បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ការធ្វើ​លិខិត​ស្នាម​ផ្សេងៗ

2009-07-02

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា អំពើ​ពុក​រលួយ​ក្នុង​ការធ្វើ​លិខិត​ស្នាម​ផ្សេងៗ​នៅ​កម្ពុជា​មិន​ថា​ទីក្រុង​និង​ទី​ជនបទ​ដាច់​ស្រយាល​ឡើយ គឺ​នៅតែ​កើត​មាន​មិន​ឈប់ឈរ ហើយ​កាន់តែ​មាន​ច្រើន​សន្ធឹក​សន្ធាប់​មក​ទល់​ពេល​នេះ។

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី លោក សុន ឆៃ ថ្លែង​ថា ការសូកប៉ាន់​ទៅ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ត្រូវ​គេ​ឃើញ​នៅ​នឹង​ភ្នែក ដោយ​គ្មាន​លាក់លៀម​ឡើយ​ជួនកាល។

លោក សុន ឆៃ បាន​ឲ្យ​ដឹង​ថា ៖ «ច្រើន​ជា​អតិបរមា ខ្ញុំ​បាន​ជម្រាប​លោក​ស្រី​រួច​មក​ហើយ អញ្ជើញ​មើល​តែ​ក្បាល​ស្ពាន​ជ្រោយ​ចង្វា​ទៅ​ក៏​ឃើញ​ប៉ូលិស​ឈប់​ឡាន... ទាំង​យប់​ទាំង​ថ្ងៃ ស្ទះ​ចរាចរណ៍​យក​លុយ​គ្មាន​ខ្លាច​ញញើត​ទេ»

ការធ្វើ​លិខិត​បញ្ជាក់​នានា​ជា​ទូទៅ​មាន​ដូច​ជា​ការធ្វើ​សំបុត្រ​កំណើត ការសុំ​ច្បាប់​អាពាហ៍ពិពាហ៍ ការធ្វើ​ប័ណ្ណ​គ្រួសារ ការបញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​ការលក់​គោ​ក្របី ការធ្វើ​លិខិត​ជួល​ផ្ទះ​សម្បែង ការសុំ​ច្បាប់​លក់​ដូរ ការបញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​ការសុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​ជាដើម សុទ្ធតែ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការបង់​ប្រាក់​ឬ​ការយក​លុយ​ក្រៅ​ផ្លូវការ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​កិច្ចការ​នេះ នេះ​បើ​តាម​ការអះអាង​របស់​ប្រភព​ដដែល។

ការយក​ប្រាក់​នោះ​ច្រើន​ឬ​តិច​គឺ​ក្នុង​ចន្លោះ​៣​ពាន់​រៀល​ទៅ​រាប់​ម៉ឺន​រៀល អាស្រ័យ​ទៅ​តាម​តំបន់​និង​អាស្រ័យ​ទៅ​លើ​ធនធាន​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រោម​ពាក្យ​មនោសញ្ចេនា ការដឹង​គុណ និង​យល់យោគ​គ្នា។

បុរស​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ នៅ​ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ប្រាប់​ថា ពលរដ្ឋ​នៅ​តំបន់​របស់​លោក​កំពុង​តែ​លំបាក​ក្នុង​ការធ្វើ​ប័ណ្ណ​គ្រួសារ​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​បង់​ប្រាក់​លើស​តម្លៃ​កំណត់​នៅ​ក្នុង​ច្បាប់។

លោក​ត្អូញ​បន្ត​ទៀត​យ៉ាង​ដូច្នេះ ៖ «មិន​ទាន់​មាន​សៀវភៅ​គ្រួសារ​ត្រូវ​បង់​១​ម៉ឺន​រៀល។ ហើយ​អ្នក​នៅ​ម្ដុំ​ខ្ញុំ​ហ្នឹង អ្នក​ដែល​ត្រូវ​ធ្វើ​សៀវភៅ​ទាំង​ពីរ​ក្បាល​ហ្នឹង គឺ​ថា​គ្នា​មិន​បាន​ទៅ​ធ្វើ​ទេ ពីព្រោះ​គ្នា​គ្មាន​លុយ ពីព្រោះ​ឥឡូវ​ដឹង​ស្រាប់​ហើយ ការរក​ប្រាក់​សព្វថ្ងៃ​វា​ពិបាក»

នៅ​ភូមិ​តាអុង ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម​វិញ ក៏​មិន​ខុស​គ្នា​នេះ​ដែរ។ លោក ប៉ែន ភាព អាយុ​ប្រហែល​៥០​ឆ្នាំ បាន​បញ្ជាក់​ថា នៅ​ទី​នោះ​សូម្បី​តែ​លក់​គោ​ក្របី​ក៏​លោក​ត្រូវតែ​ជូន​ប្រាក់​ក្រៅ​ផ្លូវការ​ដើម្បី​សុំ​មេ​ភូមិ​ធ្វើ​សំបុត្រ​ស្នាម​ដែរ។

លោក ប៉ែន ភាព បាន​បញ្ជាក់​ថា ៖ «ធ្លាប់​លក់​គោ​១​ក្បាល​គេ​យក​១​ម៉ឺន ហើយ​និង​សំបុត្រ​បញ្ជាក់​អី​តិចតួច ដូច​ថា​សំបុត្រ​លក់​ដី សំបុត្រ​ចង​ការ​ប្រាក់​អេស៊ីលីដា អី​អ៊ីចឹង។ បើ​យើង​រក​តិច គេ​យក​តាម​តិច​ដែរ បើ​យើង​យក​ប្រាក់​ខាង​អេស៊ីលីដា​ច្រើន​ទៅ គេ​យក​ច្រើន​ដែរ​ហ្នឹង ដូច​ជា​គិត​ភាគរយ​ពី​យើង​អ៊ីចឹង។ មេ​ភូមិ​ក៏​យក មេ​ឃុំ​ក៏​យក មេ​ឃុំ​អត់​យក ប៉ុន្តែ​ប្រគល់​ឲ្យ​ស្មៀន​យក បើ​អត់​លុយ​ធ្វើ​អត់​បាន​ទេ ប្រាកដ​ជា​អត់​បាន​តែម្ដង»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ កៅ ជេស្តារ បន្ថែម ៖ «នៅ​ជនបទ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​ទាំង​លុយ​១​ម៉ឺន​រៀល​ហ្នឹង​ទៀត ខ្លះ​មាន​កូន​ការ​ហើយ​រក​លុយ​ធ្វើ​ច្បាប់ ៤​-​៥​ម៉ឺន​ហ្នឹង​រក​មិន​បាន​ទៀត»

បុរស​កសិករ​ចំណាស់​ម្នាក់​ទៀត​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម ៖ «វា​ល្មម​ទេ ៤​-​៥​ពាន់​អី​អ៊ីចឹង ចំណែក​យើង​អ្នក​អត់ ៤​-​៥​ពាន់​វា​ច្រើន​ណាស់ គេ​អ្នក​មាន គេ​មិន​អី​ទេ ដល់​យើង​វា​ខ្វះ​ខាត កសិករ កម្មករ​មាន​ស្អី។ សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ជួយ​មើល​ការខុស​ត្រូវ ជួយ​មើល​ប្រជាជន​ផង គ្នា​វា​អត់។ គ្នា​អត់​ហើយ អាជ្ញាធរ​ខាង​ក្រោម​រឹតត្បិត​គ្នា រួច​គ្នា​មិន​ដឹង​ទៅ​រក​ឯ​ណា មួយ​ថ្ងៃ​រក​មិន​បាន ៤​-​៥​ពាន់​ផង។ ពេល​បុណ្យ​ទាន​ម្ដងៗ ពេល​យើង​ធ្វើ​ការងារ​អី​បន្តិច​បន្តួច ម្ដងៗ​គេ​ដឹង​តែ​លុយ»

ជំទប់​ទី​១​នៅ​ឃុំ​តាអុង លោក នឹម ងន មិន​បដិសេធ​ទេ​ចំពោះ​រឿង​នេះ។ លោក​ពន្យល់​ថា ទំនង​មក​ពី​ប្រាក់​ខែ​របស់​មន្រ្តី​មូលដ្ឋាន​តិចតួច​ចាយ​មិន​គ្រប់គ្រាន់ ទើប​នាំ​ឲ្យ​មាន​ការជំរិត​ទារ​ពី​អ្នក​ស្រុក​ដូច្នេះ។

លោក នឹម ងន បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ទី​១ ប្រាក់​បំណាច់​ទាប បញ្ហា​មួយ​ទៀត​គាត់​យក​ដើម្បី​បំពេញ​លើ​ជីវភាព​គ្រួសារ​របស់​គាត់។ នេះ​ជា​អំពើ​មួយ​ពុក​រលួយ​ដែល​រដ្ឋាភិបាល​លោក​មិន​បាន​គិតគូរ​ប្រព័ន្ធ​ពី​លើ​ផុត​ធ្លាក់​មក​ដល់​ក្រោម»

ការយក​លុយ​ក្រៅ​ផ្លូវការ​នៅ​ក្នុង​ការធ្វើ​លិខិត​ស្នាម​នៅ​តាម​មូលដ្ឋាន​ត្រូវ​អ្នក​ស្រុក​ចាត់ទុក​ថា​ជា​ការដាក់​ទម្ងន់​មួយ​បែប​ទៀត​ទៅ​លើ​ពួក​គាត់​ដែល​មាន​ជីវភាព​ដុនដាប​ស្រាប់។

អ្នក​ស្រុក​ត្រូវ​ចំណាយ​លុយ​គ្រប់​កន្លែង​និង​គ្រប់​កន្លុក​កន្លៀត បើ​មិន​ដូច្នេះ​ទេ​កិច្ចការ​ទាំងឡាយ​និង​ត្រូវ​កក​ស្ទះ។

អង្គការ​អាល្លឺម៉ង់​មួយ​ឈ្មោះ​មូលនិធិ ខុនរ៉ាត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​ជួយ​ជា​គម្រោង​គំរូ​មួយ​នៅ​ស្រុក​សៀមរាប​និង​ស្រុក​បាត់ដំបង​នៅ​ក្នុង​កំណែ​ទម្រង់​រដ្ឋបាល​ដើម្បី​បំបាត់​នូវ​អំពើ​ពុក​រលួយ​ថ្នាក់​មូលដ្ឋាន ដោយ​ទទួល​យក​អំណាច​ពី​ថ្នាក់​ជាតិ​មក​ធ្វើការ​ផ្ទាល់​ជាមួយ​មូលដ្ឋាន។

គម្រោង​របស់​មូលនិធិ ខុនរ៉ាត់ ដដែល​នេះ បាន​ជួយ​ពលរដ្ឋ​ក្នុង​ការធ្វើ​ក្រដាស​ស្នាម​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ចំណេញ​ពេល​វេលា ហើយ​អស់​ថវិកា​តិចតួច​តាម​តម្លៃ​កំណត់​ពី​ថ្នាក់​ជាតិ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ។

ប្រធាន​គ្រប់គ្រង​គម្រោង លោក សារឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​បាន​ត្រេកអរ​ចំពោះ​គម្រោង​នោះ​ណាស់ ប៉ុន្តែ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការធ្វើ​ក្រដាស​ស្នាម​មក​ដល់​ពេល​នេះ។

លោក សារឿន បាន​បញ្ជាក់​ថា ៖ «តម្លៃ​អត់​មាន​លើស​ពី​តម្លៃ​ដែល​បិទ​នៅ​តារាង​ហ្នឹង​ទេ  ហ្នឹង​ហៅ​ថា ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហើយ​ស្អែក ខាន​ស្អែក​ឡើង គាត់​មក​យក​ដឹង​តែ​បាន​តែម្ដង។ កាត់​បន្ថយ​ទាំង​ពី​តម្លៃ ពេល​វេលា ហើយ​និង​ចំណេញ​ផល​ប្រយោជន៍ អត្ថ​ប្រយោជន៍​របស់​គាត់ គឺ​គាត់​អាច​ពេល​ទៅ​ធ្វើ​អី​ផ្សេង​ទៀត​ទៅ​ក្នុង​អំឡុង​ពេល​ហ្នឹង ហើយ​គាត់​មក​យក​វិញ​គឺ​បាន​ភ្លាមៗ។ ប្រជាពលរដ្ឋ​គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​គេ​ចង់​ឲ្យ​យើង​យក​គំរូ​ហ្នឹង​ទៅ​អនុវត្ត​នៅ​តាម​ក្រុង​ផ្សេងៗ​ទៀត ប៉ុន្តែ​ដោយសារ​មូលនិធិ​របស់​យើង​មិន​អាច​មាន Fund បន្ត»

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​ថា មិន​មាន​ការបញ្ជា​ពី​ក្រសួង​ឲ្យ​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ឡើយ។ លោក​មិន​ហៅ​ការសូក​ប្រាក់​តិចតួច​ដល់​មន្ត្រី​ថា​ជា​អំពើ​ពុក​រលួយ​ទេ ប៉ុន្តែ​លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​ធ្វើការ​ល្អ​ច្រើន​ណាស់​ហើយ។

លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ៖ «និយាយ​រួម អ្វី​ដែល​បាន​ធ្វើ គឺ​ធ្វើ​ជួយ សេវា​ប្រជាពលរដ្ឋ រដ្ឋ​ចេញ​ថវិកា​ជូន ធ្វើ​កាត​ធ្វើ​អី​ហ្នឹង ការធ្វើ​អី​អត់​មាន​ទេ ហើយ​ក្រុមប្រឹក្សា​គឺ​បោះឆ្នោត​នៅ​ជាមួយ​គ្នា​ហ្នឹង។ ហើយ​ព័ត៌មាន​មួយ ខ្ញុំ​ស្ដាប់​វិទ្យុ​អាស៊ីសេរី និយាយ​មែនទែន​ទៅ ខ្ញុំ​ស្ដាប់​ទៅ​មិន​ដែល​និយាយ​ពី​អ្នក​មាន​បាយ​ហូប​ទេ និយាយ​តែ​អត់​បាយ​ហូប»

គួរ​ជម្រាប​ជូន​ថា របាយការណ៍​ថ្មីៗ​នេះ​របស់​ធនាគារ​ពិភពលោក​នៅតែ​ចាត់ទុក​ថា ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

អង្គការ​អន្តរជាតិ៖ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ប្រសើរ​ជាង​ឆ្នាំ​មុន

ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ភាព​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​លិខិត​រៀបការ​រវាង​ខ្មែរ​និង​ជន​បរទេស​រង​ការ​រិះគន់

អាជ្ញាធរ​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​អ្នក​ភូមិ​ពេល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​តុលាការ​ខែត្រ​រតនគិរី​ជា​ថ្មី

តំណាង​រាស្ត្រ​ស.រ.អា.​ថ្កោលទោស​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

មន្រ្តី​បរិស្ថាន​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

អតីត​យោធិន​ចូល​និវត្តន៍​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ​ពី​បញ្ហា​បាត់​ប្រាក់​ខែ

ប្រធាន​ក្រុម​សាខា​គយ​ខេត្ត​កណ្ដាលរង​ការ​ចោទ​ថា​​យក​ទំនិញ​ក្រុមហ៊ុន​លក់​