ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

2009-11-03

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ធំ​មួយ​ចំនួន បាន​ត្អូញត្អែរ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា ក្រុម​មន្ត្រី​សុរិយោដី​បាន​កំណត់​ឲ្យ​ពួក​គាត់​បង់​ប្រាក់​ចំនួន​៣៥​ដុល្លារ​សម្រាប់​ដីធ្លី​មួយ​ប្លង់ៗ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ លោក ឆេង ម៉េត បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទិញ​ដី​មួយ​ចំនួន​នៅ​ភូមិ​ស្រែ​តាកោរ ដែល​ស្ថិត​ក្នុង​ឃុំ​ប្រាសាទ​ដែរ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ស្រាប់​​តែ​ពេល​ថ្មី​ៗ​នេះ ក៏​មាន​ការ​កំណត់​ឲ្យ​បង់​ប្រាក់​ពី​សំណាក់​ក្រុម​មន្ត្រី​ដែល​ចុះ​វាស់វែង​ដី​ធ្លី​នៅ​ទី​នោះ ហើយ​ហេតុ​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​លោក​មាន​មន្ទិល។

លោក ឆេង ម៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​តាម​ការិយាល័យ​ដែល​ធ្វើ​ប័ណ្ណ​នីមួយៗ​សុទ្ធ​តែ​ដាក់​អក្សរ​មិន​ឲ្យ​យក​លុយ ប៉ុន្តែ​ដល់​ទៅ​ក្រោយ​មក​ទៀត​យើង​ឮៗ​ទៅ ចេះ​តែ​គាប​លុយ​ច្រើន​ឡើងៗ។ ៣៥​ដុល្លារ​វា​ច្រើន​ពេក បើ​បន្ធូរ​បន្ថយ​ពី​ហ្នឹង​មក ត្រឹម​១​ម៉ឺន​ក្ដី ក៏​ចេះ​តែ​បង់​ទៅ ដល់​ច្រើន​ហួស​ពេក​គ្នា​ប្រជាជន​រក​លុយ​ឯ​ណា​បង់​បាន»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​ប្រាសាទ​មួយ​រូប​ទៀត គឺ​លោក សុខា បាន​ត្អូញត្អែរ​ថា ៣៥​ដុល្លារ​ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដូច​ជា​រូប​លោក ហើយ​លោក​ក៏​មាន​ចម្ងល់​ខាង​ផ្លូវ​ច្បាប់​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ។

លោក សុខា បាន​ត្អូញ​ដូច្នេះ​ថា ៖ «គេ​និយាយ​ថា ដី​ប៉ុណ្ណា​ក៏ដោយ​ត្រូវ​តែ​៣៥​ដុល្លារ ហើយ​ក្រោយ​មក​ប្រជាពលរដ្ឋ​គាត់​បាន​សុំ​ថា ដី​មួយ​ប្លង់​អាច​ត្រឹម​៥-​៦​ម៉ឺន​រៀល​បាន​ទេ? គេ​ថា​អត់​បាន​ទេ។ បើ​មិន​ធ្វើ​ទេ គេ​គំរាម​កំហែង​ថា បើ​សិន​ជា​ឡើង​ទៅ​ខេត្ត​ប្រហែល​ជា​អាច​អស់​ច្រើន​ជាង​ហ្នឹង»

ចំណែក​ឯ​អ្នកស្រី អ៊ុំ ថា រស់​នៅ​ភូមិ​ស៊ីវត្ថា ឃុំ​ប្រាសាទ បាន​អះអាង​ថា អ្នកស្រី​មាន​បី​បួន​ប្លង់​តូចៗ នៅ​ឃុំ​ស្រែ​តាកោរ ដែល​អ្នកស្រី​ទិញ​តាំង​ពី​សម័យ​រដ្ឋ​កម្ពុជា ក្នុង​នោះ​អ្នកស្រី​បាន​បង់​ប្រាក់​ឲ្យ​មន្រ្តី​ចំនួន​១៥​ម៉ឺន​រៀល​សម្រាប់​ដី​២​ប្លង់​កាល​ពី​ពេល​កន្លង​ទៅ តែ​អ្នកស្រី​មិន​មាន​លទ្ធភាព​បង់​ប្រាក់​ឲ្យ​មន្រ្តី​សម្រាប់​ដី​ពីរ​ប្លង់​ទៀត​នោះ​ទេ។

អ្នកស្រី អ៊ុំ ថា បាន​អះអាង​ដូច្នេះ ៖ «បើ​ខ្ញុំ​មិន​បង់​គេ​បញ្ជូន​ទៅ​លើ​ទៀត ហើយ​ខ្ញុំ​អត់​លុយ លក់​អីៗ​អស់​ហើយ ចង​ការ​គេ លក់​អង្ករ​លក់អី»

មេ​ឃុំ​ប្រាសាទ លោក ឡាក់ ឈិន បាន​ថ្លែង​ថា លោក​គ្រាន់​តែ​បាន​ដឹង​តាម​រយ​ប្រជាពលរដ្ឋ​អំពី​ការ​ដែល​ក្រុម​មន្ត្រី​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​​នោះ ហើយ​លោក​បាន​បន្ថែម​ថា ការ​ទិញ​លក់​ដី​មាន​បាន​កើន​ឡើង​នៅ​ភូមិ​ស្រែ​តាកោរ ដោយ​ហេតុ​ថា នៅ​ទី​នោះ​ជា​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​នៃ​គម្រោង​ស្ទឹង​ជីនិត ៖ «ចាំ​មើល​ជាក់​ស្ដែង​នឹង​ចុះ​ទៅ​នៅ​ថ្ងៃ​ចប់​អក​អំបុក​នេះ»

អភិបាល​ខេត្ត​កំពង់​ធំ លោក ឈន់ ឈាន់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ជ្រាប​អំពី​បញ្ហា​ដែល​ថា មន្ត្រី​សុរិយោដី​ខេត្ត​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​ចំនួន​៣៥​ដុល្លារ​សម្រាប់ដី​មួយ​ប្លង់​ៗ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​ប័ណ្ណ​កម្មសិទ្ធ​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ថា នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​រឿង​នេះ។

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា វា​ជា​ការ​ធ្ងន់ធ្ងរ​ពេក​ហើយ​ប្រសិន​បើ​មន្ត្រី​សុរិយោដី​បាន​កំណត់់​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៣៥​ដុល្លារ ដូច​ការ​ដែល​ប្រជាពលរដ្ឋ​អះអាង​មែន​នោះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​និង​កំពង់ស្ពឺ​បារម្ភ​ពី​បញ្ហា​សុខភាព

អង្គការ​អន្តរជាតិ៖ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ប្រសើរ​ជាង​ឆ្នាំ​មុន

សមាជិក​អាស៊ាន​ប្រជុំ​គ្នា​រក​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ