សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​សុំ​ឈប់​ពី​ការងារ

សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​លា​លែង​ពី​មុខ​តំណែង​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មិថុនា​នេះ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​អំពី​ការ​លាលែង​ពី​មុខ​តំណែង​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ គឺ​លោក Robert Petit បាន​ឲ្យ​ដឹង​ថា លោក​នឹង​លា​លែង​ពី​តំណែង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៩​ត​ទៅ ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផង​ដែរ លោក Robert Petit បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​លា​លែង​នេះ ហើយ​លោក​បាន​រៀបរាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​របស់​លោក​ផ្ទាល់ ព្រម​ទាំង​សហការី​របស់​លោក​ក្នុង​យុត្តាធិការ​របស់​ខ្លួន ហើយ​លោក​បាន​បញ្ជាក់​ថា ៖ «វា​ជា​បុព្វសិទ្ធិ​ដ៏​ធំធេង​បំផុត​ចំពោះ​វិជ្ជាជីវៈ​របស់​ខ្ញុំ ដែល​ខ្ញុំ​មាន​ឱកាស​បាន​នាំ​យក​មក​នូវ​យុត្តិធម៌​មួយ​ចំនួន​សម្រាប់​ជន​រង​គ្រោះ​ទាំង​ឡាយ​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម»។

ថ្វី​ត្បិត​តែ​លោក Robert Petit លា​លែង​ពី​មុខ​តំណែង លោក​នៅ​តែ​ជឿជាក់​ថា សេចក្ដី​សង្ឃឹម​របស់​កម្ពុជា​ចំពោះ​អនាគត​មួយ​ដ៏​ប្រសើរ មួយ​ផ្នែក​គឺ​ថា ការ​ប្រព្រឹត្ត​​នូវ​ឧក្រិដ្ឋកម្ម​ណា​មួយ​ត្រូវ​តែ​បាន​ផ្ដន្ទាទោស។

លោក Robert Petit ក៏​បាន​សម្ដែង​ផង​ដែរ​នូវ​កតញ្ញូតាធម៌​ជា​រៀង​ រហូត​ចំពោះ​ប្រជាជន​កម្ពុជា​ ៖ «រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​គ្រួសារ​របស់​លោក ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពួក​គាត់​ក៏​បាន​ហៅ​ប្រទេស​នេះ​ថា​ជា​ស្រុក​កំណើត​របស់​ខ្លួន​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ»

ទាក់ទិន​នឹង​ការ​លាលែង​របស់​លោក Robert Petit មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា សាលាក្ដី​នឹង​រៀបចំ​ឲ្យ​មាន​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​ទី​២៤ ខែ​មិថុនា ៖ «ស្អែក​នៅ​ម៉ោង​១២​និង​៣០​នាទី គឺ​មាន​សន្និសីទ​កាសែត​ដូច​ដែល​យើង​ធ្វើ​ប្រចាំ​សប្ដាហ៍ ហើយ​លោក Robert Petit សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ នឹង​ចូល​រួម​នៅ​ពេល​នោះ»

គួរ​រំឭក​ជូន​ថា លោក Robert Petit សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​រូប​នេះ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជន​សង្ស័យ​នៃ​របប​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត ប៉ុន្តែ​ការ​ផ្ដួច​ផ្ដើម​របស់​លោក​ត្រូវ​បាន​ជំទាស់​ដោយ​សហ​ព្រះ​រាជ​អាជ្ញា​កម្ពុជា គឺ​លោកស្រី ជា លាង។ ទោះ​យ៉ាង​ណា គំនិត​ផ្ដួចផ្ដើម​នេះ​កំពុង​នៅ​ក្នុង​ការ​ពិចារណា​របស់​អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរក្រហម​នៅ​ឡើយ៕