បេក្ខជន​ប្រលង​ចោទ​ក្រសួង​ធម្មការ​និង​សាសនា​ថា​ពុករលួយ

បេក្ខជន​ប្រលង​ជ្រើសរើស​ក្របខ័ណ្ឌ​ធ្វើ​ការ​នៅ​ក្រសួង​ធម្មការ បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ធម្មការ និង​សាសនា​ថា ពួក​គាត់​បាន​ប្រលង​ជាប់​កាល​ពី​ឆ្នាំ​២០១១ បែរ​ជា​នៅ​ឆ្នាំ​២០១២ នេះ គេ​ឲ្យ​មក​ប្រលង​ម្ដង​ទៀត ដោយសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្មាន​ប្រាក់​សំណូក។
ដោយ ទីន ហ្សាការីយ៉ា
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ព្រះសង្ឃ​មួយ​អង្គ​សុំ​មិន​បញ្ចេញ​ព្រះនាម មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា ព្រះតេជគុណ និង​និស្សិត​មួយ​ចំនួន​ទៀត បាន​ប្រលង​ជាប់​ជា​គ្រូ​មធ្យម​បង្រៀន​ផ្នែក​សាសនា កាល​ពី​ឆ្នាំ​២០១១ រហូត​ដល់​ក្រសួង​ចេញ​សេចក្ដី​ប្រកាស​ថា ព្រះតេជគុណ និង​បេក្ខជន​មួយ​ចំនួន​ទៀត ប្រលង​ជាប់​ជា​ស្ថាពរ​ដើម្បី​បំរើ​ការងារ​ជា​គ្រូ​មធ្យម​សិក្សា​បង្រៀន​ផ្នែក​សាសនា។

ផ្ទុយ​ទៅ​វិញ ព្រះ​តេជគុណ​មាន​ថេរដីកា​ថា នៅ​ដើម​ខែ​សីហា នេះ នៅ​មុន​ពេល​គេ​រៀបចំ​ប្រលង​ជ្រើស​រើស​គ្រូ​នៅ​ឆ្នាំ​២០១២ ស្រាប់​តែ​មន្ត្រី​ក្រសួង​ធម្មការ​បាន​ទូរស័ព្ទ​ឲ្យ​ព្រះ​តេជគុណ​មក​ប្រលង​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​៩ សីហា ទៅ​វិញ។ ព្រះតេជគុណ​បញ្ជាក់​ថា ព្រះ​តេជគុណ​ក៏​ទៅ​ប្រលង​ម្ដង​ទៀត​តាម​ការ​កោះ​ហៅ តែ​ការ​ប្រកាស​លទ្ធផល​កាល​ពី​សប្ដាហ៍​មុន​បែរ​ជា​ព្រះ​តេជគុណ​ធ្លាក់​ទៅ​វិញ៖ «ប្រឡង​ជ្រើសរើស​អាត្មា​លើក​ក្រោយ​ហ្នឹង ស្រាប់​តែ​ទូរស័ព្ទ​មក​ប្រាប់​អាត្មា​ឲ្យ​ទៅ​ទិញ​ពាក្យ​ប្រឡង​ម្ដង​ទៀត ពេល​អាត្មា​ទៅ គេ​ប្រាប់​ថា អាត្មា​ធ្លាក់​ទៅ​វិញ ឲ្យ​ប្រឡង​ម្ដង​ទៀត។ ចុះ​ពេល​មុន​ប្រកាស​ថា អាត្មា​ប្រឡង​ជាប់ មាន​បោះ​ត្រា​ក្រសួង​ប៉ុនណា​ណី បែរ​ជា​មិន​ទទួល​ស្គាល់ ក្រសួង​មិន​ទទួល​ខុស​ត្រូវ​ទៅ​វិញ ឲ្យ​អ្នក​ណា​ទទួល​ខុស​ត្រូវ?»

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី​១៨ សីហា កន្លង​ទៅ ក្រសួង​ធម្មការ​ក៏​បាន​រៀបចំ​បេក្ខជន បេក្ខនារី ប្រលង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ឲ្យ​ចូល​បំរើ​ការងារ​នៅ​ក្រសួង​ធម្មការ និង​សាសនា ហើយ​ក៏​មាន​ករណី​ដូច​គ្នា​នេះ​ដែរ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ និស្សិត​បាន​ប្រលង​ជាប់​ចំនួន ១៦​នាក់ ប៉ុន្តែ​អ្នក​ដែល​បាន​ចូល​ធ្វើ​ការ​ពិត​ប្រាកដ​នោះ​មាន​តែ ១១​នាក់​ទេ ពីព្រោះ​ថា ភាគច្រើន​នៃ​អ្នក​ប្រលង​ជាប់​ទាំង​នោះ​បាន​សូក​លុយ​ឲ្យ​មន្ត្រី​ក្រសួង​ធម្មការ​អ្នក​កាន់​កិច្ចការ​ប្រលង។ ចំពោះ​បេក្ខជន​ចំនួន ៥​នាក់​ទៀត ដែល​ប្រលង​ជាប់​ក្នុង​ចំណោម ១៦​នាក់​នោះ ពួកគេ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រលង តម្រូវ​ឲ្យ​មក​ប្រលង​ម្ដង​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​គណៈកម្មការ​កណ្ដាល​នៃ​គណៈកម្មការ​ប្រលង លោក ផ្លោក ផន និង​លោក សេង សុមុន្នី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុរក្ស​ប្រលង​នៃ​ក្រសួង​ធម្មការ បដិសេធ​មិន​អធិប្បាយ​អំពី​បញ្ហា​នេះ​ទេ នៅ​ពេល​ឮ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សួរ​សំណួរ​ទាក់ទង​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២៣ សីហា។

លិខិត​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​ក្រសួង​ធម្មការ និង​សាសនា ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ លោក មិន ឃិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ប្រកាស​ស្ដីពី​ការ​ទទួល​យក​បេក្ខជន បេក្ខនារី​ប្រលង​ជាប់​ជា​ស្ថាពរ​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា​មាន​ចំនួន ១៦​នាក់។

នៅ​ចំណុច​ប្រការ​២ នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល​បាន​សរសេរ​ថា ប្រាក់​បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​របស់​បេក្ខជន​ប្រលង​ជាប់​នោះ ត្រូវ​ឆ្លង​កាត់​កម្មសិក្សា​រយៈពេល ១២​ខែ គិត​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១១ ត​ទៅ។ ប៉ុន្តែ​បញ្ជី​រាយ​នាម​បេក្ខជន បេក្ខនារី ប្រលង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ធម្មការ កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១២ មាន ៧៣​នាក់ ក្នុង​នោះ​ក្រសួង​តម្រូវ​ឲ្យ​អ្នក​ប្រលង​ជាប់​ចំនួន ៥​នាក់ កាល​ពី​ឆ្នាំ​២០១១ ទៅ​ចូល​ប្រលង​ម្ដង​ទៀត​ទៅ​វិញ។ ការ​ប្រលង​កាល​ពី​ថ្ងៃ​ទី​១៨ សីហា ក្រសួង​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ក្រសួងធម្មការពុករលួយនរណាក៏ដឹងដែរប៉ុន្តែចុះសម្តេចសង្ឃរាជបង្ខំអោយចៅអធិការបង់បច្ចយ័អោយជារៀងរាល់ខែ ហើយហើយធ្វើនយោបាយដោយបង្ខំអោយលោកសង្ឃប្រកាន់យកគណបក្សប្រជាជន ម្តេចមានថាផង?

Aug 25, 2012 11:02 PM

rith

ពី siemreap

Full of Corruption in Kingdom.

Aug 25, 2012 10:47 PM

អាត្មា

ពី PP

ចប់ហើយក្រសួងធម្មការ សាសនាប្រៀនប្រដៅមនុស្ស​ធ្វើតែអំពើល្អ​​ ក្រសួងនេះជាក្រសួងតំណាងឲ្យ​​​សា​សនា​ទាំងមូល បែរជាប្រព្រឹត្តអំពើពុករលួយទៅវិញុំ។ ខ្មាស់គេ​ណាស់!

Aug 24, 2012 12:01 PM

Tep Wong corrupted

I USED TO PAY 3,000.OO U.S DOLLARS IN ORDER TO GET A JOB IN DEPARTMENT OF CULT AND RELIGION. OTHERWIDE YOU CAN NOT GET A JOB THERE.

Aug 23, 2012 04:36 PM

CheyVorman007

ពី AngKor Wat

ខ្មុំធ្លាប់សារសងជាមួយបងម្នាក់ធើ្វការរាជ្យការ គាត់និយាយទាំង
បញ្ចេញស្នាមញញឹមស្ងួតថា បើចង់អោយអស់អំពើពុក
រលួយត្រូវសំអាតលើចុះក្រោម ព្រោះកន្លែងខ្លះបើអាក្រោម
រមិនបានអោយអាលើ អាលើគេដកអាក្រោមនុះចោល

Aug 23, 2012 12:23 PM

មើល​មតិ​ទាំង​អស់.