កម្មករ​ត​ភ្លើង​ឲ្យ​ក្រុមហ៊ុន​វឌ្ឍនៈ​ត្រៀម​ធ្វើ​បាតុកម្ម​ទាមទារ​បើក​ប្រាក់​​ឈ្នួល

ក្រុម​កម្មករ​កប់​ខ្សែ​ភ្លើង​ក្រោម​ដី​ឲ្យ​ក្រុមហ៊ុន វឌ្ឍនៈ ខេបភីថល (Vattanac Capital) ជាង ១០០​នាក់ ត្រៀម​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​បើក​ប្រាក់​ខែ​ដែល​ក្រុមហ៊ុន​មិន​​បើក​ជូន​ពួក​គេ​ជាង ៤​ខែ​មក​ហើយ​នោះ។

0:00 / 0:00

កម្មករ​ជីក​ដី​កប់ ឬ​ខួង​រណ្ដៅ​ដី​សំរាប់​កប់​បណ្ដាញ​ខ្សែ​ភ្លើង​ក្រោម​ដី​ឲ្យ​ក្រុមហ៊ុន វឌ្ឍនៈ ខេបភីថល របស់​លោក​ឧកញ៉ា សំ អាង ជាង ១០០​នាក់ បាន​​​​អះ​អាង​ថា ក្រុមហ៊ុន វឌ្ឍនៈ មិន​បើក​ប្រាក់​ខែ​ជូន​កម្មករ​ជាង ៤​ខែ នាំ​ឲ្យ​ពួក​គេ​គ្មាន​ប្រាក់​ទៅ​​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ស្រុក​កំណើត​ទេ​ឆ្នាំ​នេះ។

កម្មករ​បាន​ស្នើ​ឲ្យ​ក្រសួង ឬ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន វឌ្ឍនៈ ឲ្យ​បើក​ប្រាក់​ខែ​​ជា​ញើស​ឈាម​របស់​ពួកគេ​ឲ្យ​បាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ ក្រុម​កម្មករ​នឹង​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​បាតុកម្ម​ពី​មុខ​ក្រុមហ៊ុន វឌ្ឍនៈ ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ក្រុមហ៊ុន វឌ្ឍនៈ ខេបភីថល ជា​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​សំណង់​មាន​កម្ពស់ ៣៨​ជាន់ មាន​ទីតាំង​ទល់​មុខ​ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ។

លោក ស្រៀង ទ្រី ជា​តំណាង​ឲ្យ​កម្មករ​ជីក​ដី​កប់​ខ្សែ​ភ្លើង​ក្រោម​ដី​ឲ្យ​ក្រុមហ៊ុន វឌ្ឍនៈ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន វឌ្ឍនៈ នៅ​ជំពាក់​ប្រាក់​ខែ​កម្មករ​របស់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​មិន​ទាន់​សង។

លោក​ស្នើ​ឲ្យ​លោក​ឧកញ៉ា សំ អាង អគ្គ​នាយក​ក្រុមហ៊ុន វឌ្ឍនៈ ខេបភីថល បើក​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​បញ្ចៀស​បាតុកម្ម​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។

លោក ស្រៀង ទ្រី៖ «ភ្ជុំ​ហើយ​ខ្ញុំ​ប្រុង​ដាក់​កម្លាំង​ជីក​រើ​ខ្សែ។ ការងារ​ខ្ញុំ​ហើយ​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា មក​ម្ល៉េះ។ ខ្ញុំ​ធ្វើ​ហើយ​អត់​បើក​លុយ​ឲ្យ​ខ្ញុំ។ ក្រុមហ៊ុន វឌ្ឍនៈ មុន​ដំបូង​គាត់​ថា ឲ្យ​តែ​ដាក់​ភ្លើង​ហើយ​គាត់​បើក​លុយ​​​ឲ្យ​ហើយ។ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​ដាក់​ភ្លើង​ហើយ​មក​ដល់​ឥឡូវ​ហ្នឹង ជិត ១​សប្តាហ៍​ហើយ គាត់​អត់​ព្រម​បើក​លុយ​ឲ្យ»

លោក​ថា​សព្វថ្ងៃ​នេះ​កម្មករ​មាន​ពេល​ខ្លះ​ដាច់​បាយ​ក្រហាយ​ទឹក ដោយសារ​ការ​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ។

ដូច​គ្នា​ដែរ លោក ចន្ទ គឹមលន ប្រធាន​កម្មករ​ជាង ១០០​នាក់ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដែល​ក្រុមហ៊ុន វឌ្ឍនៈ មិន​បើក​ប្រាក់​ខែ​ជាង ៤​ខែ​មក​នេះ នាំ​ឲ្យ​ក្រុម​កម្មករ​ខឹង​សម្បា៖ «មក​ទល់​ពេល​ហ្នឹង​ជិត ៥​ខែ​ហើយ គ្រាន់​តែ​ការងារ​ធ្វើ​ហើយ។ ចាំ​តែ​លុយ។ ខ្ញុំ​ធ្វើ​ចេញ​ពី​អនុ​ស្ថានីយ​អគ្គិសនី​ទី​២ ក្បាល​ថ្នល់ មក​អាគារ ៣៨​ជាន់ ហើយ​ចេញ​ពី​អាគារ ៣៨​ជាន់​ទៅ​អនុ​ស្ថានីយ​ទី​២ អគ្គិសនី ផ្សារ​តូច»

កម្មករ​បាន​ឲ្យ​ដឹង​ថា ដើម​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន វឌ្ឍនៈ មិន​បើក​ប្រាក់​ខែ​ជូន​ពួកគេ ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​ក្រុមហ៊ុន​កាណាឌីយ៉ា (Canadia) ដែល​​ប្រើ​រណ្ដៅ​​ត​ភ្ជាប់​ខ្សែ​ភ្លើង​ក្រោម​ដី​រួម​​គ្នា​ជាមួយ​ក្រុមហ៊ុន វឌ្ឍនៈ ​តាម​ការ​ចង្អុល​​បង្ហាញ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ។

​សំណើ​ខួង​កាត់​ផ្លូវ​មួយ​ចំនួន​តាម​ផ្លូវ​ព្រះមុនីវង្ស ពី​អនុ​ស្ថានីយ​ទី​១ ផ្សារ​តូច និង​អនុ​ស្ថានីយ​ទី​២ ក្បាល​ថ្នល់ មក​ទី​តាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ ខេបភីថល ធ្វើ​ឡើង​តាម​សំណើ​របស់​​ លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា។

តំណាង​កម្មករ​ឲ្យ​ដឹង​ថា លោក កែវ រតនៈ គឺ​ជា​អាជ្ញា​កណ្ដាល​ជុំវិញ​ទំនាស់​ជីក​ខួង​ចិញ្ចើម​​ផ្លូវ​ព្រះ​មុនីវង្ស រវាង​ក្រុមហ៊ុន វឌ្ឍនៈ និង​ក្រុមហ៊ុន កាណាឌីយ៉ា ហើយ​ជា​មនុស្ស​អាច​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន វឌ្ឍនៈ ​បើក​ប្រាក់​ខែ​ជំពាក់​​ជូន​ពួកគេ។

​​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧកញ៉ា សំ អាង អគ្គ​នាយក​ក្រុមហ៊ុន វឌ្ឍនៈ និង​លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ក្រុមហ៊ុន វឌ្ឍនៈ មិន​បើក​ប្រាក់​បៀវត្ស​ជូន​កម្មករ​បាន​ទេ​តាម​ទូរ​ស័ព្ទ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។ ប៉ុន្តែ​លោក ប្រាក់ ស៊ីដេត ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន វឌ្ឍនៈ បាន​ថ្លែង​ថា ក្រុមហ៊ុន​ខ្លួន​បាន​​បើក​ប្រាក់​​គ្រប់​ចំនួន​ជូន​កម្មករ​តាម​រយៈ​ក្រុមហ៊ុន​ម៉ៅការ​រួច​ហើយ។

លោក ប្រាក់ ស៊ីដេត៖ «ខ្ញុំ​អត់​មាន​ជំពាក់​លុយ​អ្នក​ម៉ៅការ​ទេ គឺ​បើក​លុយ​ឲ្យ​ទៅ​អ្នក​ម៉ៅការ​អស់​ហើយ ខ្ញុំ​មាន​ឯកសារ​ទទួល​លុយ​ពី​អ្នក​ទទួល​ការងារ​ពី​ខាង​ខ្ញុំ​ទៅ។ អ៊ីចឹង​ខ្ញុំ​ត្រូវ​ការ​រក​មុខ​អាណា​គេ​ដែល​ប្រាប់​ថា ក្រុមហ៊ុន​ជំពាក់​លុយ»

យ៉ាង​នេះ​ក្តី អ្នក​ម៉ៅការ​ជីក​ខួង​រណ្ដៅ​ដី​ភ្ជាប់​បណ្ដាញ​ខ្សែ​ភ្លើង និង​កម្មករ បាន​អះអាង​ថា ក្រុមហ៊ុន វឌ្ឍនៈ ទើប​បើក​ថ្លៃ​ឈ្នួល​​​ជូន​ពួកគេ​បាន​តែ ៧០​ភាគរយ​ទេ គឺ​នៅ​ខ្វះ ៣០​ភាគ​រយ​ទៀត​មិន​ទាន់​ផ្ដល់​ជូន។

​ទាក់ទិន​បញ្ហា​នេះ កំណត់​ហេតុ​ប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១១ ស្តីពី​សំណើ​ខួង​កាត់​​ផ្លូវ បាន​សង្កត់​ធ្ងន់​ឲ្យ​អគ្គិសនី​កម្ពុជា ​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត​ជាមួយ​ក្រុមហ៊ុន ឬ​អង្គភាព​ផ្សេងៗ នៅ​ពេល​ដំណើរ​ការ​ខួង​​​ចិញ្ចើម​ផ្លូវ ព្រោះ​អគ្គិសនី​កម្ពុជា ជា​អ្នក​ចេញ​មុខ​ស្នើ​សុំ​បើ​សិន​មាន​ក្រុមហ៊ុន​​ផ្សេង​​ចង់​ដាក់​ខ្សែ​បណ្ដាញ​របស់​ខ្លួន​ចូល​ក្រោម​ដីដែរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។