អ្នកប្រកបរបររកស៊ីដឹកស្រូវទៅវៀតណាម លោក សុក ហាក់ មានប្រសាសន៍ថា របររកស៊ីរបស់លោកមិនសូវកាក់កបប៉ុន្មានទេ ដោយត្រូវចំណាយបង់លុយឲ្យសមត្ថកិច្ចច្រើនពេក។ លោករៀបរាប់ថា ក្នុងកុងត្រូលមួយកន្លែង លោកត្រូវចំណាយប្រាក់ពី ២ទៅ៣ម៉ឺនរៀល សរុបជំនាញគ្រប់ផ្នែកមាន កុងត្រូលចាំយកលុយ ១២កន្លែង។
លោក សុក ហាក់ បញ្ជាក់ថា ការដាក់កុងត្រូលនេះ ធ្វើឡើងយូរឆ្នាំមកហើយ គ្មានអ្នកបង្ក្រាប៖ «បង់ខ្លួនឯង ដើរហុចលុយតាមប៉ុស្តិ៍ មានគយ មានប៉ូលិស ប៉ូលិសព្រំដែន មានទាហាន មានស្អីទៀតទេច្រើនណាស់ជាង១០ប៉ុស្តិ៍ បើមិនបង់ឲ្យគេ គេម៉េចឲ្យទៅ»។
លោក សុក ហាក់ បន្តថា សមត្ថកិច្ចគ្រប់ស្ថាប័នទាំងនោះតែងប្រើពលរដ្ឋជាអ្នកយកលុយជំនួស ដោយមិនចេញវិក្កយបត្រ។
ពលរដ្ឋនៅឃុំសំពៅពូន អ្នកស្រី អ៊ុន សុភាព ឲ្យដឹងថា អ្នកស្រីធ្វើស្រែលក់ស្រូវបានថោក ដោយឈ្មួញលើកឡើងថា ត្រូវបង់ឲ្យប៉ុស្តិ៍ច្រើនកន្លែងពេក។ អ្នកស្រីរិះគន់ថា អាជ្ញាធរថែមទាំងលក់ផ្លូវឲ្យឈ្មួញទារលុយជំនួសក្រុមខ្លួនទៀត៖ «កុងត្រូលហ្នឹង មាខ្ញុំមួយដែរ លឺថាគាត់ទិញផ្លូវពីគយហ្នឹង ចុះស្រូវចុះអីចឹង ទិញគេបង់ឆ្នាំ ចំពោះតម្លៃជារឿងសម្ងាត់របស់គេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះ ពីអាជ្ញាធរខេត្តកណ្ដាល បានទេ នៅថ្ងៃចន្ទ ទី១៦ កក្កដា ឆ្នាំ២០១២។
យ៉ាងណាក៏ដោយ មេឃុំសំពៅពូន លោក អ៊ុត ស្រ៊ន មានប្រសាសន៍ថា មានអ្នកចាំយកលុយស្រូវមែន តែការយកលុយនោះមិនប៉ះពាល់ដល់តម្លៃស្រូវនោះទេ។ លោកបន្តថា លោកមិនមានសមត្ថកិច្ចអាចត្រួតពិនិត្យមើលការងាររបស់មន្ត្រីប៉ុស្តិ៍ច្រករបៀងនោះឡើយ៖ «ភារកិច្ចរបស់ព្រំដែនអ្នកត្រួតពិនិត្យហ្នឹងជារបស់អ្នកត្រួតពិនិត្យ អ្នកដែលយកលុយស្រូវហ្នឹងហាក់ដូចជាមិនប្រាកដថាចាំតែយកទេ»។
ទាក់ទងនឹងការយកលុយខុសច្បាប់តាមកុងត្រូលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានជាច្រើនដងច្រើនសារមកហើយ ថែមទាំងចាក់ផ្សាយតាមប្រព័ន្ធឃោសនាក្នុងស្រុកជារៀងរាល់ថ្ងៃថែមទៀត។ លោកបានហៅកុងត្រូលដែលដាក់យកលុយពលរដ្ឋដោយគ្មានច្បាប់ថា ជាកុងត្រូលជជុះ។
កាលពីខែមេសា ឆ្នាំ២០១០ លោក ហ៊ុន សែន បានបញ្ជាទៅកាន់អ្នកគ្រប់គ្រងស្ថាប័នមួយចំនួនដែលជាប់ពាក់ព័ន្ធ ឲ្យលុបបំបាត់បញ្ហាកុងត្រូលជជុះ៖ «កុងត្រូលជជុះហ្នឹង វាច្រើនពេក ហើយសមត្ថកិច្ចដែលគ្មានការពាក់ព័ន្ធហ្នឹង វាទៅស្អីដែរអាហ្នឹង ស្ថាប័ននិមួយៗមានជាទាហានក្តី មានជាអាវុធហត្ថក្តី ក៏សុំពិនិត្យកូនចៅ ព្រោះអាកុងត្រូលហ្នឹង វាចេញពីប្រភពច្រើនណាស់»។
សង្គមស៊ីវិលធ្វើការងារសង្កេតគណនេយ្យភាពសង្គម ហៅបទបញ្ជារបស់លោក ហ៊ុន សែន ក្នុងបញ្ហាកុងត្រូលជជុះនេះថា ជាបទបញ្ជាដែលគ្មានប្រសិទ្ធភាព។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា កុងត្រូលជជុះប៉ះពាល់យ៉ាងច្រើនដល់ការប្រកបរបររកស៊ីរបស់ពលរដ្ឋ។ លោកបន្តថា មូលដ្ឋាននៃការទារលុយរបស់សមត្ថកិច្ចទាំងនោះ ឈរលើគោលការណ៍គំរាមកំហែងបំភិតបំភ័យពលរដ្ឋ។ លោក សន ជ័យ បញ្ជាក់ថា កុងត្រូលទាំងឡាយនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងដើម្បីតែមួយ គឺគាបយកលុយពីឈ្មួញ និងពលរដ្ឋ។
លោក សន ជ័យ៖ «កុងត្រូលហ្នឹង ដាក់ក្នុងបុព្វហេតុផ្សេងៗ តែសំខាន់ដាក់យកលុយពីពលរដ្ឋតែប៉ុណ្ណោះ។ យើងឃើញតែការលើកឡើងពីកង្វល់របស់ប្រជាពលរដ្ឋ ហើយការចាត់វិធានការរបស់អាជ្ញាធរវិញ ហាក់គ្មានចំណាត់ការច្បាស់លាស់ឡើយ»។
អ្នកតាមដានបញ្ហាសង្គមកត់សម្គាល់ថា កន្លងទៅមិនធ្លាប់មានសមត្ថកិច្ចណាម្នាក់ត្រូវតុលាការផ្ដន្ទាទោស ដោយសារការដាក់កុងត្រូលយកលុយពីពលរដ្ឋដោយខុសច្បាប់ឡើយ ទោះបីជាការដាក់កុងត្រូលជជុះជាអំពើពុករលួយបានកើតមាន ហើយមានគេដឹងច្បាស់លាស់ក៏ដោយ។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកស្រី ខារ៉ូល រ៉ដលី (Carol Rudely) ធ្លាប់មានប្រសាសន៍ថា ផ្អែកទៅលើការសិក្សាជាច្រើនបានបង្ហាញថា អំពើពុករលួយបានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាតិដល់ទៅ ៥០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលចំណូលនេះអាចជួយដល់ការចំណាយផ្សេងៗទៅលើសេវាអប់រំសាធារណៈ សេវាថែទាំសុខភាព និងការងារសម្រាប់ប្រជាជនកម្ពុជា។ ថវិកា៥០០លានដុល្លារ គឺមានតម្លៃស្មើនឹងការសាងសង់អគារដែលមានបន្ទប់ចំនួន២ម៉ឺន ឬមានលទ្ធភាពផ្ដល់ប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកម្ពុជាបន្ថែមចំនួន ២៦០ដុល្លារក្នុងមួយខែ។
ទោះជាយ៉ាងនេះក្តី អ្នកដឹកស្រូវ លោក សុក ហាក់ ស្នើឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់ ដើម្បីជួយពលរដ្ឋក្នុងបញ្ហាកុងត្រូលជជុះនៅច្រករបៀង ព្រំដែនកម្ពុជា-វៀតណាម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។