ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ លោក ចុក ងួន ឲ្យដឹងនាថ្ងៃទី៦ មិថុនា ថា ប្រជាពលរដ្ឋដែលចៅក្រមចេញដីកាសម្រេចឲ្យនៅក្រៅឃុំនោះ ក្រោមមូលហេតុថា អ្នកទាំងនោះ ពុំបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។ បទល្មើសដែលប្រជាពលរដ្ឋទាំង ៥នាក់នោះបានធ្វើ ដោយសារការបង្ខិតបង្ខំ និងគំរាមកំហែងពីក្រុម លោក ប៊ុន រដ្ឋា ឲ្យចូលជាសមាជិកសមាគម រដ្ឋា សាមគ្គី របស់ពួកគេ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំង ៥នាក់នោះ មិនមែនជាមេខ្លោងដឹកនាំឲ្យមានកុប្បកម្មខុសច្បាប់នោះទេ។ រីឯប្រជាពលរដ្ឋដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ ឈ្មោះ ហង្ស ផល សារឿន រ៉ុំ ពុំ វណ្ណៈ ហៅ កប ហេង ធឿន និង ម៉ៅ វាសនា ហៅស្នា។
ចំណែកប្រជាពលរដ្ឋ ៣នាក់ ដែលកំពុងស្ថិតនៅក្នុងឃុំនោះ រងការចោទថា បានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ព្រោះអ្នកទាំងនោះបានចូលរួមប្រព្រឹត្តបទល្មើសជាមួយក្រុម លោក ប៊ុន រដ្ឋា ជាច្រើនលើក។ ម្យ៉ាងទៀត លោក ចុក ងួន មានប្រសាសន៍ថា អ្នកទាំង ៣នាក់ នោះ អ្នកខ្លះរងការចោទថា ប្រព្រឹត្តបទល្មើស ៣ បទល្មើស អ្នកខ្លះទៀតរងការចោទរហូតដល់ ៧ បទល្មើសឯណោះ។
បទល្មើសដែលចៅក្រមចោទប្រជាពលរដ្ឋទាំង ៣នាក់ នោះ មានដូចជា ឆបោក ធ្វើកុប្បកម្មប្រឆាំងអ្នកសាធារណៈជាដើម។
ទាក់ទិននឹងការចោទប្រកាន់ប្រជាពលរដ្ឋទាំង ៨នាក់ នេះដែរ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានផ្ដល់មេធាវីដើម្បីការពារប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែមេធាវីរបស់សមាគមសិទ្ធិមនុស្ស អាដហុក ពុំបានទទួលព័ត៌មានស្ដីពីការដោះលែងប្រជាពលរដ្ឋទាំង ៥នាក់ នោះទេ។ អនុប្រធានផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត សំដែងការងឿងឆ្ងល់ថា មូលហេតុអ្វីទើបមេធាវីរបស់សមាគម អាដហុក មិនត្រូវបានទទួលព័ត៌មានពីកូនក្ដីរបស់ខ្លួន ត្រូវចៅក្រមដាក់ឲ្យនៅក្រៅឃុំ។ លោកមានប្រសាសន៍បន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋទាំង ៥នាក់ ដែលចៅក្រមសម្រេចដាក់ឲ្យក្រៅឃុំនោះ មិនដឹងជាទៅដល់ទីហើយទេ ហើយពួកគាត់កំពុង ស្ថិតក្នុងស្ថានភាពបែបណា យើងពុំទាន់បានដឹងនៅឡើយ។
ប្រជាពលរដ្ឋទាំង ៨នាក់ ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបក្រុម លោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលចោទថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍ នាភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។