គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅល្ងាចថ្ងៃទី១៧ ឧសភា បានប្រកាសលទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខែត្រ-ក្រុង ស្រុក-ខណ្ឌ ក្នុងទូទាំងប្រទេស ដោយឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានាំមុខក្នុងចំណោមគណបក្សចូលរួមចំនួន៤។
សមាជិកក្រុមប្រឹក្សាសង្កាត់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌនៅស្ថានីយបោះឆ្នោតមួយកន្លែងក្នុងក្រុងភ្នំពេញនាថ្ងៃទី១៧ ឧសភា ២០០៩។
អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា មានប្រសាសន៍ក្នុងឱកាសសន្និសីទកាសែតនៅវេលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃដដែលនេះថា លទ្ធផលនេះពុំទាន់ចាត់ទុកថាផ្លូវការនៅឡើយទេ ៖ «ថ្ងៃនេះ យើងចេញលទ្ធផលបឋម ហើយលទ្ធផលនេះមិនទាន់ច្បាស់ទេ ដោយមូលហេតុថា យើងទទួលមួយចំនួនតាមទូរស័ព្ទ មួយចំនួនទៀតតាមទូរសារ ហើយជាលិខិតស្នាមមែនទែនហ្នឹង ពុំទាន់បានមកដល់ទេ។ ហើយលទ្ធផលទី២ គឺលទ្ធផលបណ្ដោះអាសន្ន ដែលគេបិទនៅឯរាជធានីខេត្តហ្នឹងតែម្ដង ប្រសិនបើមានគ្រប់ថ្នាក់ទាំងអស់ លទ្ធផលផ្លូវការនឹងចេញនៅថ្ងៃទី២៩ ខែឧសភានេះ»។
លោក ទេព នីថា ក៏បានឲ្យដឹងដែរថា ដំណើរការនៃការបោះឆ្នោតនៅថ្ងៃ១៧ ឧសភានេះ ប្រព្រឹត្តទៅជាធម្មតាពុំមានហេតុការណ៍អ្វីកើតឡើងទេ។ ប៉ុន្តែ ក្នុងដំណើរការនៃការឃោសនារយៈពេល ១៥ថ្ងៃ មានបណ្តឹងចំនួន១៣ករណី បានកើតឡើង។
លោក ទេព នីថា មានប្រសាសន៍ដូច្នេះថា ៖ «ហើយក្នុងចំណោមបណ្ដឹង ១៣នេះ មានបណ្ដឹង ៤ ត្រូវបានដោះស្រាយហើយ។ ហើយទាក់ទងទៅនឹងបណ្ដឹងដែលប្ដឹងនេះ បណ្ដឹងមួយចំនួនទៀត គណៈកម្មការរាជធានីខេត្តបានធ្វើសវនាការហើយ។ ឧទាហរណ៍ទាក់ទងនឹងភ្នំពេញនេះ គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត គាត់បានធ្វើការបដិសេធដោយសំអាងលើមូលដ្ឋានច្បាប់មួយចំនួន ហើយបណ្ដឹងនេះបានប្ដឹងមកដល់ គ.ជ.ប. ហើយ។ ដោយឡែកបណ្ដឹងពីរទៀត ដែលទាក់ទងនឹងការជំទាស់អំពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមិនអនុញ្ញាតឲ្យបោះឆ្នោត ដោយសារតែមានការផ្លាស់ប្ដូរនៅក្រោយការផ្ដល់សុពលភាពហើយ នៅខាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោតហ្នឹង បានធ្វើលិខិតឆ្លើយតបវិញដោយសំអាងលើផ្លូវច្បាប់។ អ៊ីចឹងទេ បណ្ដឹងចំនួន៥ បានមកដល់ គ.ជ.ប. ហើយ គ.ជ.ប. កំពុងតែស្រាវជ្រាវ»។
លទ្ធផលបណ្តោះអាសន្នដែលវិទ្យុអាស៊ីសេរីទទួលបាននៅវេលាម៉ោង ៥និង៣០នាទី បង្ហាញថា គណបក្សសមរង្ស៊ីបានឈ្នះលំដាប់ទី២ ឯគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះលំដាប់ទី៣ និងគណបក្សនរោត្តម រណឫទ្ធិ លំដាប់ទី៤។ លទ្ធផលនេះបានបង្ហាញឲ្យឃើញផងដែរថា គណបក្សសមរង្ស៊ីត្រូវបាត់បង់អាសនៈមួយចំនួន ទោះបីជាគេពុំទាន់មានតួលេខទូទាំងប្រទេស តែគ្រាន់តែទីក្រុងភ្នំពេញ បង្ហាញថា គណបក្សនេះត្រូវបាត់បង់សំឡេងឆ្នោតប្រមាណ ៣៣សំឡេង។
គួរបញ្ជាក់ផងដែរថា ក្នុងការបោះឆ្នោតនេះ មានអវត្តមានអ្នកបោះឆ្នោតចំនួន៤នាក់ ដែលក្នុងនោះមានស្លាប់១នាក់ ឈឺមិនអាចទៅបោះឆ្នោតបាន ១នាក់ ចេញទៅបរទេស ១នាក់ និងម្នាក់ទៀត មិនព្រមទៅបោះឆ្នោតដោយមិនបញ្ជាក់ពីមូលហេតុ។
គ.ជ.ប. បានឲ្យដឹងថា នឹងផ្សព្វផ្សាយលទ្ធផលជាផ្លូវការជាបន្តបន្ទាប់ទៀត ក្រោយពេលបានទទួលការរាយការណ៍ពីតាមការិយាល័យបោះឆ្នោតទាំងអស់១៩៣ នៅទូទាំងប្រទេសរួចមក៕
ពលរដ្ឋជាង៩លាននាក់នឹងទៅបោះឆ្នោតរើសក្រុមប្រឹក្សាឃុំសង្កាត់
បក្សប្រឆាំងចោទថាការគំរាមកំហែងកម្រើកឡើងវិញមុនពេលបោះឆ្នោត
យុវជនចង់រួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍
សង្គ្រាមពាក្យសំដីរវាងលោក ហ៊ុន សែន និងមេបក្សប្រឆាំង
អ្នកសង្កេតការណ៍៖ មន្ត្រីឃុំសង្កាត់ធ្វើការបម្រើបក្សជាជាងបម្រើពលរដ្ឋ
ពលរដ្ឋត្រូវគេរើសអើងមិនឲ្យបោះឆ្នោតក្រោយពីបណ្ដេញចេញ
បក្សសមរង្ស៊ីបដិសេធព័ត៌មានថាសមាជិកខ្លួនជាង៦ពាន់នាក់ចុះចូលបក្សប្រជាជន
ពលរដ្ឋនិយាយអំពីអំណាចនិងតួនាទីរបស់មេឃុំ-ចៅសង្កាត់បច្ចុប្បន្ន
គណបក្សមិនកាន់អំណាចតវ៉ាថា ការប្រជុំរបស់ខ្លួនត្រូវរំខាន