លោក ជា ស៊ីម និយាយ​ពី​ការ​ចូល​រួម​របស់​ពលរដ្ឋ​ខ្មែរ​លើ​បញ្ហា​ព្រំដែន

ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​ថ្កោលទោស​​ប្រទេស​​​ថៃ និង​បាន​​ចូលរួម​​គាំទ្រ​​សមរភូមិ​​ជួរ​មុខ​ប្រឆាំង​ការ​ចូល​រំលោភ​ឈ្លាន​ទឹកដី​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ ជាមួយ​រដ្ឋាភិបាល​ឲ្យ​ទទួល​បាន​ជោគជ័យ។

0:00 / 0:00

ថ្លែង​ក្នុង​សន្និបាត​លើក​ទី​៣៦ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ផង​នោះ បាន​រំឭក​អំពី​ការ​​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា។

លោក ជា ស៊ីម ក៏​បាន​ពោល​អះអាង​ថា ជម្លោះ​ព្រំដែន​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មិន​មែន​មាន​តែ​រដ្ឋាភិបាល​​​កម្ពុជា​ទេ បាន​យក​ចិត្ត​ទុក​ដាក់​ជម្លោះ​នេះ ប៉ុន្តែ​ក៏​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចេញ​មុខ​ថ្កោល​ទោស​ទង្វើ​ឈ្លានពាន​របស់​កងទ័ព​ថៃ មក​លើ​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ផង​ដែរ។

ទាក់​ទង​ជម្លោះ​ព្រំដែន​នេះ​ដែរ គណបក្ស នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ទាំង​ស្រុង​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​បាន​គោរព​ទាំង​ស្រុង​នូវ​សេចក្ដី​សម្រេច​របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ។

លោក ប៉ែន សង្ហា មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​ជំហរ​របស់​បក្ស​ខ្លួន​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ លើ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា បន្ថែម​ដូច្នេះ ៖ «យើង​គាំទ្រ​លើ​ពីរ​ចំណុច។ ទី​១ យើង​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល និង​ទី​២ យើង​គាំទ្រ​និង​អបអរ​សាទរ​ចំពោះ​លទ្ធផល​ដែល​យើង​សម្រេច​បាន​ជាមួយ​នឹង​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដោយ​យើង​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​យើង​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន»

សេចក្ដី​សម្រេច​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា បង្ហាញ​ពី​ជំហរ​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​លើ​វិធាន​បណ្ដោះអាសន្ន​ដែល​បាន​សម្រេច​ឲ្យ​កម្ពុជា និង​ថៃ ដក​កង​ទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​អង្គារ ទី​១៩ ខែ​កក្កដា របស់​បណ្ដាញ​ប្រជាជន​កម្ពុជា ដើម្បី​សន្តិភាព ដែល​មាន​សមាជិក​អង្គការ-​សមាគម​មិន​មែន​រដ្ឋាភិបាល និង​សហជីព​នៅ​កម្ពុជា ចំនួន ១៤៩​ស្ថាប័ន ក៏​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​សេចក្ដី​សម្រេច​របស់​​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​ចាត់​ទុក​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត។

លោក ថៅ វាសនា ប្រធាន​សម្ព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ស្ថិត​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ទាំង ១៤៩ ក្រៅ​ពី​ថ្លែង​សាទរ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក​ក៏​ចង់​ឃើញ​តំបន់​ប្រាសាទ​ព្រះវិហារ មាន​សន្តិភាព​មាន​ការ​អភិរក្ស និង​មាន​ការ​អភិវឌ្ឍ​ផង​ដែរ។

បន្ថែម​លើ​នេះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​វិធានការ​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹង​ការ​បកស្រាយ​សាលក្រម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ លើ​ករណី​​ប្រាសាទ​ព្រះវិហារ​នេះ​ដែរ។

​​​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​មាន​ជំនឿ​ថា វិធានការ​បណ្ដោះអាសន្ន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ លើ​ករណី​ប្រាសាទ​ព្រះវិហារ នឹង​អាច​ធានា​​បញ្ចប់​ការ​បង្ហូរ​ឈាម និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ព្រំដែន​​ប្រទេស​​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត។

ទោះ​យ៉ាង​ណា សេចក្ដី​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ក៏​បាន​ផ្ដល់​ឲ្យ​អាស៊ាន​បង្ហាញ​ពី​តម្លៃ​របស់​ខ្លួន​ក្នុង​ការ​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោះស្រាយ​ចប់​ឲ្យ​បាន​ឆាប់​ផង​ដែរ៕