សាលក្រមនេះ ប្រជាពលរដ្ឋចាញ់ក្តីបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ និងស៊ើបអង្កេតសំណុំរឿងក្តី ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់។
សកម្មភាពចុះអនុវត្តសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងភ្នំពេញ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ដឹកនាំដោយលោក ឯក ឆេងហួត ជាព្រះរាជអាជ្ញារង និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១២ ដែលមានលោក ហៃ គឹមថា ជាភាគីឈ្នះក្តី នាភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវផ្អាក និងប្រកាសលើកពេលអនុវត្តទៅថ្ងៃមុខ។
មូលហេតុនៃការផ្អាកសកម្មភាពអនុវត្តសាលក្រមរបស់មន្ត្រីពាក់ព័ន្ធលើទំនាស់ដីធ្លីទំហំ ១០០ម៉ែត្រគុណនឹង៨០ម៉ែត្រ នាមូលដ្ឋាននេះ ដោយសារតែសាលក្រមនោះមិនមានទំហំដីជាក់ស្តែង និងអនុវត្តប៉ះចំដីលំនៅឋានប្រជាពលរដ្ឋ១៦គ្រួសារ។
តំណាងពលរដ្ឋ១៦គ្រួសារ លោកស្រី យ៉ង រិន រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកស្រីបានអះអាងនៅកន្លែងកើតហេតុ ព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ថាប្រជាពលរដ្ឋមិនជំទាស់សាលក្រមតុលាការទេ ប៉ុន្តែស្នើឲ្យសកម្មភាពអនុវត្តសាលក្រម កុំឲ្យរំលោភ ឬប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋទាំង១៦គ្រួសារ ដែលកំពុងរស់នៅតំបន់នេះ។
លោកស្រីអះអាងថា ដីជាក់ស្ដែងដែលមាននៅក្នុងអំណាចសាលក្រមរបស់តុលាការមួយភាគធំបានក្លាយជាចំណីនៃការស្ដារ និងអភិវឌ្ឍអូរវែង របស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីជម្លៀសទឹកភ្លៀងមិនឲ្យលិចក្រុងកន្លងមក។
តំណាងពលរដ្ឋរូបនេះ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យ និងសើរើសំណុំរឿងក្តីជាថ្មី ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ឡើងវិញ។ ព្រោះថា ក្នុងចំណោមប្រជាពលរដ្ឋទាំង១៦គ្រួសារ មានពលរដ្ឋខ្លះបានមករស់នៅក្រោយឆ្នាំ១៩៧៩ និងខ្លះទៀតក្រោយឆ្នាំ១៩៨០ មកម្ល៉េះ ដោយទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ទោះជាបែបនេះក្តី លោក ហៃ គឹមថា ជាភាគីឈ្នះក្តី បានចោទប្រជាពលរដ្ឋចំនួន១៦គ្រួសារ ថាជាអ្នករំលោភយកដីទំហំ១០០ម៉ែត្រគុណនឹង៨០ម៉ែត្រ នាភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលរូបគាត់បានទិញនៅឆ្នាំ១៩៩០ ក្នុងតម្លៃជិត៧ដំឡឹងមាស។
ប្រតិកម្មតបមេធាវីភាគីឈ្នះក្តី នៅទីកន្លែងកើតហេតុ លោក សុខ សម្បត្តិ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ បានថ្លែងថា ទំហំដី១០០ម៉ែត្រគុណនឹង៨០ម៉ែត្រ ដែលមាននៅក្នុងសាលក្រមតុលាការ មិនបានប៉ះពាល់ដល់ដីលំនៅឋានប្រជាពលរដ្ឋចំនួន១៦គ្រួសារទេ ប៉ុន្តែដីមួយភាគធំ ដែលមាននៅក្នុងអំណាចសាលក្រម បានក្លាយជាចំណីនៃការអភិវឌ្ឍអូរវែង ទៅហើយ។
បន្ថែមលើនេះ អ្នករស់នៅជិតខាងផ្ទះប្រជាពលរដ្ឋរងគ្រោះទាំង១៦គ្រួសារ បានអះអាងថា បើការអនុវត្តសាលក្រមរបស់តុលាការប៉ះពាល់ដល់ដីប្រជាពលរដ្ឋកំពុងរស់នៅ គឺពួកគាត់មិនអាចទទួលយកបានទេ និងស្នើឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំជួយរកយុត្តិធម៌។
ទាក់ទងបញ្ហានេះ លោក ឆេង សុភ័ស្រ មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ (Licadho) បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយជូនប្រជាពលរដ្ឋ១៦គ្រួសារ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសអំពើហិង្សាណាមួយកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។