ការ​អភិវឌ្ឍ​ផ្លូវ​នៅ​តាម​ព្រំដែន​ងាយ​ស្រួល​ដល់​កសិករ​លក់​កសិផល

ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ ដូច​ជា​ផ្លូវ​ថ្នល់​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ មាន​សារសំខាន់​ដែល​បង្ក​ភាព​ងាយ​ស្រួល​ចំពោះ​ការ​ត​ភ្ជាប់​ការ​លក់​កសិផល​ទៅ​នឹង​ទី​ផ្សារ។
ដោយ អាន ស៊ីថាវ
2012-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពោត បាត់ដំបង ៣០៥
កសិករ​ប្រមូល​ផល​ពោត នៅ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១២។
RFA/Mom Sophon

អ្នក​វិភាគ​កសិកម្ម​បាន​អះ​អាង​ថា ការ​ពង្រីក​សាង​សង់​ផ្លូវ​ថ្នល់​ គឺ​ប្រជា​កសិករ​អាច​ទទួល​បាន​ចំណូល​ច្រើន​ពី​ការ​លក់​ផ្ទាល់​ទៅ​ដល់​ទីផ្សារ និង​ប្រជា​កសិករ​ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​ទីផ្សារ​កសិផល។ ទន្ទឹម​នេះ​ដែរ ការ​ចង​ក្រង​គ្នា​ជា​ក្រុម​កសិករ​ដើម្បី​ប្រមូល​កសិផល​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​កត្តា​សំខាន់ សម្រាប់​កសិករ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន។

ប្រជា​កសិករ​ដឹក​កសិផល​មក​លក់​​​ឲ្យ​ឈ្មួញ​ដែល​កំពុង​រង់ចាំ​ប្រមូល​ទិញ និង​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ថៃ ដែល​ចុះ​ប្រមូល​ទិញ​កសិផល​រៀង​រាល់​ថ្ងៃ​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដូច​ជា​នៅ​តាម​ស្រុក​ ភ្នំព្រឹក សំពៅលូន និង​កំរៀង ជា​ដើម។

អ្នក​ប្រមូល​ទិញ​កសិផល​​នៅ​ភូមិ​អន្លង់​ស្ដី ឃុំ​ប៊ូ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង លោក ប៊ុន ហោ បាន​ឲ្យ​ដឹង​ថា រៀង​រាល់​ថ្ងៃ​គាត់​ប្រមូល​ទិញ​​ពោត​ក្រហម​ពី​កសិករ​ប្រមាណ ៣០​តោន ទៅ ៤០​តោន​ក្នុង​មួយ​ថ្ងៃ លក់​ទៅ​ឲ្យ​ឈ្មួញ​ថៃ ដែល​ចូល​មក​ប្រមូល​ទិញ​​ដោយ​ផ្ទាល់។ លោក​បញ្ជាក់​​ទៀត​ថា ទីផ្សារ​ពោត​នៅ​ឆ្នាំ​នេះ​គឺ​មាន​ទីផ្សារ​ល្អ ដោយ​លោក​ទិញ​ពី​កសិករ​ប្រមាណ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​លក់​ទៅ​ឲ្យ​ឈ្មួញ​ថៃ​តម្លៃ ៦០០​រៀល។

អ្នក​ប្រមូល​ទិញ​កសិផល​ម្នាក់​ទៀត​ដែល​ទើប​នឹង​ចាប់​ផ្តើម​ទិញ​កសិផល​នៅ​​ដើម​​ឆ្នាំ​២០១២ លោក អុល វ៉ុន អាយុ ៣៣​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​នៅ​តាម​ព្រំដែន​នេះ​ គឺ​​ភាគ​ច្រើន​ជា​កសិករ​ដែល​ធ្វើ​ចំការ​​ដាំ​ដំណាំ​ដូច​ជា​ពោត សណ្ដែក​ ល្ង ជា​ដើម ដែល​ជា​កត្តា​សំខាន់​​​សម្រាប់​មុខ​របរ​ជា​អ្នក​ប្រមូល​ទិញ​កសិផល​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ថៃ។

លោក អុល វ៉ុន បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ទី​ផ្សារ​ពោត​ក្រហម​នៅ​ភូមិ​អន្លង់​ស្ដី​​នេះ មាន​ទីផ្សារ​ខ្ពស់ ដែល​ឈ្មួញ​ថៃ​ចូល​មក​ទិញ​នៅ​នឹង​កន្លែង​ ដោយ​សារ​​តែ​ភូមិ​នេះ​ប្រមូល​ផល​មុន​តំបន់​ដទៃ៖ «ដើម​ដៃ​នេះ​អត់​ពិបាក​ទេ ព្រោះ​ដើម​ដៃ​មាន​តែ​ម្ដុំ​នេះ វា​អត់​ទាន់​ដល់។ ទី​មួយ​ដំបូង ទឹក​ភ្លៀង​វា​អត់​ផ្ដល់​ឲ្យ​ដល់ ដល់​តែ​មួយ​កន្លែងៗ។ ដល់​អ៊ីចឹង​កន្លែង​នេះ​ដល់​មុន​គេ ស្រួល​លក់»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា នៅ​ពេល​ខាង​មុខ ការ​លក់​កសិផល​ទៅ​ឲ្យ​ថៃ មាន​ភាព​លំបាក និង​មាន​ថ្លៃ​ទាប ដោយ​សារ​តែ​ពឹង​លើ​ប្រទេស​ថៃ តែ​មួយ​ ចំ​ពេល​ដែល​រដូវ​ប្រមូល​ផល​​មក​ដល់។

កសិករ​​ដាំ​ពោត​ក្រហម​​នៅ​ភូមិ​អន្លង់ក្រូច ឃុំ​ប៊ូ លោក ផុន ម៉ៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​ពោត​គាត់​លក់​​បាន​ជាង ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ លក់​ទៅ​ឲ្យ​​ឈ្មួញ​នៅ​ឃុំ​ប៊ូ។ លោក​បញ្ជាក់​ថា តម្លៃ​ពោត​គឺ​មិន​មាន​ភាព​ស្ថិតស្ថេរ ដោយសារ​តែ​បរិមាណ​ច្រើន និង​មាន​ទីផ្សារ​តែ​មួយ៖ «កាល​ពី​ចុះ​កាត់​ដំបូង​បាន​ថ្លៃ ឥឡូវ​ចុះ។ នេះ​ចុះ​ទៀត​ហើយ ទៅ​ថ្លឹង​ព្រឹក​មិញ ដឹក​ទៅ​ល្ងាច គេ​ចុះ​ទៀត​ហើយ។ ថៅកែ​គេ​ប្រាប់​ថា ចុះ​ទៀត​ហើយ អត់​ទាន់​ហ៊ាន​ទទួល​កុងត្រា...»

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក ផុន ម៉ៅ បន្ត​ថា តម្លៃ​ពោត​នៅ​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ហើយ​បើ​ទោះ​ជា​ចំការ​នៅ​ឆ្ងាយ​ក៏​ឈ្មួញ​នោះ​ហ៊ាន​ទិញ​ត្រង់​តម្លៃ​មួយ​ខ្ពស់។

កត្តា​នេះ​ ឈ្មួញ​ខ្មែរ​ដែល​ជា​អ្នក​ប្រមូល​ទិញ​​កសិផល​​មួយ​ចំនួន​បាន​អះអាង​ថា មាន​មូល​ហេតុ​សំខាន់​មួយ​ចំនួន​នោះ​ ដែល​កសិករ​​អាច​លក់​ផលិតផល​មាន​តម្លៃ​ខ្ពស់​ដោយ​សារ​តែ​​ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ខ្មែរ-​ថៃ មាន​សភាព​ស្ងប់​ស្ងាត់ ​ដែល​បង្ក​ឲ្យ​ឈ្មួញ​ថៃ បាន​ចុះ​ទិញ​កសិផល​របស់​គាត់​ហ្នឹង​ដល់​នៅ​នឹង​កន្លែង ដែល​​ប្រជា​កសិករ​មិន​បាច់​យក​កសិផល​ទៅ​លក់​ផ្ទាល់​ទេ។ កត្តា​នេះ​ធ្វើ​ឲ្យ​​កសិករ​មាន​ប្រាក់​ចំណូល​ច្រើន​ពី​ការ​លក់​កសិផល​មិន​ចាំ​បាច់​ចំណាយ​ច្រើន​លើ​ការ​ដឹក​ជញ្ជូន និង​សម្ភារៈ​ផ្សេងៗ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឈ្មួញ​​ខ្មែរ​មួយ​ចំនួន​បាន​អះ​អាង​ថា ការ​ប្រមូល​កសិផល​សរុប​លក់​ទៅ​ឲ្យ​ឈ្មួញ​នៅ​លើ​ទឹក​ដី​ថៃ ដោយ​ផ្ទាល់ មាន​ការ​លំបាក​ដោយ​សារ​តែ​ពួក​គាត់​ពិបាក​នឹង​រក​ព័ត៌មាន​​អំពី​ក្រុមហ៊ុន​ដែល​មាន​តម្រូវ​ការ​កសិផល​​ពី​កម្ពុជា​ ដូច្នេះ​គាត់​ត្រូវ​​ប្រមូល​ទិញ​កសិផល​ពី​ភូមិ លក់​ទៅ​ឈ្មួញ​នៅ​ឃុំ ឬ​ទៅ​ខេត្ត ហើយ​បន្ត​លក់​ទៅ​ប្រទេស​ថៃ ឬ​លក់​ឲ្យ​ឈ្មួញ​ថៃ ដែល​ចុះ​មក​ទិញ​ផ្ទាល់។

អ្នក​វិភាគ​កសិកម្ម លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា កសិផល​របស់​ប្រទេស​កម្ពុជា ភាគ​ច្រើន​ពឹង​លើ​ប្រទេស​ជិត​ខាង​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​តម្លៃ​បន្ថែម​តាម​រយៈ​ការ​បង្កើត​ការងារ​ ឬ​លក់​ផលិតផល​សម្រេច​មាន​តម្លៃ​ខ្ពស់​ជាង។ ប៉ុន្តែ​ការ​មាន​ទីផ្សារ គឺ​ល្អ​សម្រាប់​កសិករ​ដែល​ជា​អ្នក​ផលិត ទន្ទឹម​នឹង​ប្រទេស​កម្ពុជា មាន​រោងចក្រ​កែច្នៃ​តិចតួច​ប៉ុណ្ណោះ។

លោក ស្រី ចន្ធី៖ «ដោយសារ​តែ​យើង​អត់​មាន​អ្នក​នាំ​ចេញ​ធំដុំ​ផ្ទាល់​ទៅ​ទីផ្សារ​អន្តរជាតិ។ ដោយ​ឡែក​នៅ​ខាង​ជាយ​ដែន​ជាមួយ​ប្រទេស​ថៃ​ហ្នឹង​ គឺ​កសិករ​យើង​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ការ​នាំ​ចេញ​កសិផល​ស្រស់ ឬ​ហៅ​ថា នៅ​ឆៅ នាំ​ទៅ​ខាង​ប្រទេស​ថៃ ដោយ​តែ​យើង​ខាង​ផ្នែក​កែច្នៃ។ កសិផល​នៅ​ប្រទេស​យើង​ក៏​នៅ​មាន​កម្រិត ហើយ​និង​ទីផ្សារ​យើង​តូច ហើយ​ក៏​អត់​មាន​អ្នក​ណា​ប្រមូល​ទិញ​នាំ​ចេញ​ផ្ទាល់​ទៅ​ទីផ្សារ​អន្តរជាតិ»

លោក ចន្ធី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ចង​ក្រង​ជា​ក្រុម​ធំ​​ទាំង​អ្នក​ផលិត​កសិកម្ម និង​អ្នក​ប្រមូល​កសិផល​គឺ​កត្តា​មួយ​សំខាន់​សម្រាប់​​ទាមទារ​ថ្លៃ​កាន់​តែ​ខ្ពស់ ប៉ុន្តែ​លោក​​អង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា ប្រជា​កសិករ​ជា​អ្នក​ទទួល​យក​ថ្លៃ​ ដោយ​សារ​តែ​ប្រជា​កសិករ​យើង​ខ្នាត​តូច បរិមាណ​តិច និង​ប្រជា​កសិករ​មាន​បាន​ទទួល​ព័ត៌មាន​ទីផ្សារ​កសិករ​នៅ​​មាន​កម្រិត​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ចន្ធី ទទួល​ស្គាល់​​ថា ការ​ពង្រីក​ទីផ្សារ​ដោយ​​ពឹង​ផ្អែក​លើ​ការ​​លក់​កសិផល​នៅ​បរទេស​ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម គឺ​កត្តា​សំខាន់​សម្រាប់​​ជួយ​ពង្រីក​ទីផ្សារ​របស់​ប្រជា​កសិករ។

លោក​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​រដ្ឋាភិបាល​​ប្រកាស​បិទ​មិន​ឲ្យ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​អ្នក​ដែល​ខាត​បង់​ធំ​ជាង​គេ​គឺ​ជា​កសិករ ដែល​ឈ្មួញ​នៅ​កម្ពុជា អាច​នឹង​បន្ថោក​តម្លៃ​កសិផល​របស់​គាត់។

យ៉ាង​ណា​ក៏​ដោយ ការ​អះអាង​របស់​ឈ្មួញ​ដែល​​នាំ​ចេញ​កសិផល​ទៅ​​ក្រៅ​ប្រទេស​ថា បាន​ឲ្យ​ដឹង ឥឡូវ​នៅ​តាម​ព្រំដែន ជា​ពិសេស​នៅ​ខេត្ត​បាត់ដំបង មាន​ភាព​ស្រួល​ជាង​មុន​ដោយ​សារ​តែ​ការ​ពង្រីក​ផ្លូវ​បាន​ល្អ ហើយ​ប្រជា​កសិករ​ក៏​អាច​លក់​កសិផល​របស់​គាត់​បាន​តម្លៃ​ខ្ពស់​ជាង​មុន ទន្ទឹម​នឹង​កសិផល​មួយ​ចំនួន​អាច​ផ្គត់​ផ្គង់​បាន​ចំពោះ​រោងចក្រ​ក្នុង​ស្រុក ដែល​កសិផល​ទាំង​​នោះ​មាន​​ស្រូវ ដំឡូង​មី និង​ដំណាំ​​ពោត​ក្រហម​ជា​ដើម៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល