្និសីទ​ហាម​មិន​ឲ្យ​ចូល​ស្តាប់​ការ​ពិភាក្សា​តាម​ក្រុម និង​លទ្ធផល​រាយការណ៍​តាម​ក្រុម​ឡើយ។

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០០៧ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៣ ហើយ​ព្រឹទ្ធសភា​បាន​យល់​ស្រប​តាម​ទាំង​ស្រុង កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០០៧។ ក្រម​នេះ​ត្រូវ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា ឲ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០០៧។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាន​១១ គន្ថី និង​ចែក​ចេញ​ជា ៦១២​មាត្រា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។