សហព្រះរាជអាជ្ញាអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសលាលែងពីមុខតំណែងនៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ។
លោក Robert Petit សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម។
តាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីអំពីការលាលែងពីមុខតំណែងសហព្រះរាជអាជ្ញាអន្តរជាតិ គឺលោក Robert Petit បានឲ្យដឹងថា លោកនឹងលាលែងពីតំណែងចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩តទៅ ដោយសារមូលហេតុផ្ទាល់ខ្លួននិងក្រុមគ្រួសារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានផងដែរ លោក Robert Petit បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងក្នុងការលាលែងនេះ ហើយលោកបានរៀបរាប់ពីការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរបស់លោកផ្ទាល់ ព្រមទាំងសហការីរបស់លោកក្នុងយុត្តាធិការរបស់ខ្លួន ហើយលោកបានបញ្ជាក់ថា ៖ «វាជាបុព្វសិទ្ធិដ៏ធំធេងបំផុតចំពោះវិជ្ជាជីវៈរបស់ខ្ញុំ ដែលខ្ញុំមានឱកាសបាននាំយកមកនូវយុត្តិធម៌មួយចំនួនសម្រាប់ជនរងគ្រោះទាំងឡាយនៃឧក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហម»។
ថ្វីត្បិតតែលោក Robert Petit លាលែងពីមុខតំណែង លោកនៅតែជឿជាក់ថា សេចក្ដីសង្ឃឹមរបស់កម្ពុជាចំពោះអនាគតមួយដ៏ប្រសើរ មួយផ្នែកគឺថា ការប្រព្រឹត្តនូវឧក្រិដ្ឋកម្មណាមួយត្រូវតែបានផ្ដន្ទាទោស។
លោក Robert Petit ក៏បានសម្ដែងផងដែរនូវកតញ្ញូតាធម៌ជារៀង រហូតចំពោះប្រជាជនកម្ពុជា ៖ «រូបលោកផ្ទាល់ ក៏ដូចជាគ្រួសាររបស់លោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងប្រទេសកម្ពុជា ហើយពួកគាត់ក៏បានហៅប្រទេសនេះថាជាស្រុកកំណើតរបស់ខ្លួនអស់រយៈពេលបីឆ្នាំមកហើយ»។
ទាក់ទិននឹងការលាលែងរបស់លោក Robert Petit មន្ត្រីទទួលបន្ទុកការងារព័ត៌មាននៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា សាលាក្ដីនឹងរៀបចំឲ្យមានសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធទី២៤ ខែមិថុនា ៖ «ស្អែកនៅម៉ោង១២និង៣០នាទី គឺមានសន្និសីទកាសែតដូចដែលយើងធ្វើប្រចាំសប្ដាហ៍ ហើយលោក Robert Petit សហព្រះរាជអាជ្ញាអន្តរជាតិ នឹងចូលរួមនៅពេលនោះ»។
គួររំឭកជូនថា លោក Robert Petit សហព្រះរាជអាជ្ញាអន្តរជាតិរូបនេះបានស្នើឲ្យមានការស៊ើបអង្កេតទៅលើជនសង្ស័យនៃរបបខ្មែរក្រហមមួយចំនួនទៀត ប៉ុន្តែការផ្ដួចផ្ដើមរបស់លោកត្រូវបានជំទាស់ដោយសហព្រះរាជអាជ្ញាកម្ពុជា គឺលោកស្រី ជា លាង។ ទោះយ៉ាងណា គំនិតផ្ដួចផ្ដើមនេះកំពុងនៅក្នុងការពិចារណារបស់អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមនៅឡើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |