មន្ត្រីរូបនោះជាជំទប់ទី២ ឃុំលើកដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះលោក មាស ប៉េង។ ក្រោយការដោះលែង លោកបានថ្លែងនៅថ្ងៃទី១៣ ខែកញ្ញា ថា គាត់បានជាប់ពន្ធនាគារខេត្តកណ្ដាល ក្រោមបទចោទថា បានញុះញង់អ្នកភូមិព្រែកត្រែង ឲ្យបង្កអំពើហិង្សាលើអ្នកកាន់កាប់ដីមួយរូប នៅឃុំសំរោងធំ ស្ថិតក្នុងស្រុកជាមួយគ្នា។
លោកថា អ្នកភូមិព្រែកត្រែង១១៤គ្រួសារអះអាងថា ជនមានឋានៈមួយរូប បានរំលោភដីពួកគាត់ទំហំជាង៤៦ហិកតារ ដែលរដ្ឋាភិបាលបានឲ្យគាត់ទៅរស់នៅលើដីនោះ ក្រោយពីសមាហរណកម្មអំឡុងឆ្នាំ១៩៩០ មក។
លោក មាស ប៉េង បន្តថា គាត់មានតួនាទីជាអនុប្រធានសមាគមក្រុមប្រឹក្សាស្រុកកៀនស្វាយ ដែលរដ្ឋាភិបាលជ្រើសរើស ប៉ុន្តែ គាត់ទៅឃ្លាំមើលសកម្មភាពតវ៉ារបស់អ្នកភូមិ នៅឃុំសំរោងធំ នោះ បែរជាគាត់ត្រូវរងនូវការចោទពីតុលាការខេត្តកណ្ដាល ហើយចាប់គាត់ឃុំ៣ខែ គឺចាប់ពីថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ទើបតែដោះលែងមកវិញ។
លោក មាស ប៉េង៖ «តុលាការអត់បានបង្ហាញភស្តុតាងថា រកឃើញកំហុស ឬអត់កំហុសទេ។ ខ្ញុំចង់ឲ្យតុលាការបង្ហាញភស្តុតាងថា បើខ្ញុំទៅផ្ដួចផ្ដើមគំនិត ឬមួយខ្ញុំញុះញង់ សុំឲ្យយកភស្តុតាងឲ្យខ្ញុំ ឲ្យប្រជាពលរដ្ឋណាមកឆ្លើយដាក់ថា ខ្ញុំទៅញុះញង់គាត់ឲ្យធ្វើអំពើហិង្សា។ ខ្ញុំឆ្លើយអ៊ីចឹងរួច អត់ឃើញផ្ដល់ព័ត៌មាន ឬឯកសារ ឬសាក្សីណាឲ្យខ្ញុំបានដឹងផងហ្នឹង ស្រាប់បាត់ឈឹងទៅ ស្រាប់តែដោះលែងខ្ញុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ»។
ក្រុមប្រឹក្សាស្រុកកៀនស្វាយ គណបក្ស សម រង្ស៊ី លោក ជា ចន ថ្លែងថា ការចាប់ឃុំ និងបង្ករឿងមិនឈប់ឈរមកលើគណបក្សប្រឆាំង បានធ្វើឲ្យមនុស្សជាច្រើន បោះឆ្នោតគាំទ្រគណបក្សប្រឆាំងនៅឃុំសំរោងធំ និងឃុំលើកដែក ស្រុកកៀនស្វាយ ឆ្នាំ២០១២ ដណ្ដើមកៅអីពីគណបក្សប្រជាជនកម្ពុជា បានចំនួន២កៅអី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។