ប្រធាន​ធម្មការ​និង​សាសនា​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​តាកែវ

មន្ត្រី​សង្ឃ​ស្រុក​សំរោង ខេត្ត​តាកែវ ចោទ​ប្រធាន​ធម្មការ​ស្រុក​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ឲ្យ​ព្រះសង្ឃ​សូកប៉ាន់ ដើម្បី​បាន​តំណែង​ជា​អនុគណ​ស្រុក និង​បាន​រៃអង្គាស​លុយ​ពី​ព្រះសង្ឃ​តាម​វត្ត សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ដោយ វិជ័យ អានន្ទ
2012-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​សង្ឃ​ស្រុក​ទាំង​នោះ អះអាង​ថា ព្រះអង្គ​នឹង​លា​លែង​ឈប់​ធ្វើ​ជា​មន្ត្រី​សង្ឃ​បន្ត​ទៀត បើ​សិន​ប្រធាន​ធម្មការ​ស្រុក​រូប​នោះ នៅ​តែ​បន្ត​កាន់​តំណែង​ទៅ​ថ្ងៃ​មុខ​ទៀត។

មន្ត្រី​សង្ឃ​ស្រុក​សំរោង មួយ​ចំនួន មាន​ថេរ​ដីកា​រិះគន់​ថា ការ​កាន់​តំណែង​របស់​លោក ជាម វ៉ា ជា​ប្រធាន​ធម្មការ និង​សាសនា​ស្រុក មិន​បាន​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​រីក​ចម្រើន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ លោក​បាន​យក​ព្រះពុទ្ធសាសនា​ធ្វើ​ជា​ឈ្នាន់ ដើម្បី​រកស៊ី និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​វិស័យ​ព្រះពុទ្ធសាសនា​ថែម​ទៀត។

ព្រះតេជព្រះគុណ ឈុន គឹមហោ មាន​ថេរ​ដីកា នៅ​ថ្ងៃ​ទី​២ សីហា ថា ព្រះពុទ្ធសាសនា​អាច​នឹង​ត្រូវ​ឱនថយ បើ​សិន​មន្ត្រី​ធម្មការ និង​សាសនា ដែល​ពុំ​សូវ​មាន​ចំណេះ​ដឹង​ផ្នែក​សាសនា មក​ដឹកនាំ​ព្រះពុទ្ធសាសនា និង​ប្រព្រឹត្ត​ផ្ដេសផ្ដាស​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា​នោះ។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ថ្មីៗ​នេះ​លោក ជាម វ៉ា បាន​យក​ត្រា​របស់​អនុគណ​ទើប​សឹក ទៅ​ប្រគេន​ព្រះសង្ឃ​ផ្សេង​ទៀត ហើយ​សុំ​ឲ្យ​ព្រះសង្ឃ​អង្គ​នោះ ឲ្យ​បង់​លុយ​មួយ​ចំនួន​ទៅ​ខ្លួន ដើម្បី​ដូរ​យក​ត្រា និង​តែងតាំង​ធ្វើ​ជា​អនុគណ​ថ្មី ជំនួស​អនុគណ​ចាស់​ដែល​ទើប​សឹក តែ​ត្រូវ​ព្រះសង្ឃ​អង្គ​នោះ​បដិសេធ៖ «តែ​ដោយ​ឡែក​ស្រុក​សំរោង ប្លែក​ខុស​គេ ត្រា​ហ្នឹង​គឺ​ឲ្យ​ធម្មការ​កាន់​ដើរ​លក់​ឲ្យ​ព្រះសង្ឃ។ ព្រះសង្ឃ​អង្គ​ណា​ចង់​ឡើង​អនុគណ ត្រូវ​ឲ្យ​លុយ​គេ​អ៊ីចឹង។ ក្នុង​ស្រុក​សំរោង ធ្វើ​ការ​ជាមួយ​គ្នា ឥឡូវ​ហ្នឹង ព្រះសង្ឃ​នៅ​ស្រុក​សំរោង អត់​ពេញ​ចិត្ត​ទេ»

ដូច​គ្នា​នេះ មន្ត្រី​សង្ឃ​មួយ​អង្គ​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​ព្រះនាម មាន​ថេរ​ដីកា​ថា លោក ជាម វ៉ា តែង​រៃអង្គាស​លុយ​តាម​វត្ត​នីមួយៗ យក​ដាក់​ហោប៉ៅ​ខ្លួន​ឯង ដោយ​ប្រើ​រូបភាព​ថា ថ្នាក់​លើ​ឲ្យ​រៃអង្គាស ដើម្បី​យក​ទៅ​ឲ្យ​កាកបាទ​ក្រហម និង​កងទ័ព។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ព្រះសង្ឃ​នេះ លោក ជាម វ៉ា បដិសេធ​ថា លោក មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះ​ឡើយ ព្រោះ​ត្រា​នោះ លោក​បាន​យក​ទៅ​ប្រគេន​ព្រះ​មេគណ​ខេត្ត​តាកែវ រួច​ហើយ៖ «អត់​មាន អត់​មាន​ករណី​នេះ មាន​ត្រា​ឯ​ណា​យក​ទៅ​លក់ ហើយ​ក៏​អត់​មាន​ត្រា​ឯ​ណា​យក​ទៅ​លក់»

ទាក់​ទង​នឹង​ករណី​នេះ​ដែរ មេគណ​ខេត្ត​តាកែវ ព្រះតេជព្រះគុណ កែវ សាវ៉ន មាន​ថេរ​ដីកា​ថា ព្រះអង្គ​បាន​ទទួល​ត្រា​នោះ​ពី​លោក​ប្រធាន​ធម្មការ​ស្រុក​នោះ​រួច​ហើយ។ ចំណែក​រឿងរ៉ាវ​ដែល​ថា​លោក​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក សុំ​ឲ្យ​ព្រះសង្ឃ​សូកប៉ាន់​ដូរ​យក​តំណែង​នោះ ជា​រឿង​ពិត​ប្រាកដ ព្រោះ​ព្រះអង្គ​បាន​ទទួល​របាយការណ៍​នោះ​ពី​មន្ត្រី​សង្ឃ​ស្រុក៖ «អា​រឿង​ហ្នឹង អ៊ីចឹង ព្រោះ​បើ​តាម​របាយការណ៍​សាកសួរ​ព្រះសង្ឃ​ទៅ ឃើញ​អ៊ីចឹង​មែន»

ព្រះតេជព្រះគុណ ឈុន គឹមហោ មាន​ថេរ​ដីកា​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​សង្ឃ​ស្រុក​សំរោង មក​លើ​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​នេះ កើត​ឡើង​បន្ទាប់​ពី​អនុគណ​ស្រុក លោក អ៊ុន សាវឿន បាន​លា​ចាក​សិក្ខាបទ ហើយ​ត្រា​អនុគណ​នោះ​ត្រូវ​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក យក​ទៅ​កាន់​កាប់ និង​យក​ត្រា​នោះ​ប្រគេន​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម អ៊ី សុខគា និង​សុំ​ឲ្យ​ព្រះអង្គ​ផ្ដល់​លុយ​ចំនួន ១.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដូរ​យក​ត្រា និង​តំណែង​អនុគណ​ស្រុក​សំរោង។ ប៉ុន្តែ​រឿង​នេះ ត្រូវ​ព្រះតេជព្រះគុណ អ៊ី សុខគា បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ត្រូវហើយ របបហ៊ុនសែនគឺត្រូវធ្វើបែបនេះ។ មិនថាពុទ្ធចក្រឬអាណាចក្រទេ បើចង់បានតំណែងត្រូវតែសូកលុយ!

Aug 03, 2012 01:40 AM

អ្នក​អាន​អនាមិក

ពិតប្រាកដណាស់​ សានាត្រូវបានគេយកធ្វើជាឈ្នាន់ដើម្បីជាប្រយោជផ្ទាល់ខ្លួន។

Aug 03, 2012 12:04 AM